ជួប​អ្នក​​កាសែត​ស្រី​​​វ័យ​១០​ឆ្នាំ បង្ហាញ​ព័ត៌មាន​ឲ្យ​ពិភព​លោក​បាន​ដឹង​

កុមារី​ជន​ជាតិ​ប៉ាឡេស្ទីន​​វ័យ​១០​ឆ្នាំ​ម្នាក់​​​ បាន​ធ្វើ​ឲ្យ​​​មនុស្ស​ជា​ច្រើន​​ភ្ញាក់​ផ្អើល​​ជា​ខ្លាំង បន្ទាប់​ពី​​ចាត់​ទុក​ខ្លួន​​ឯង​ថា​ជា​អ្នក​កាសែត​មហាជន​​​ម្នាក់​ក្នុង​ចំណោម​អ្នក​​​សារព័ត៌មាន​​​អាយុ​ក្មេង​ជាង​គេ​ក្នុង​លោក​​។

 

ជួប​អ្នក​​កាសែត​ស្រី​​​វ័យ​១០​ឆ្នាំ បង្ហាញ​ព័ត៌មាន​ឲ្យ​ពិភព​លោក​បាន​ដឹង​

 

តាម​សារព័ត៌មាន Aljazeera ​​កុមារី​​ ​Janna Jihad Ayyad ជា​​អ្នក​ភូមិ​​​​​ Nabi Saleh ស្ថិត​នៅ​ក្នុង​តំបន់​កង​ទ័ព​កាន់​កាប់​ West Bank ។ នាង​ក៏​ដូច​ជា​ក្មេង​ៗ​​​ឯ​ទៀត​ក្នុង​​ភូមិ​​ ជា​រឿយ​ៗ​តែង​​ចូល​រួម​ក្នុង​ការ​ប្រឆាំង​​​នឹង​ការ​​ដណ្ដើម​យក​ទឹក​ដី​​ពី​សំណាក់​​ប្រទេស​អ៊ីស្រាអែល​។

 

​”មិន​​មែន​មាន​តែ​អ្នក​កាសែត​​​ទេ​ដែល​កំពុង​ផ្ញើ​សារ​​ទៅ​កាន់​ពិភព​លោក​​ឲ្យ​ដឹង​ពី​ស្ថាន​ភាព​​ប្រទេស​ប៉ាឡេស្ទីន​។ ដូច្នេះ​ខ្ញុំ​គិត​ថា​ ហេតុអ្វី​​ខ្ញុំ​មិន​បង្ហាញ​ពិភព​លោក​​ឲ្យ​ដឹង​…គឺ​​បង្ហាញ​ពួក​គេ​​ឲ្យ​ដឹង​ថា​មាន​អ្វី​កំពុង​កើត​ឡើង​ក្នុង​ភូមិ​របស់​ខ្ញុំ “។​នេះ​បើ​តាម Janna និយាយ​​ប្រាប់​ទៅ​កាន់ Aljazeera ។
​​
ក្នុង​គ្រួសារ​របស់​ Janna ពុំ​មាន​នរណា​ម្នាក់​ជា​​អ្នក​សារព័ត៌មាន​​នោះ​ទេ ប៉ុន្តែ​ឪពុក​មា​របស់​ Janna​លោក ​Bilal Tamimi ជា​អ្នក​ថត​រូប​ម្នាក់​ដែល​ជា​ការ​ជំរុញ​ទឹក​ចិត្ត​​មួយ​​ដល់ Janna។

 

“ខ្ញុំ​​​បង្ហាញ​ពី​អ្វី​ដែល​កំពុង​កើត​ឡើង។ ខ្ញុំ​ឃើញ​​ការ​​​ដណ្ដើម​​ទឹក​ដី ខ្ញុំ​ឃើញ​ទាហាន កាមេរ៉ា និង​ប៉ូលិស។ ពួក​គេ​ធ្វើ​អ្វី​ៗ​ដើម្បី​​ឲ្យ​ពួក​យើង​ចេញ​ពី​កន្លែង​របស់​ពួក​យើង “។ Janna និយាយ។

 

​​​​ការ​ស្លាប់​របស់​​​ប្អូន​ជីដូន​មួយ​ និង​​ពូ​របស់​ Janna ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ បាន​ធ្វើ​ឲ្យ​ កុមារី​វ័យ​១០​ឆ្នាំ​​រូប​នេះ​រឹត​តែ​ចង់​បន្ត​កិច្ច​ការងារ​ជា​អ្នក​សារព័ត៌មាន​មហាជន​របស់​នាង។ Janna រៀប​រាប់​បង្ហាញ​ព័ត៌មាន​ដោយ​ខ្លួន​ឯង​​និង​ថត​រូប​​ព្រឹត្តិការណ៍​នានា​មក​បង្ហាញ​ដោយ​ប្រើ​​​ទូរសព្ទ iPhone របស់​ម្ដាយ​នាង​​។ មក​ទល់​ពេល​នេះ នៅ​លើ​ Facebook Janna ​មាន​​អ្នក​ Follow ជាង​២២០០០​នាក់។

 

ម្ដាយ​របស់​ Janna អ្នក​ស្រី ​Nawal Tamimi បាន​ឲ្យ​ដឹង​ថា អ្នក​ស្រី​មាន​ក្ដី​រំភើប​មោទនភាព​ចំពោះ​កូន​ស្រី ប៉ុន្តែ​ក៏​ព្រួយ​បារម្ភ​​​ខ្លាច​ក្រែង​មាន​គ្រោះ​ថ្នាក់​ចំពោះ​​កូន​​ខ្លួន​ផង​ដែរ។ បើ​តាម​ការ​សាក​សួរ​របស់​សារព័ត៌មាន Janna បាន​ឲ្យ​ដឹង​ថា នា​ថ្ងៃ​អនាគត​នាង​ចង់​ក្លាយ​ជា​អ្នក​​ធ្វើ​ការ​នៅ​ស្ថាប័ន​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ព័ត៌មាន CNN ឬ Fox News ជា​ដើម​ ព្រោះ​នាង​ថា​៖​ “ពួក​គេ​មិន​​និយាយ​ទាក់​ទង​អំពី​ប្រទេស​ប៉ាឡេស្ទីន​នោះ​ទេ ដូច​នេះ​ខ្ញុំ​ចង់​រាយការណ៍​​ពី​ប្រទេស​ប៉ាឡេស្ទីន”៕

ចុចអាន​៖  កាសែត​អាមេរិក​សរសេរ​ចំណង​ជើង​ច្រឡំ “Thailand” ទៅ​ជា “Taiwan”

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ aljazeera, wiigot​​​​​​​​​​