ដំណាំ​កៅស៊ូ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦ បង្កើន​ដល់​១៤៨,៧០​តោន ខណៈ​ដែល​ផ្ទៃដី​ដាំ​កៅស៊ូ និង​ការ​នាំ​ចេ​ញ​កើនឡើង​

ដំណាំ​កៅស៊ូ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦ បង្កើន​ដល់​១៤៨,៧០​តោន ខណៈ​ដែល​ផ្ទៃដី​ដាំ​កៅស៊ូ និង​ការ​នាំ​ចេ​ញ​កើនឡើង​



ភ្នំពេញ ​៖ យោង​តាម​របាយការណ៍​បូកសរុប​ ការងារ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រចាំឆ្នាំ​២០១​៥-២០១៦ និង​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៦-២០១៧ បាន​បង្ហាញថា ផ្ទៃដី​កៅស៊ូ​កម្ពុជា កើន​ឡើ​ង​ចំនួន ៣១.១៤៦​ហិកតា ក្នុង​ឆ្នាំ​២០១៥ និង​ការនាំចេញ​កៅស៊ូ​ទៅ​ក្រៅ​កើនឡើង​ចំនួន ២៧.៨៩៦​តោន ក្នុង​នោះ​កៅស៊ូ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦ នឹង​បង្កើន​ដល់ ១៤៨,៧០​តោន ក្នុង​កំណើន ៧,២១%/​ឆ្នាំ ។

នៅក្នុង​របាយការណ៍​ដដែល​នោះ​បាន​លើក​ឡើង​ថា នៅក្នុង​ផ្ទៃដី​កៅស៊ូ​កម្ពុជា​សរុប​មាន​ចំនួន ​៣៨៨.​៩៥៥​ហិកតា បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៤​ មាន​ចំនួន ៣៥៧.៨០៩​ហិកតា កើន​ឡើង​ចំនួន ៣១.១៤៦​ហិកតា ស្មើ ៨,៧០%។ ផ្ទៃ​ដី​កៅស៊ូ​ទាំងនេះ ត្រូវ​បាន​បែងចែក​ជា​០២​ផ្នែក​គឺ ៖ ផ្ទៃដី​ក្រុមហ៊ុន​កៅស៊ូ​ក​សិ​ឧស្សាហកម្ម (​អតីត​ចម្ការកៅស៊ូ​រដ្ឋ ផ្ទៃដី​វិទ្យាស្ថាន​ស្រាវជ្រាវ​កៅស៊ូ​កម្ពុជា និង​ផ្ទៃដី​ក្រុមហ៊ុន​សម្ប​ទាន​ដី​សេដ្ឋកិច្ច​) សរុប​មាន​ចំនួន ២៣៩.១០២​ហិកតា ស្មើនឹង​៦១,៤៧% ​នៃ​ផ្ទៃដី​កៅស៊ូ​សរុប ផ្ទៃដី​កៅស៊ូ​គ្រួសារ​មាន​ចំនួន ១៤៩.៨៥​ហិកតា ស្មើនឹង ៣៨,៥៣%​នៃ​ផ្ទៃដី​កៅស៊ូ​សរុប។

​នៅ​ឆ្នាំ​២០១៥ ផ្ទៃដី​កៅស៊ូ​ចៀរ​អនុវត្ត​បាន​ចំនួន ១១១.២៣២​ហិកតា ធៀប​នឹង​ផ្ទៃដី​កៅស៊ូ​ចៀរ​ឆ្នាំ​២០១៤ មាន​ចំនួន ៩០.៥៤៥​ហិកតា កើន​ចំនួន ២០.៦៨៧​ហិកតា ស្មើនឹង​២២,៨៤%។ ផលិតផល​កៅស៊ូ​សម្រេច​បាន​ចំនួន ១២៦.៨៦១​តោន ធៀប​នឹង​ឆ្នាំ​២០១៤ ចំនួន ៩៧.០៥៤​តោន កើនឡើង​ចំនួន ២៩.៨០៧​តោន ស្មើនឹង​៣០,៧១%។ ទិន្នផល​ជា​មធ្យម​មាន​ចំនួន ១.១៤១​គ​.​ក្រ​./​ហ​.​ត​. ធៀប​នឹង​ឆ្នាំ​២០១៤ ដែល​មាន​ចំនួន ១.០៧២​គ​.​ក្រ​/​ហ​.​ត​. កើនឡើង ៦៩​គ​.​ក្រ​/​ហ​.​ត ស្មើនឹង ៦,៤៤%។

ដោយឡែក​ការ​នាំចេញ​កៅស៊ូ​ឆ្នាំ​២០១៥ សម្រេច​បាន​ចំនួន ​១២៨.០៤៧​តោន ស្មើនឹង​ប្រាក់​ជាង​ ១៥​៤​លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ដែល​ការនាំចេញ​មាន​ចំនួន ​១០០.១៥១​តោន កើន​ឡើ​ង​ចំនួន ២៧.៨៩៦​តោន ស្មើនឹង​២៧,៨៥%។

ស្ថានភាព​តម្លៃ​កៅស៊ូ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ បាន​បន្ត​ធ្លា​ក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​ឆ្នាំ​២០១៥ ដែល​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​៧​ឆ្នាំ​កន្លង​មក​នេះ ពិសេស​តម្លៃ​កៅស៊ូ នាំចេញ​កម្ពុជា​ជា​មធ្យម​នៅ​សល់​តែ ១.២០៣​ដុល្លារ​អាមេរិក​ក្នុង​មួយ​តោន បើ​ធៀប​នឹង​ឆ្នាំ​២០១៤​ដែ​ល​តម្លៃ​មធ្យម ១.៥៣៩​ដុល្លារ​អាមេរិក​ក្នុង​មួយ​តោន ថយ​ចុះ​៣៣៦​ដុល្លារ​អាមេរិក​ក្នុង​មួយ​តោន ស្មើ​នឹង ២១,៨៣%។ កត្តា​នេះ​បាន​ធ្វើឲ្យ​ផល​ចំណូល​សរុប​ថយ​ចុះ​ផង​ដែរ ទោះ​បរិមាណ​នាំចេញ​កើន​លើស​ឆ្នាំ​២០១៤ ក៏ដោយ។

​ទោះបីជា​ថ្លៃ​កៅស៊ូ​មានការ​ចុះ​យ៉ាង​ខ្លាំង និង​មាន​កត្តា​អវិជ្ជមាន​មួយចំនួន ដែល​បាន​ជួបប្រទះ​កន្លង​មក​ពិតមែន តែ​ជា​រួម​លទ្ធផល​បានសម្រេច​ទៅតាម​គោលដៅ​ដែល​គ្រោងទុក។ ទាំង​អស់​នេះ គឺ​កើត​ឡើង​ដោយ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​កសិឧស្សាហកម្ម ដៃគូ​អភិវឌ្ឍន៍​នានា និង​ការចូលរួម​យ៉ាងសកម្ម​ ពី​កសិករ​កៅស៊ូ​គ្រួសារ​ផង​ដែរ។ ទោះបីជា​យ៉ាងនេះ​ក្តី​ការ​បង្កើន​លទ្ធភាព និង​សមត្ថភាព​ក្នុង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​កៅស៊ូ​ ត្រូវតែ​យកចិត្តទុកដាក់ និង​ត្រូវ​ជំរុញ​បន្ថែម​ទៀត ដើម្បី​រួមចំណែក​ដោយ​ជោគជ័យ​ ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ ដំណាក់​កា​ល​ទី​៣​របស់​រាជរដ្ឋាភិបាល។

ក្រសួងកសិកម្ម​ជំរុញ​ផលិតកម្ម និង​បង្កើន​ផ្ទៃដី​ដំណាំ​កៅស៊ូ​នៅ​ឆ្នាំ​២០​១​៦ ក្នុង​កំណើន​ប្រមាណ ២,៨២% ធៀប​នឹង​ឆ្នាំ​២០១៥ ដោយ​ត្រូវ​សម្រេច​ឲ្យ​បាន​លើ​ផ្ទៃដី ៣៩៩​ពាន់​ហិកតា ទោះបីជា​កត្តា​តម្លៃ​កៅស៊ូ​ដែល​នៅ​បន្ត​ធ្លាក់ចុះ ដែល​ធ្វើ​ឲ្យ​វិនិយោគិន​ផ្នែក​នេះ​រុញរា​ក្នុង​ការ​ដាំ​ដំណាំ​នេះ។ ផលិតផល​កៅស៊ូ​ស្ងួត​នៅក្នុង​ឆ្នាំ​២០១៦ នឹង​ត្រូវ​បង្កើន​ដល់​១៤៨,៧០​ពាន់​តោ ក្នុង​កំ​ណើន ៧,២១%/​ឆ្នាំ បង្កើន​ការនាំចេញ​កៅស៊ូ​ឲ្យ​បាន ១៤១​ពាន់​តោន​នៅ​ឆ្នាំ​២០១៦៕