ចុះ​ពិនិត្យមើល​ការដ្ឋាន​ ជួសជុល​​អ៊ុត​កៅស៊ូ AC ​លើ​ផ្លូវ​៥៨៤​ ក្នុង​សង្កាត់​បឹង​កក់​ទី​២

ចុះ​ពិនិត្យមើល​ការដ្ឋាន​ ជួសជុល​​អ៊ុត​កៅស៊ូ AC ​លើ​ផ្លូវ​៥៨៤​ ក្នុង​សង្កាត់​បឹង​កក់​ទី​២



ភ្នំពេញ ៖ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​មានការ​ណែនាំ​ពី​លោក ប៉ា សុជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ សាលា​ខណ្ឌ​ទួលគោក​បាន​ធ្វើ​សកម្មភាព​ ជួសជុល​ដោយ​ចាក់​អ៊ុត​កៅស៊ូ​ AC ​លើ​ផ្លូវ​ជាច្រើន​ខ្សែ​ នៅ​ក្នុង​មូលដ្ឋាន​របស់ខ្លួន ដើម្បី​ធ្វើ​យ៉ាងណា​សម្រួល​ចរាចរ​ ដល់​ប្រជាពលរដ្ឋ​។

ជាក់ស្ដែង​សម្រាប់​កំណាត់ ផ្លូវ​៥៨៤​ ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក ក្រុមការងារ​បាន​នឹង​កំពុង​ មមាញឹក​ក្នុង​ការ​ជួសជុល​ដោយ​អ៊ុត​កៅស៊ូ ​AC ​ផងដែរ ហើយ​ដើម្បី​ឲ្យ​ការដ្ឋាន​នេះ​ដំណើរការ​ទៅបាន​រលូន ​និង​ស្រប​ទៅតាម​ស្តង់ដារ​បច្ចេកទេស នៅ​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា​នេះ ​លោក​ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក​ បាន​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យមើល​ការដ្ឋាន ​ជួសជុល​ផ្លូវ​នេះ​ផង​ដែរ។

មន្ត្រី​សាលា​ខណ្ឌ​ទួលគោក បាន​ឲ្យ​ដឹង​ថា កំណាត់​ផ្លូវ​លេខ​៥៨៤​ ដែល​ត្រូវ​ធ្វើ​ការ​ជួសជុល​ឡើងវិញ​នេះ​ មាន​ប្រវែង​១៧៨​ម៉ែត្រ ​និង​មាន​ទទឹង​៨​ម៉ែត្រ ចាប់ពី​ផ្លូវ​៣១៣​ដល់​ផ្លូវ​៣០១ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​២ ដោយ​ចាប់ផ្ដើម​ឈូស​ឆាយ​ធ្វើ​គ្រឹះ​ខាងក្រោម​តាំងពី​ថ្ងៃ​២០​ឧសភា រហូតមកដល់​ពេលនេះ​ ទើប​ធ្វើការអ៊ុត​កៅស៊ូ​ AC ​តែម្តង ហើយ​កំណាត់​ផ្លូវ​នេះ​ បើ​មិនមាន​ឧបសគ្គ​អ្វី​ទេ​នឹង​ប្រើប្រាស់​ពេល​វេលា​នៃ​ការ​អ៊ុត​កៅស៊ូ​ AC ​ត្រឹមតែ​២​ថ្ងៃ​ប៉ុណ្ណោះ​នឹង​បាន​រួចរាល់​ជា​ស្ថាពរ។

លោក ​ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក ក្នុង​ឱកាស ​នៃ​ការ​ចុះ​ពិនិត្យមើល​ការដ្ឋាន​នេះ​ បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា ការ​ជួសជុល​និង​ស្ថាបនា​ផ្លូវ​ជាច្រើន​ខ្សែ​ នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ទួលគោក ​និង​កំណាត់​ផ្លូវ​៥៨៤​ ដែល​បាន​នឹង​កំពុង​ធ្វើការ​ជួស​ជុល​អ៊ុត​កៅស៊ូ នាពេលនេះ គឺ​ប្រើប្រាស់​ថវិកា​គម្រោង​មូលនិធិ​ខណ្ឌ​ឆ្នាំ​២០១៦ និង​ទទួល​ការស្ថាបនា​និង​ជួសជុល​ដោយ​ក្រុម​ហ៊ុន លីន សុគន្ធា​គ្រុប។

លោក​ឯក ឃុន​ដឿ​ន បាន​បន្ត​ថា ការ​ជួសជុល​កំណាត់​ផ្លូវ​ជាច្រើន​ខ្សែ​នេះ​ ធ្វើឡើង​ដោយ​អនុវត្ត​តាម​អនុសាសន៍​ ដល់​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរា​ជាណា​ចក្រ​កម្ពុជា​ និង​មានការ​ណែនាំ​ពី​លោកប៉ា សុជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ ទើប​សាលា​ខណ្ឌ​ទួលគោក​ចុះ​ធ្វើការ​ជួសជុល​ ផ្លូវ​ដែល​ខូចខាត​ក្នុង​មូលដ្ឋាន​ជា​បន្តបន្ទាប់​តែម្តង ដើម្បី​សម្រួល​ចរាចរ​ជូន​ប្រជាពលរដ្ឋ​៕

ចុះ​ពិនិត្យមើល​ការដ្ឋាន​ ជួសជុល​​អ៊ុត​កៅស៊ូ AC ​លើ​ផ្លូវ​៥៨៤​ ក្នុង​សង្កាត់​បឹង​កក់​ទី​២

ចុះ​ពិនិត្យមើល​ការដ្ឋាន​ ជួសជុល​​អ៊ុត​កៅស៊ូ AC ​លើ​ផ្លូវ​៥៨៤​ ក្នុង​សង្កាត់​បឹង​កក់​ទី​២