សង្ស័យ​វិបត្តិ​ផ្លូវចិត្ត​ចងក​សម្លាប់​ខ្លួន​ផ្អើល​ទាំង​ព្រឹក

សង្ស័យ​វិបត្តិ​ផ្លូវចិត្ត​ចងក​សម្លាប់​ខ្លួន​ផ្អើល​ទាំង​ព្រឹក



ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន​នៅ​ក្នុងផ្ទះ​ដោយ​មិន​ទាន់​ដឹង​មូលហេតុ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា នៅ​ភូមិ​អូរ​ជ្រៅ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ខ្លះ​សង្ស័យ​ថា​អាច​មក​ពី​មាន​វិបត្តិ​ផ្លូវចិត្ត ព្រោះ​ទើប​លែងលះ​ប្រពន្ធ​បាន​២​ខែ ។

បុរស​រូប​នេះ​ឈ្មោះ កែវ ទន់ អាយុ​៤១​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​កន្លែង​កើតហេតុ និង​មាន​ទីលំនៅ​ភូមិ​ប៉ោយ​ចារ ឃុំ​ចំណោម ស្រុក​មង្គលបុរី ។ ជន​រង​គ្រោះ​ចងក​នឹង​កន្សែង​ទៅ​នឹង​ធ្នឹម​ផ្ទះ ។

តាម​ប្អូនប្រុស​បង្កើត​ឈ្មោះ កែវ បួន អាយុ​៣៧​ឆ្នាំ កាលពី​ព្រលប់​ថ្ងៃ​ទី​២៨ ខែឧសភា ខ្លួន​និង​បងប្រុស​បាន​ផឹកស្រា​ជុំ​គ្នា​តិចតួច លុះ​ងងុយដេក​ខ្លួន​ក៏​ទៅ​ដេក​ទៅ ឯ​បងប្រុស​នៅ​អង្គុយ​ផឹក​ម្នាក់ឯង ។ លុះ​ព្រឹក​ឡើង​មិនឃើញ​បងប្រុស​ក្រោក​ពី​ព្រលឹម​ដើម្បី​ទៅ​ធ្វើការ​ដូច​សព្វមួយដង​ក៏​មក​ហៅ ស្រាប់តែ​ឃើញ​ចងក​ស្លាប់​បាត់​ទៅ​ហើយ ។

បុរស​ចំណាស់​ឈ្មោះ ឈី​ន ឆឺ​ត អាយុ​៦៥​ឆ្នាំ ជា​មេក្រុម​នៅ​កន្លែង​កើតហេតុ និយាយ​ថា ជន​រង​គ្រោះ​មាន​ប្រពន្ធ​និង​កូន​២​នាក់ ហើយ​ទើបតែ​លែងលះ​គ្នា​ប្រហែល​២​ខែ ។

យ៉ាងណា​ក៏​ដោយ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ហ៊ុម​ព័ទ្ធ​ខ្សែ​ដើម្បី​ត្រួតពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ ។ លោក អុ​ឹ​ម សុ​ភារៈ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត ថ្លែង​ថា ជន​រង​គ្រោះ​ចងក​សម្លាប់​ខ្លួន​ប្រាកដ​មែន តែ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ ។ សព​ត្រូវ​បាន​សាច់ញាតិ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ក្នុងភូមិ​ខាងលើ ៕