​លោក ប៉ុល ហំ​ម ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ចិន​លើ​វិស័យ​បរិស្ថាន​

​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក ដឹកនាំ​ដោយ លោក ប៉ុល ហំ​ម តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​តាកែវ ថ្មីៗ​នេះ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈកម្មការ​ការពា​រ​បរិស្ថាន​និង​ធនធានទឹក​នៃ​សភា​ប្រជាជន​ចិន​។ ការពិភាក្សា​ការងារ​រវាង​គណៈកម្មកា​រ​ជំនាញ​នៃ​រដ្ឋសភា​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន ត្រូវគេ​សង្កេតឃើញថា​ផ្តោត​សំខាន់​លើ​ច្បាប់បរិស្ថាន និង​តាមដាន​ការអនុវត្ត​ច្បាប់បរិស្ថាន​។​

លោក ប៉ុល ហំ​ម ក្នុងនាម​ប្រធាន​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​កម្ពុជា បាន​ជម្រាបជូន​គណៈប្រតិភូ​ចិន​ពី​ភារកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​គណៈកម្មការ​បរិស្ថាន​របស់​រដ្ឋសភា​កម្ពុជា​។ លោក ប៉ុល ហំ​ម បាន​ពន្យល់ថា ភារកិច្ច​របស់​គណៈកម្មកា​រ​រដ្ឋសភា​កម្ពុជា និង​ចិន ដូចជា​មិន​ខុសគ្នា​ប៉ុន្មាន​នោះទេ នៅត្រង់​ការពិនិត្យ សិក្សា​សេចក្តីព្រាងច្បាប់ និង​ការឃ្លាំមើល​ការអនុវត្ត​ច្បាប់​។

​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​គណៈកម្មការ​រដ្ឋ​សភា​កម្ពុជា លោក លូ ហាវ ប្រធាន​គណៈប្រតិភូ​ចិន បាន​ពន្យល់ថា​តួនាទី​របស់​គណៈកម្មកា​រ​ការពារ​បរិស្ថាន និង​ធនធានទឹក​នៃ​សភា​ប្រជាជន​ចិន មាន​ភារកិច្ច​ជាសំខាន់​លើ​កិច្ចការ​ការពារ​បរិស្ថាន ក្នុងនោះ​ត្រូវ​តាក់តែង​ច្បាប់​ជុំវិញ​បញ្ហា​បរិស្ថាន និង​ការឃ្លាំមើល​ការអនុវត្ត​ច្បាប់​។ លោក លូ ហាវ បាន​បញ្ជាក់ថា នៅក្នុង​ការឃ្លាំមើល​ការអនុវត្ត​ច្បាប់ គណៈកម្មការ​ត្រូវ​ចុះ​ពិនិត្យ​សិក្សា​ស្វែងយល់ ផ្ទាល់​នៅតាម​ខេត្ត ហើយ​បើ​ខេត្ត​ណា​មាន​បញ្ហា​បរិស្ថាន តម្រូវ​ឲ្យ​អភិបាលខេត្ត​នោះ រាយការណ៍​មក​គណៈកម្មការ​ជាតិ​ពី​បញ្ហា​ទាំងអស់នោះ រៀងរាល់​កន្លះ​ឆ្នាំ​ម្តង ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​ជាមួយគ្នា​។​

ចំពោះ​ការឃ្លាំមើល​ការអនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​វិស័យ​បរិស្ថាន​នៅ​ប្រទេស​កម្ពុជា លោក ប៉ុល ហំ​ម បាន​បញ្ជាក់ជូន​គណៈប្រតិភូ​ចិន ថា​គណៈកម្មការ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក​នៃ​រដ្ឋសភា​កម្ពុជា បាន​ចុះ​សិក្សា​ផ្ទា​ល់ពី​ករណី មួយចំនួន​ដល់​មូលដ្ឋាន ហើយ​ករណីខ្លះ​បាន ចុះទៅ​ជួប​ថ្នាក់ដឹកនាំ​ស្ថាប័ន ក្រសួង ដើម្បី​ស្តាប់​ការពន្យល់​។ លោក ប៉ុល ហំ​ម ក្នុងនាម​ប្រធាន​គណៈកម្មការ​ជំនាញកា​រពារ​វិស័យ​បរិស្ថាន​នៅ​ប្រទេស​កម្ពុជា បាន​សង្កត់ធ្ងន់ថា ករណីខ្លះ​គណៈកម្មការ ក៏បាន​កោះហៅ​រដ្ឋមន្ត្រី មក​បំភ្លឺ​ដល់​រដ្ឋសភា​ផងដែរ​៕

13254504_1168318793199205_3111697544990402055_n 13260057_1168318853199199_9020163908531519807_n