អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ប្រមូល​គ្នា​កាន់​តែ​ច្រើន​ឡើង​បន្ទាប់​ពី​សភា​ឲ្យ​តុលាការ​ចាត់ការ​លោក កឹម សុខា

ពលរដ្ឋ​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ មក​ប្រមូល​ផ្ដុំ​គ្នា​កាន់​តែ​ច្រើន​ឡើងៗ នៅ​មុខ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្រ្គោះជាតិ ខណៈ​ដែល​រដ្ឋសភា​ទើប​សម្រេច​ឲ្យ​សមត្ថកិច្ច​ចាត់​ការ​លើ​ប្រធាន​ស្ដីទី​បក្ស​ប្រឆំាង​លោក កឹម សុខា។

រហូត​ដល់​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃ​ទី​៣០ ឧសភា ពលរដ្ឋ​ដែល​ជា​សកម្មជន​គាំទ្រ​បក្ស​នេះ ប្រមាណ​៣ពាន់​នាក់ មក​ជួបជុំ​គ្នា​នៅ​មុខ​ទីស្នាក់ការ និង​តាម​សងខាង​ផ្លូវ​ជាតិ​លេខ២ ដោយ​សកម្មជន​ខ្លះ​យក​ស្នាម​មេដៃ ដែល​ខ្លួន​ប្រមូល​ពី​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ដើម្បី​នឹង​ដង្ហែ​ថ្វាយ​ព្រះមហាក្សត្រ នៅ​រសៀល​ម៉ោង​២ ថ្ងៃ​នេះ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស និង​មន្ត្រី​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់ពន្ធនាគារ រួម​នឹង​ប្រឆាំង​ចំពោះ​ការ​ចាប់​ខ្លួន​លោក កឹម សុខា ផង​ដែរ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែង​នៅ​ចំពោះ​មុខ​សកម្មជន​របស់​ខ្លួន​នា​ទីស្នាក់ការ​កណ្ដាល​នៅ​ព្រឹក​នេះ​ថា គណបក្ស​នឹង​ធ្វើ​សន្និសីទ​កាសែត នៅ​ម៉ោង​ប្រមាណ​១១​ព្រឹក ហើយ​នឹង​ហែ​នាំ​យក​ដែល​មាន​ស្នាម​មេដៃ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ នៅ​រសៀល​ម៉ោង​២។

នៅ​ព្រឹក​នេះ សមាជិក​រដ្ឋសភា​បក្ស​ប្រជាជន​កម្ពុជា៦៨​រូប បោះឆ្នោត​លើក​ដៃ​សម្រេច​ជា​ឯកច្ឆន្ទ​ឲ្យ​សមត្ថកិច្ច​ចាត់​ការ​លើ​លោក កឹម សុខា តាម​ការ​បង្គាប់​ឲ្យ​ចាប់​ខ្លួន​របស់​តុលាការ​ក្រុង​ភ្នំពេញ ដែល​ចាត់​ទុក​ជា​បទល្មើស​ជាក់ស្ដែង ក្រោយ​ពី​លោក កឹម សុខា មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ​ចំនួន​ពីរ​លើក។

លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​ដេញ​ប្រមាញ់​តាម​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា។ ចាប់​ពី​ពេល​នោះ​មក លោក កឹម សុខា មិន​បាន​ចេញ​ពី​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ហើយ​គណបក្ស​នេះ​បាន​ព្រមាន​ធ្វើ​មហា​បាតុកម្ម​អហិង្សា បើ​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។