ឪពុក​ចាប់ពង្រត់​កូន​3​នាក់​ហើយ​សម្លាប់​ម្តាយ​នៅ​បារាំង

ជិត​២​ម៉ោង​ក្រោយ​ចេញ​ការ​ប្រកាស​អាសន្ន​ពី​ការ​ចាប់ពង្រត់ កុមារ​៣​នាក់ ដែល​បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៩ ឧសភា នៅ​ទីក្រុង RHÔNE ប្រទេស​បារាំង​ត្រូវ​បាន​រក​ឃើញ​វិញ ដោយ​សុខ​សប្បាយ រួច​ឪពុក​របស់​ពួក​គេ​សង្ស័យ​សម្លាប់​ម្តាយ​បាន​ប្រគល់​ខ្លួន​ឱ្យតម្រួត ។

យោង​តាម​តម្រួត​បារាំង​ថា កុមារ​ទាំងនេះ ក្នុង​នោះ​មាន​ក្មេង​ប្រុស​២​នាក់​ម្នាក់​អាយុ​១០​ឆ្នាំ រួច​ម្នាក់​ទៀត​អាយុ​៦​ឆ្នាំ ព្រមទាំង​ក្មេង​ស្រី​ម្នាក់​អាយុ​៥​ឆ្នាំ ត្រូវ​បាន​រក​ឃើញ​នៅផ្ទះ​ប្អូនស្រី​របស់​ឪពុក​ឯ VILLEURBANNE ជាយក្រុង​លី​យ៉ុ​ង​។ ឪពុក​របស់​ក្មេង​ទាំងនេះ​បាន​ចូល​ប្រគល់​ខ្លួន​ឱ្យតម្រួត​នៅ TARARE ភាគ​ពាយ័ព្យ​ទីក្រុង​លី​យ៉ុ​ង ហើយ​បាន​ប្រាប់​ថា កូន​ៗ​របស់​គេ​នៅ​ឯ​ផ្ទះ​សាច់ញាតិ ។ បុរស​អាយុ​៤៥​ឆ្នាំ​រូប​នេះ មាន​សញ្ជាតិ​តួ​ក​គី ត្រូវ​ឃុំខ្លួន​ពី​បទ​មនុស្សឃាត​ដោយ​ចេតនា ។

យោង​តាម​កង​តម្រួត​ថា សាកសព​ភរិយា​របស់​គេ​ដែល​ស្លាប់​ដោយសារ​អំពើ​ហិង្សា​ត្រូវ​បាន​រក​ឃើញ​នា​ព្រឹក​ថ្ងៃ​ទី​២៩ ឧសភា នៅផ្ទះ​របស់​គេ​ឯ PONTCHARRA SUR TURDINE ជា​ឃុំ​តូច​មួយ​នៅ​ក្បែរ​ក្រុង TARARE៕