បទល្មើស​បំផ្លាញ​ព្រៃ​ឡង់​នៅ​ខេត្តព្រះវិហារ មន្ត្រី​ជំនាញ​មិន​ចាត់វិធានការ​បង្ក្រាប​

​សេចក្ដីរាយការណ៍​ពី​សកម្មជន​ការពារ​ព្រៃឈើ​នៅ​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា បទល្មើស​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​នៅតែ​កើតឡើង​យ៉ាង​រាលដាល ហើយ​មន្ត្រី​អាជ្ញាធរ មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន មិន​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​អំពាវនាវ​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក ឆេង គឹម​ស៊ុន មេ​រដ្ឋបាល​ព្រៃឈើ ចាត់វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​ព្រៃ​ឡង់​ក្នុង​ខេត្តព្រះវិហារ ត្រូវ​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​ពេញបន្ទុក​ទៀត​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា លោក អ៊ុំ ម៉ា​រ៉ា ជា​អភិបាលខេត្ត និង​លោក អ៊ិត ភូមិ​រ៉ា ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នោះទេ​។

តាម​ការអះអាង​របស់​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ប្រជា​សហគមន៍​ដែល​ចុះ​ល្បាត​ការពារ​ព្រៃ​ឡង់​ខេត្តព្រះវិហារ ពីថ្ងៃ​ទី​២៧ ដល់​ថ្ងៃទី​២៩ ខែឧសភា បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិការ​នេះ​មានការ​រឹបអូស​ម៉ាស៊ីន​អារឈើ​៨​គ្រឿង និង​ឈើ​អារ​រួច​ជាច្រើន​ម៉ែត្រគូប​។ ទន្ទឹមនឹងនេះ​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ព្រមទាំង​ប្រជា​សហគមន៍ បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​ខ្លាចក្រែង​ព្រៃ​ឡង់​ក្នុង​ខេត្តព្រះវិហារ ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​។ ដោយហេតុថា ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​មួយចំនួន​កំពុង​បំពាន​ចូល​កាប់​ឈើ​ក្នុងព្រៃ​ឡង់​យ៉ាង​គឃ្លើន ហើយ​ក្រុម​ជនល្មើស​និង​ឈ្មួញ​ធំៗ​នៅតែ​ចូល​កាប់​ឈើ​ក្នុងព្រៃ​ឡង់​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ស្រេច​តែ​អំពើ​ចិត្ត​។

មន្ត្រីរាជការ​នៅក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា កន្លងមក​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដូចជា​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​កងរាជអាវុធហត្ថ​ជាដើម បង្ក្រាប​តែ​ប្រជាពលរដ្ឋ​ដឹកឈើ​បន្តិចបន្តួច​យកទៅ​ជួសជុលផ្ទះ​ឬ​ដឹកអុស​ប៉ុណ្ណោះ​។ ចំណែក​ក្រុមហ៊ុន​និង​ឈ្មួញ​មួយចំនួន​ដែល​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​យី​ឌុប​យ៉ាង​អនាធិបតេយ្យ មិនដែល​ឃើញ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់វិធានការ​បង្ក្រាប​ឲ្យ​ស្របទៅតាម​តួនាទី​របស់ខ្លួន​នោះទេ ហេតុនេះហើយ​ទើប​បទល្មើស​កាប់​ឈើ​ក្នុងព្រៃ​ឡង់​នៅតែ​កើតមាន​ឥតឈប់ឈរ​។ បញ្ហា​នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ដែល​ប្ដេជ្ញា​ការពារ​ព្រៃឈើ​សេសសល់​ឲ្យ​នៅ​គង់វង្ស​យូរអង្វែង​នោះ គួរ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​នៃ​ខេត្តព្រះវិហារ​ជាបន្ទាន់ កុំ​ឲ្យ​រាលដាល​យ៉ាង​មហន្តរាយ​តទៅទៀត​៕

13254320_1609066862742731_4596618238285690524_n 13315617_1609066846076066_23744718784759429_n 13319705_1609066826076068_4822071347527118454_n 13315497_1609066779409406_8986274145703389609_n 13265989_1609066869409397_1838065243656991790_n