កម្មករ​កូរ៉េ​ខាងជើង​កំពុង​បម្រើ​ការងារ​នៅ​រោងចក្រ​កាត់ដេរ​ក្នុង​ប្រទេស​ចិន

ប្រទេស​ចិន ៖ យោង​តាម​វិទ្យុ​អាស៊ី​សេរី ផ្សាយ​ជា​ភាសា​អង់គ្លេស កាលពី​ថ្ងៃ​ទី​២៥ ឧសភា បាន​ឲ្យ​ដឹង​ថា កម្មករ​កូរ៉េ​ខាងជើង​រាប់រយ​នាក់​កំពុង​តែ​បម្រើ​ការងារ​ក្នុង​រោងចក្រ​កាត់ដេរ​នៅ​ចិន ដើម្បី​ផលិត​សម្លៀក​បំពាក់​ដែល​មាន​ស្លាក​សញ្ញា​ល្បី​ៗ​នៅ​លើ​ពិភពលោក ដូច​ជា Ralph Lauren និង Burberry ជាដើម​។ នេះ​បើ​តាម​និយោជក​ម្នាក់​ឈ្មោះ Mei Dao នៅ​ខេត្ត Hebei បាន​ប្រាប់​ដល់​ស្ថានីយ​វិទ្យុ ។

Mei Dao ដំបូង​ឡើយ បាន​ជួល​កម្មករ​កូរ៉េ​ខាងជើង​ចំនួន​៥៤​នាក់ តាម​រយៈ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​កូរ៉េ​ខាងជើង​មួយ​ចាប់ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ​២០១២ ។ នៅ​ខែមេសា ឆ្នាំ​២០១៥ រោងចក្រ​នៅ​តំបន់ Dandong និង Miryong ក៏​បាន​កើនឡើង ខណៈ​ដែល​មានការ​ចូលរួម​ជាមួយ​ក្រុមហ៊ុន​កូរ៉េ​ខាងជើង ។ បច្ចុប្បន្ន Mei Dao បាន​ជួល​កម្មករ​ជនជាតិ​កូរ៉េ​ខាងជើង​រាប់រយ​នាក់ ។ នេះ​បើ​តាម​ប្រភព​បាន​បញ្ជាក់ ។

តាម​ប្រភព​បន្ថែម​ទៀត​ថា រោងចក្រ​ផលិត​សម្លៀក​បំពាក់ Phoenix Gold នៅ​ក្នុង​តំបន់ Dandong បាន​ជួល​កម្មករ​ប្រមាណ​១២.០០០​នាក់ ហើយ​ក្នុង​ចំណោម​ពួក​គេ​ទាំងអស់ គឺ​៨០០​នាក់​មក​ពី​កូរ៉េ​ខាងជើង ។

ដោយសារ​តែ​កំណើន​នៃ​ចំនួន​រោងចក្រ​កាត់ដេរ​របស់​ចិន​កើនឡើង បាន​ធ្វើ​ឲ្យ​តំបន់​នៅ​តាម​ព្រំដែន​មាន​តម្រូវការ​ជួល​កម្មករ​ពី​កូរ៉េ​ខាងជើង​ក្នុង​តម្លៃ​ពលកម្ម​ថោក​ៗ ។

គួរ​រំឭក​ផង​ដែរ​ថា កាលពី​ចុងខែ​មុន កូរ៉េ​ខាងជើង​បាន​ប្រាប់​ទៅ​ក្រុមហ៊ុន​ចិន​មួយ​ថា ខ្លួន​អាច​បញ្ជូន​កម្លាំង​ពលកម្ម​រាប់រយ​នាក់​ទៅ​ធ្វើការ​នៅ​រោងចក្រ​ប្រទេស​ចិន ។ កូរ៉េ​ខាង​ជើង​បាន​ជូនដំណឹង​នេះ​ទៅ​ក្រុមហ៊ុន​មួយ​នៅ​ខេត្ត Liaoning ក្បែរ​ព្រំដែន​ចិន​-​កូរ៉េ​ខាងជើង គ្រា​ដែល​ការ​បិទ​នៃ​តំបន់ឧស្សាហកម្ម Inter-Korean Kaesong ត្រូវ​បានដឹង​ច្បាស់ ។

ប្រធាន​សហព័ន្ធ​ការពារ​សិទ្ធិ​មនុស្ស​នៅ​កូរ៉េ​ខាងជើង លោក Do Hee-Yun បាន​ថ្លែង​ថា ៖ « ក្រុមហ៊ុន​ចិន​ចង់បាន​កម្មករ​កូរ៉េ​ខាងជើង​មក​ធ្វើការ ដោយសារ​តែ​កម្លាំង​ពលកម្ម​មាន​តម្លៃ​ថោក ហើយ​ពួក​មានបទពិសោធន៍ » ។ ទីផ្សារ ការងារ​សម្រាប់​ប្រទេស​កូរ៉េ​ខាងជើង​គឺ ប្រទេស​ចិន​៕