កើត​រឿង​​ចឹង​​​ហើយ! ដេញប៉ូលិស​មិនឱ្យ​អន្តរា​គមន៍​

ខេត្តសៀមរាប ៖ រថយន្ត​វី​ហ្គោ​ពណ៌​ត្រេ​អ៊ី​មួយ​គ្រឿង បាន​ធ្លាក់​ប្រឡាយ​ត្រង់​ចំណុច​ផ្លូវ​កោង បណ្តាល​ឱ្យ​ខ្ទេច​ផ្នែក​ខាង​មុខ​ទាំង​ស្រុង ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​មួយ​មេ ស្ថិត​នៅ​ចំណុច​ក្បែរ​រង្វង់​មូល​ផ្លូវ​៦០​ម៉​ត្រ​អង្គរ​ឃ្យុ​ង​យូរ កាលពី​ម៉ោង​០៤ និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២៩ ឧសភា ២០១៦ ។

បើ​តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ឱ្យ​ដឹង​ថា មុន​កើតហេតុ មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ទើបនឹង​រាំង​បាន​បន្តិច ស្រាប់តែ​ឃើញ​រថយន្ត​ខាងលើ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​២-៧៣៣៣ បើកបរ​មក​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន ខណៈ​ពេល​នោះ មាន​ម៉ូតូ​មួយ​គ្រឿង​នៅ​ពីមុខ ស្រាប់តែ​រថយន្ត​នោះ​ឡើង​វ៉ា​ក៏​ជ្រុល​ចង្កូត​ទៅ​ខាង​ប្រឡាយ​ទាំង​កំរាល ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​មាន​របួស​ទេ ។

ក្រោយ​ពី​ធ្លាក់​ចូល​ប្រឡាយ​ហើយ ម្ចាស់​ចេញ​មក​ពី​ក្នុង​រថយន្ត​ស្រែក​ជេរ​ឱ្យ​ម៉ូតូ​ដែល​នៅ​ពីមុខ​នោះ​ថា «​ម៉េច​អ្ហែង​បើក​ម៉ូតូ​មិន​ព្រម​ជិះ​កៀន​ផ្លូវ តែ​ម៉ូតូ​បាន​ជិះ​ទៅ​បាត់​ហើយ នៅ​ស្រែក​តែ​ម្នាក់ឯង បង្ក​ឱ្យ​មាន​អ្នក​ចោមរោម​មើល​ពេញ​ផ្លូវ និង​បណ្តាល​ឱ្យ​កកស្ទះ​ចរាចរ​មួយសន្ទុះ ទើប​ឃើញ​សមត្ថកិច្ច​ច​រា​ណ៍​មក​ដល់​អន្តរាគមន៍ ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ចរាចរណ៍​បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ឧសភា ថា អ្នក​បើករថយន្ត​ពណ៌​ត្រេ​អ៊ី មាន​សភាព​ក្អេងក្អាង មិន​ចង់​និយាយ​ជាមួយ​សមត្ថកិច្ច​ទេ ។ ប្រភព​បន្ត​ថា ម្ចាស់​រថយន្ត​បាន​និយាយ​បន្ថែម​ថា ចំពោះ​រថយន្ត​របស់​គេ​ចេះ​ដោះស្រាយ​ហើយ មិនបាច់​ខាង​សមត្ថកិច្ចមក​ជួយ​ដោះស្រាយ​ទេ ចាំ​គេ​រក​រថយន្ត​ស្ទូច​ចេញ​ដោយ​ខ្លួនឯង មិនបាច់​រំខាន​សមត្ថកិច្ច​ទេ ។

ប្រភព​បាន​បញ្ជាក់​បន្ថែម​ថា បន្ទាប់​ពី​សួរនាំ​រួច កម្លាំង​ជំនាញ​បាន​សួរ​ឈ្មោះ ប៉ុន្តែ​ម្ចាស់​រថយន្ត​ពណ៌​ត្រេ​អ៊ី​នោះ ពាក់​ស្លាក​លេខ ខេមរ​ភូមិន្ទ ២.៧៣៣៣ បើកបរ​មក​ពី​កើតមក​លិច បម្រុង​បត់​ទៅ​ជើង បាន​ឡើង​វ៉ា​ម៉ូតូ​មិន​ប្រយ័ត្ន​ក៏​ជ្រុល ហួស​ធ្លាក់​ទៅ​ប្រឡាយ នៅ​ពី​ខាងកើត ឈាង​ខាងជើង​ផ្លូវ​៦០​ម៉ែត្រ បាន​ប្រាប់​ថា មិនបាច់​យកឈ្មោះ​ខ្ញុំ​ធ្វើ​អី​ទេ ព្រោះ​ខ្ញុំ​បើក​ធ្លាក់​ប្រឡាយ​ដោយ​ខ្លួនឯង មិន​បាន​ទៅ​បុក​ជាមួយ​អ្នក​ណា ឱ្យ​របួស​នោះ​ទេ ពេល​នោះ​សមត្ថកិច្ច​ក៏​ដកខ្លួន​ចេញពី​កន្លែង​កើតហេតុ​នោះ​អស់​ទៅ ៕