វគ្គ​បង្កើត​គំនិត​អាជីវកម្ម ​ក្នុង​រយៈពេល​ ៥៤​ម៉ោង​ ដល់​ស្ត្រី​ បាន​លើកកម្ពស់​ស្ត្រី ​ក្នុងតួនាទី​ពាណិជ្ជកម្ម

វគ្គ​បង្កើត​គំនិត​អាជីវកម្ម ​ក្នុង​រយៈពេល​ ៥៤​ម៉ោង​ ដល់​ស្ត្រី​ បាន​លើកកម្ពស់​ស្ត្រី ​ក្នុងតួនាទី​ពាណិជ្ជកម្ម



ភ្នំពេញ ៖ វគ្គ​បង្កើត​គំនិត​អាជីវកម្ម​ ក្នុង​រយៈពេល​ ៥៣​ម៉ោង​ ដល់​ស្ត្រី (Startup Weekend) មាន​រយៈពេល​៣​ថ្ងៃ ចាប់ពីថ្ងៃ២៧ ដល់ថ្ងៃ២៩ ខែឧសភា រៀបចំឡើង​ដោយ Startup និង Cell Card គឺជា​វគ្គ​រៀបចំឡើង​ជាពិសេស សម្រាប់​ស្ត្រី​ខ្មែរ​យើង​នោះ បាន​ប្រព្រឹត្តទៅ នៅ​សាល​សហ​កិច្ចការ Emerald Hub ជាន់​ទី​១១ អគារ PPIU ផ្លូវ​លេខ​១៦៩ ពី​ម៉ោង​៨​ព្រឹក​-៥​ល្ងាច​កាលពី​ថ្មីៗ​កន្លងទៅនេះ។​

​ ​កម្មវិធី​នេះ​ផ្តោត​គោលដៅ​ចំពោះ​សហគ្រិន​ជាច្រើន​ទៀត ដែល​ប្រាថ្នា​ស្វែងយល់​ពី​វគ្គ​នេះ ដើម្បីបង្កើន​ទំនាក់ទំនង​ក្នុង​សហគមន៍ និង​បង្កើត​ឥទ្ធិពល​ដោយ​គំនិត​របស់​ពួកគាត់​។ ការរៀបចំ​កម្មវិធី​សម្រាប់​ស្ត្រី​នេះ អនុវត្តតាម​គំរូ Startup Weekend ទាំងអស់ ដែល​សិក្ខាកាម​ត្រូវបាន​ផ្តល់​រយៈពេល​១​នាទី ដើម្បី​បញ្ចេញ​គំនិត​ប្រកួតប្រជែង​ របស់ខ្លួន​ទៅលើ​ផលិតផល និង​សេវាកម្ម​។ គំនិត​នានា​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ត្រឡប់​ ពី​សិក្ខាកាម​ដទៃទៀត និង​ពី​ក្រុម​ផ្សេង និង​ត្រូវ​រៀបចំ​ចាត់បញ្ចូល​ជា​គំនិត​សំខាន់ៗ​លំដាប់​កំពូល ដែល​ត្រូវ​បានកំណត់​តាមរយៈ​ការ បោះឆ្នោត​គាំទ្រ​ប្រជាប្រិយភាព​។​

សិក្ខាកាម​ត្រូវបាន​ផ្តល់​រយៈពេល ២៤​ម៉ោង​ ដើម្បី​នាំយក​គំនិត​របស់ខ្លួន​ ទៅ​អនុវត្ត​ជាក់ស្តែង ដែល​បង្ហាញជូន​ក្នុង​វេទិកា ដែល​ក្នុងនោះ​រួមមាន​ការបង្កើត​ថ្មី ការ​រចនា និង​ប្រពល​ភាព​ទីផ្សារ​។ Startup Weekend រួមបញ្ចូល​នូវ​ការធ្វើ​បទ​បង្ហាញ ​នៅមុន​ពេលដែល​គណៈកម្មកា​រ​ធ្វើការ​វាយតម្លៃ និង​សម្រេច​ផ្តល់​រង្វាន់​ ចំពោះ​គំនិត​ដែល​ល្អ​ដាច់​គេ​។ ក្រៅពី​ឱកាស​បង្កើន​បណ្តាញ​ការងារ និង​លើកទឹកចិត្ត​ខ្លួន អ្នកចូលរួម​ក៏​នឹង​ទទួលបាន​ការណែនាំ និង​ការបណ្តុះបណ្តាល​ដោយ​អ្នកជំនាញ​ មានបទពិសោធន៍​នៅក្នុង​ព្រឹត្តិការណ៍​នេះ​ផងដែរ​។

​​លោក ​អៀន វ៉ាត​សុន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត បាន​ឲ្យ​ដឹងថា “​វា​ជា​គំនិត​ដ៏​ល្អ​មួយ ​ដែល​យើង​មានកម្ម​វិធី Startup Weekend ដែលត្រូវបាន​រៀបចំ​ឡើង ជា​ពិសេស​សម្រាប់​ស្ត្រី​។ ជា​សាកល​ មាន​ស្ត្រី​កាន់តែ​ច្រើនឡើងៗ ​ត្រូវបាន​ទទួលស្គាល់​លើ​សមត្ថភាព​ ទេពកោសល្យ​ របស់ខ្លួន​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​ការច្នៃប្រឌិត​។ ក្រុមហ៊ុន​ធំៗ​ដូចជា IBM, Facebook, Yahoo, Hewlett Packard គឺជា​ឧទាហរណ៍​ស្រាប់​ ដែល​នៅ​ទីនោះ​មាន​ស្ត្រី​ភាគច្រើន​ កំពុងកាន់​មុខតំណែង​ធំៗ​ជា​ថ្នាក់​ដឹក​​នាំ​។ ស្ត្រី​ជាទូទៅ​មិនសូវ​បាន​ដើរតួនាទី​សំខាន់​ក្នុងសង្គម​ទេ ប៉ុន្តែ​ពួកគាត់​មាន​សក្តានុពល​ខ្លាំង​ ក្នុងតួនាទី​ពាណិជ្ជកម្ម និង​ការច្នៃប្រឌិត​។ ការរៀបចំ​កម្មវិធី Start Up Weekend សម្រាប់​ស្ត្រី មានបំណង​ដើម្បី​លើកកម្ពស់​ស្ត្រី​កម្ពុជា ​ដោយ​ផ្តល់ជូន​ពួកគាត់​នូវ​ទីតាំង​ជាក់លាក់​មួយ​ផ្ទាល់ ដើម្បី​លើកទឹកចិត្ត ចែករំលែក និង​ផ្លាស់ប្តូរ​ចំណេះដឹង​ បង្ហាញ​ពី​គំនិត​ផ្សេងៗ​ក្នុង​បរិយាកាស​នៃ​កម្មវិធី Startup ហើយ​សែ​ល​កាត​នៅតែ​បន្ត​ឧបត្ថម្ភ​គាំទ្រ​ ពេញទំហឹង​ចំពោះ​គំនិត​ផ្ដួចផ្ដើម​នេះ”។

លោក​បាន​ថ្លែង​បន្តទៀតថា “​យើង​ជឿថា​ភាព​ប៉ិនប្រសប់​របស់​ខ្មែរ ​ប្រុស​ស្រី​គឺមាន​ដូចគ្នា​។ ក្នុងនាម​ជា​ក្រុមហ៊ុន​ខ្មែរ​មួយ យើង​គាំទ្រ​គំនិត​ផ្តួចផ្តើម​បែបនេះ ដែល​ផ្តល់ជូន​បុគ្គល​ខ្មែរ​មាន​ទេពកោសល្យ​ម្នាក់ៗ​ នូវ​ឱកាស​ដើម្បី​អភិវឌ្ឍ ខ្លួនឯង​តាមរយៈ​ការណែនាំ និង​កិច្ចសហប្រតិបត្តិការ​ជា​ដៃគូ ។ ខ្មែរ​ទាំងអស់​អាចធ្វើ​បាន ” ៕

វគ្គ​បង្កើត​គំនិត​អាជីវកម្ម ​ក្នុង​រយៈពេល​ ៥៤​ម៉ោង​ ដល់​ស្ត្រី​ បាន​លើកកម្ពស់​ស្ត្រី ​ក្នុងតួនាទី​ពាណិជ្ជកម្ម