ទាល់តែ​ធ្វើ​បែប​នេះ​បាន​ពួក​គេ​កែប្រែ

ខេត្តក្រចេះ ៖ ក្មេង​ទំនើង​៥​នាក់​ក្នុង​ចំណោម​ជាង​២០​នាក់​ដែល​កម្លាំង​អាវុធហត្ថ​ក្រុង​ឃាត់ខ្លួន​យក​មក​អប់រំ ខណៈ​ពួក​គេ​ប្រដាប់​ដោយ​ដាវ កាំបិត និង​ព្រនង់​​បម្រុង​បង្ក​ការ​វាយតប់​គ្នា នៅ​ពេល​នេះ​ពូក​គេ​បាន​កែប្រែ​អត្ត​ចរិត​ហើយ ក្រោយ​ពី​បាន​ដោះ​លែង និង​ការ​តាម​ឃ្លាំមើល ។

លោក ផា​ន សុភក្ក​វាសនា មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ក្រចេះ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០​ឧសភា​នេះ​ថា ក្រោយ​ពី​មានការ​ឃាត់ខ្លួន​អប់រំ ធ្វើ​កិច្ចសន្យា​នៅ​មុខ​សមត្ថកិច្ច ដោយ​តម្រូវ​ឲ្យ​មានការ​ក្រាប​សំពះ​ដល់​បាតជើងរ​ឪពុក​ម្តាយ ពួក​គេ​ទាំង​៥​នាក់​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ រយៈពេល​ជាង​១​ស​ប្តា​ហ៍​មកនេះ គឺ​ពួក​គេ​បាន​កែ​អត្ត​ច​រិ​ក​ឡើង​វិញ ក្រោយ​ពី​មានការ​តាម​ឃ្លាំមើល​របស់​សមត្ថកិច្ច ។

មន្ត្រី​អាវុធហត្ថ​ក្រុង​ក្រចេះ​បាន​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៦ កម្លាំង​អាវុធហត្ថ​បាន​ធ្វើការ​បង្ក្រាប​ក្មេង​ទំនើង​បាន​ចំនួន​៥​នាក់​ក្នុង​ចំណោម​ជាង​២០​នាក់ ខណៈ​ដែល​ពួក​គេ​ទាំងនោះ​កំពុង​តែ​ប្រមូលផ្តុំ​គ្នា​ប្រដាប់​ដោយ​ដាវ កាំបិត និង​ព្រនង់ បម្រុង​វាយតប់​គ្នា ។

មន្ត្រី​អាវុធហត្ថ​ក្រុង​ក្រចេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្មេង​ទំនើង​ទាំង​៥​នាក់​នេះ​សុ​ទ្ឋ​សឹង​ជា​សិស្ស​មាន​ទីលំនៅ​ក្នុង​ក្រុង​ក្រចេះ ។ ក្រោយ​ពី​មានការ​ឃាត់ខ្លួន​មក​អប់រំ​រួច​មក សមត្ថកិច្ច​ក៏​តម្រូវ​ឲ្យ​អាណាព្យាបាល​មក​ធ្វើ​កិច្ចសន្យា​នៅ​និង​មុខ​សមត្ថកិច្ច ជាង​នេះ​ទៅ​ទៀត​តម្រូវ​ឲ្យ​យុវជន​ទាំង​៥​នាក់​ត្រូវ​ក្រាប​សំពះ​បាតជើង​ឱ​ពុក​ម្តាយ​រៀង​ៗ​ខ្លួន ដើម្បី​ជា​ការ​សុំ​ទោស​ពួក​គាត់​នូវ​រាល់​កំហុសឆ្គង​របស់​ពួក​គេ ដែល​បាន​ធ្វើ​ឡើង​ខុស​ពី​ច្បាប់​របស់​សង្គម ។

សមត្ថកិច្ច​អះអាង​ថា ក្រុម​យុវជន​ទាំង​៥​នាក់​ក្រោយ​ការ​ដោះ​លែង​ក៏​ស្ថិត​ក្រោម​ការ​តាមដាន​របស់​អាជ្ញាធរ និង​បាន​ពិនិត្យ​ឃើញ​ថា ពួក​គេ​បាន​កែ​អត្ត​ច​រិ​ក​ចូល​រៀន​តាម​ធ្ម​តា ហើយ​ក៏​មិន​ដែល​បង្ក​ភាព​ចលាចល​អ្វី​ទៀត​នោះ​ទេ ៕