សមត្ថកិច្ច​ ចុះ​បង្ក្រាប​ភោជនីយដ្ឋាន​ចិន​មួយ​កន្លែង ​បង្កប់​លក់​សត្វព្រៃ​ ក្នុង​ក្រុង​សៀមរាប​

សមត្ថកិច្ច​ ចុះ​បង្ក្រាប​ភោជនីយដ្ឋាន​ចិន​មួយ​កន្លែង ​បង្កប់​លក់​សត្វព្រៃ​ ក្នុង​ក្រុង​សៀមរាប​



សៀមរាប​ ៖ ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ​ក្រោម​ការដឹកនាំ​ផ្ទាល់​ពី​ លោក​ ថេ​ង សំណាង ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ បាន​ធ្វើ​ការ​ចុះទៅ​បង្ក្រាប​ទីតាំង​ ភោជនីយដ្ឋាន​របស់​ជនជាតិ​ចិន ​ដែល​មាន​យីហោ​ “​អ៊ិល អ៊ិល អាយ អិន ស៊ីហ្វូ​ត​” មួយ​កន្លែង​ក្នុង​ក្រុង​សៀមរាប​ ដោយ​បាន​ដកហូត​សត្វព្រៃ​យក​ទៅ​ប្រលែង​ នៅ​អង្គការ​អភិរក្ស​មជ្ឈមណ្ឌល​ចម្រុះ​អង្គរ ACCB ភ្នំ​ក្បាលស្ពាន​។ ហេតុការណ៍​ចុះ​បង្ក្រាប​នេះ​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃទី​២៩​ ខែឧសភា ឆ្នាំ​២០១៦​ ក្នុង​ភូមិ​សាលា​កន្សែង​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។​

លោក​ ម៉ុង ប៊ុន​លីម នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​បាន​ឲ្យ​ដឹង​ថា​ ការ​ចុះ​បង្ក្រាប​នេះ​គឺ​មាន​កា​រ​ដឹកនាំ​ដោយ​ លោក ថេ​ង សំណាង ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ បាន​ចុះ​បង្ក្រាប​ និង​ឈាន​ដល់​ការ​រឹបអូស ​យក​សត្វ​ពស់ព្រៃ​២​ក្បាល ​មាន​ទម្ងន់​៤​គីឡូក្រាម ​និង​អណ្ដើក​ព្រិច​ចំនួន​៧​ក្បាល ​ស្មើ​នឹង​៨​គីឡូក្រាម​។ លោក​បន្ត​ថា ​​ចំពោះ​ទីតាំង​ខាង​លើ​នេះ ​សមត្ថកិច្ច​មិនបាន​បិទ​នោះ​ទេ ដោយ​ធ្វើ​កិច្ចសន្យា​ផាកពិន័យ ​និង​បញ្ឈប់​នូវ​ការ​ជួញដូរ​។​

​លោក​បន្ថែម​ថា​ សត្វព្រៃ​ដែល​បង្ក្រាប​បាន ​សមត្ថកិច្ច​បានសម្រេច​ដឹក​យក​ប្រគល់​ឲ្យ​ អង្គការ​អភិរក្ស​មជ្ឈមណ្ឌល​ចម្រុះ​អង្គរ ACCB​ នៅ​ចំណុច​ភ្នំ​ក្បាលស្ពាន​ ភូមិ​ឃុន​រាម​ ឃុំ​ឃុន​រាម​ ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប​។​ លោក​បញ្ជាក់​ថា ចំពោះ​ករណី​បទ​ល្មើស​ជួញដូរ​សត្វព្រៃ​នេះ​ដែរ ​លោក​នឹង​បន្ត​តាមដាន​បង្ក្រាប​បន្ត​ទៀត ប្រសិនបើ​មាន​បទល្មើស​ជាក់ស្តែង​ ដឹក​ចូល​ហាង​លក់ដូរ​ទាំងនោះ​។

​លោក​បញ្ជាក់​ទៀត​ថា អ្នក​ជួញដូរ​សត្វព្រៃ​គឺ​ត្រូវ​មានទោស ចឹង​ទេ​សូម​បងប្អូន​បញ្ឈប់​ការ​ជួញដូរ​ទៅ​៕​

សមត្ថកិច្ច​ ចុះ​បង្ក្រាប​ភោជនីយដ្ឋាន​ចិន​មួយ​កន្លែង ​បង្កប់​លក់​សត្វព្រៃ​ ក្នុង​ក្រុង​សៀមរាប​