គ្រូ Lee ​ថា​ឈ្នះ​ទីម័រ គ្រាន់​តែ​ទម្រង់​សាកល្បង​ត្រៀម​ប៉ះ​ឆាយនីស​តៃប៉ិ

ជ័យ​ជម្នះ​លើ​ទីម័រ​ខាង​កើត​ ២-០ ​កាល​ពី​ម្សិលមិញ​ក្នុង​ជំនួប​មិត្តភាព​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ​ត្រូវ​បាន​លោក Lee Tae Hoon ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​និយាយ​ថា ​គ្រាន់​តែ​ជា​ទម្រង់​លេង​សាក​ជើង​មួយ​សម្រាប់​ក្រុម​ទាំង​មូល​ដើម្បី​ត្រៀម​ប្រកួត​និង ឆាយ​នីស​តៃប៉ិ ​ប៉ុណ្ណោះ។

 

 គ្រូ Lee ​ថា​ឈ្នះ​ទីម័រ គ្រាន់​តែ​ទម្រង់​សាកល្បង​ត្រៀម​ប៉ះ​ឆាយនីស​តៃប៉ិ Lee Tae Hoon ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​

 

ក្រុម​កម្ពុជា​បាន​ធ្វើ​​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត ដោយ​បាន​បង្ហាញ​ទម្រង់​លេង​យក​ឈ្នះ​ក្រុម​ទីម័រ​បាន​ ២-០ ​ដោយ​កីឡាករ ភួង សុខសាណា ​មួយ​គ្រាប់​និង​ ឃួន ឡាបូរ៉ាវី ​មួយ​គ្រាប់។ ត្បិត​តែ​យ៉ាង​នេះ​ក្ដី លោក Lee ​មិន​ទាន់​សប្បាយ​ចិត្ត​ខ្លាំង​ចំពោះ​ទម្រង់​នេះ​ទេ ដោយ​លោក​លើក​ឡើង​ថា​ក្រុម​កម្ពុជា​គួរ​ធ្វើ​ឱ្យ​ល្អ​ជាង​នេះ​ទៅ​ទៀត​ដើម្បី​ត្រៀម​ខ្លួន​ឱ្យ​រួចរាល់​ពេល​ប៉ះ​ក្រុម​ឆាយនីសតៃប៉ិ។

 

“កីឡាករ​អត់​ទាន់​មាន​កម្លាំង​ល្អ​ពេញលេញ​ទេ ដោយសារ​សម្រាក​ច្រើន​ពេក។ យើង​នឹង​ហ្វឹកហាត់​បន្ថែម​ទៀត។ ​ក្រុម​ឆាយនីសតៃប៉ិ ​ប៉ុន្មាន​ឆ្នាំ​មក​នេះ​មាន​ការ​រីក​ចំរើន​ច្រើន ហើយ​អាច​និយាយ​បាន​ថា​ខ្លាំង​ជាង​ទីម័រ​ខាង​កើត មួយ​ទៀត​ទៅ​លេង​នៅ​ក្រៅ​ដី​តែងតែ​ជា​រឿង​ពិបាក​មួយ”។ សម្ដី​គ្រូ Lee Tae Hoon ។

 

គ្រូ Lee ​ថា​ឈ្នះ​ទីម័រ គ្រាន់​តែ​ទម្រង់​សាកល្បង​ត្រៀម​ប៉ះ​ឆាយនីស​តៃប៉ិ

កែវ សុខផេង ប្រជែងបាល់ជាមួយ​កីឡាករទីម័រ

 

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​​​វគ្គ​ជម្រុះ​បឋម​នៃ​ពាន​រង្វាន់​​ជើង​ឯក​ទ្វីប​អាស៊ី AFC Asian Cup 2019 ​នៅថ្ងៃ​ស្អែក​នេះ ដោយ​ជើង​ទី១ ធ្វើ​នៅ​កោះ ឆាយនីសតៃប៉ិ ក្នុង​ថ្ងៃ​ទី២ ខែ​មិថុនា ហើយ​ជើង​ទី២ ធ្វើ​នៅ​រាជធានី​ភ្នំពេញ ក្នុង​ថ្ងៃ​ទី ៧ ខែ​មិថុនា ឆ្នាំ​២០១៦​ខា​ង​​មុខ​នេះ៕

 

អត្ថបទ៖ មុន្នី រម្យ