​សមត្ថកិច្ច​មិន​បង្ក្រាប​ល្បែង​ឆ្នោត​នៅក្នុង​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​

​ប្រជាពលរដ្ឋ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល បាន​រាយការណ៍​មក​ថា​មួយរយៈ​ពេល​ចុង​ក្រោយនេះ ល្បែងស៊ីសង​ផ្សេងៗ​មានដូចជា ឆ្នោត អាប៉ោង បៀ ជាដើម​មាន​អ្នកលេង​កាន់តែ​ច្រើនឡើងៗ ហើយ​សមត្ថកិច្ច​ជំនាញ​មិនបាន​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​នោះទេ ។  ល្បែង​ឆ្នោត​មានការ​លេង​យ៉ាង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ នៅក្នុង​ផ្សារ​ព្រែ​តា​មាក់ ដែល​បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​ពី​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ក្នុងការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​។

សមត្ថកិច្ច​គប្បី​ស្វែងរក​មេ​ឆ្នោត​ដ៏​ធំ​ប្រចាំ​ផ្សារ​ព្រែក​តា​មាក់ ហើយ​ត្រូវ​បោសសំអាត​កូនៗ ដែល​កត់​ស៊ីថ្លៃ​ឈ្នួល​ទាំងអស់​ដើម្បី​យកទៅ​តុលាការ និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ នេះ​ការបញ្ជាក់​របស់​ប្រជាពលរដ្ឋ​។  ប្រភព​ដដែល​បាន​បញ្ជាក់ថា ចំពោះ​ចំណាត់ការ​របស់​សមត្ថ​កិច្ច​កន្លងមក​ហាក់​គ្មាន​ប្រសិទ្ធភាព​នោះទេ ព្រោះ​នៅពេល​ចាប់បាន​មេ​ឆ្នោត​តែងតែមាន​ការសម្របសម្រួល​ឲ្យ​រួចខ្លួន​ក្រៅ​ផ្លូវច្បាប់ ហើយក៏​មិនមាន​ធ្វើការ​ស៊ើបអង្កេតរ​កមេ​ឆ្នោត​ធំ​ដែរ ។​

គួរ​បញ្ជាក់ថា កន្លងមក​លោក ម៉ែន សុឃឿន អធិការនគរបាល​ស្រុក​ខ្សាច់កណ្តាល បានបញ្ជាក់​យ៉ាងច្បាស់​ថា នឹង​បង្ក្រាប​យ៉ាង​តឹងរ៉ឹង​ជាង​មុន​ចំពោះ​ល្បែង​ស៊ី​ផ្សេងៗ​នៅក្នុង​ស្រុក​ខ្សាច់កណ្តាល ហើយ​ថែមទាំង​សន្យា​ស្វែងរក​មេ​ឆ្នោត​ធំ​ប្រចាំ​ផ្សារ​ព្រែក​តា​មា​ក់ទៀត ដើម្បី​ចាត់វិធានការ​បញ្ជូនទៅ​តុលាការ​តាមផ្លូវ​ច្បាប់​។ តែ​រហូតមក​ដល់ពេលនេះ ល្បែងស៊ីសង​ផ្សេងៗ​ដូចជា​អាប៉ោង បៀ និង​ឆ្នោត​ជាដើម​នៅតែមាន​បើក​លេង​យ៉ាង​អនាធិបតេយ្យ​ដោយ​គ្មាន​ការទប់ស្កាត់​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ក៏បាន​បញ្ជាក់ថា បញ្ហា​មួយចំនួន​ក៏​ដោយសារតែ​ប្រជាពលរដ្ឋ​ខ្លួនឯង​ផងដែរ ព្រោះ​បើ​ប្រជាពលរដ្ឋ​មិន​លេងល្បែង​ស៊ីសង នោះ​ល្បែងស៊ីសង​ក៏​មិនអាច​បើក​លេង​បានដែរ​។ ដូច្នេះ​សំខាន់​ត្រូវ​ចាប់ផ្តើម​ពី​ប្រជាពលរដ្ឋ ហើយ​សមត្ថកិច្ច​ក៏ត្រូវ​តែ​បង្ក្រាប​ល្បែងស៊ីសង ព្រមទាំង​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​ឈប់​លេងល្បែង​ផងដែរ​៕

V_0303