រកឃើញម្ចាស់ជយលាភីក្រុមប៉េតង់វ័យចាស់ ឆ្នាំ២០១៦

ការប្រកួតកីឡាប៉េតង់ពានរង្វាន់វ័យចាស់ លើកទី៣ ឆ្នាំ២០១៦ ដែលបានរៀបចំឡើងដោយសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជានោះ បានរកឃើញម្ចាស់ជយលាភីជាផ្លូវការហើយ បន្ទាប់ពីចំណាយពេលប្រកួតយ៉ាងស្វិតស្វាញត្រឹម២ថ្ងៃ និងបានបញ្ចប់កាលពីល្ងាចថ្ងៃអាទិត្យ ហើយលោក ព្រហ្ម ឌិន មេបញ្ជាការយោធភូមិភាគពិសេស និងជាអនុប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានចូលរួមក្នុងពិធីបិទការប្រកួតនោះ។
khmer-sport

លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា និងជាប្រធានគណៈកម្មការរៀបចំការប្រកួតនេះ បានថ្លែងឲ្យដឹងថា ការប្រកួតនេះមានកីឡាករចំនួន២១ក្រុម បានចូលរួម គឺស្មើនឹង៦០នាក់ ដោយពួកគេមកពីខេត្ត-ក្រុងចំនួន៧ រួមមានរាជធានីភ្នំពេញ ខេត្តកណ្ដាល ក្រុងព្រះសីហនុ ខេត្តកំពត ខេត្តតាកែវ ខេត្តព្រៃវែង និងខេត្តស្វាយរៀង។ ចំណែកវិញ្ញាសា ដែលត្រូវដាក់ឲ្យប្រកួតមាន២ គឺប្រកួតជាក្រុម៣នាក់ទល់៣នាក់ និងការប្រកួតវាយយកពិន្ទុ ដោយខុសពីការប្រកួត២លើកកន្លងមក ដែលមានតែការប្រកួត៣នាក់ទល់៣នាក់ទេ។
khmer-sport.

តាមរយៈការប្រកួតយ៉ាងស្វិតស្វាញនោះ ក្រុមកីឡាករវ័យចាស់អក្សរ(H) ដែលមានលោក សោម សួគ៌ទិវា លោក សុក ស៊ីអាន និងលោក សាន់ តារា បានរួមគ្នាយកឈ្នះក្រុមKរបស់លោក ស៊ឹម សូរ លោក សុខ ងួនហេង និង ជា សុខហេង ជាមួយពិន្ទុ ១៣-១១ ក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីក្លាយជាម្ចាស់ជយលាភី ក្នុងការប្រកួតជាក្រុម៣នាក់ទល់៣នាក់ រីឯក្រុមR ដែលមានលោក អ៊ុច សុខលី លោក ប៉ែន សុវណ្ណ និងលោក កែវ ផាន់ណា ទទួលបានចំណាត់ថ្នាក់លេខ៣។
khmer-sport..

ចំណែកការប្រកួតវាយយកពិន្ទុ រវាងកីឡាករវ័យចាស់ ដែលបានធ្លាក់ចេញពីការប្រកួតពានធំ៣នាក់ទល់៣នាក់នោះ គឺចំណាត់លេខ១បានទៅលើលោក ចាន់ វុទ្ធី លេខ២បានទៅលោក ស៊ឹម សួរ និងចំណាត់ថ្នាក់លេខ៣បានទៅលើលោក អេង សុវណ្ណ។

khmer-sport...
លោក ឌុយ ធៅ អនុប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានចាត់ទុកការប្រកួតកីឡាប៉េតង់វ័យចាស់នេះ គឺជាយុទ្ធនាការផ្សព្វផ្សាយវប្បធម៌កីឡាប៉េតង់ទៅក្នុងចង្កោមមនុស្សគ្រប់វ័យ ពិសេសយុវជន ព្រោះប្រភេទកីឡាប៉េតង់នេះ ត្រូវបានដាក់ឲ្យប្រកួតក្នុងក្របខ័ណ្ឌកីឡាសិស្សទូទាំងប្រទេស។

គួរបញ្ជាក់ថា សម្រាប់ចូលរួមតម្រូវឲ្យបង់ប្រាក់១ម៉ឺនរៀល ដើម្បីយកទៅចំណាយលើការរៀបចំការប្រកួត និងផ្តល់ជាប្រាក់រង្វាន់វិញ ដល់ម្ចាស់ជយលាភី ដោយក្រុមនោះការប្រកួត៣នាល់ទល់៣នាក់ ក្រុមលេខ១បាន៣០០ដុល្លារ ក្រុមលេខ២បាន២០០ដុល្លារ ក្រុមលេខ៣បាន១០០ដុល្លារ។ រីឯការប្រកួតវាយយកពិន្ទុ អ្នកលេខ១បាន២៥ម៉ឺនរៀល អ្នកលេខ២បាន១០ម៉ឺន និងអ្នកលេខ៣បាន៨ម៉ឺនរៀល៕