បុរស​ម្នាក់​លង់ទឹក​ប្រឡាយ​ជម្រៅ​១,៣០​ម៉ែត្រ​ស្លាប់

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​លង់ទឹក​ប្រឡាយ​ជម្រៅ​១,៣០​ម៉ែត្រ​ស្លាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២ និង​៣​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ប្រឡាយ​ទឹក​ខាងត្បូង​ភូមិ​ប៉ោយ​សំរោង​ទៅ​ភូមិ​ប៉ុស្តិ៍​ចាស់ ក្នុង​ឃុំ​ព្រះនេត្រព្រះ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

នគរបាល​ស្រុក​ព្រះនេត្រព្រះ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ ឈ្មោះ ថុ​ក យ៉ា​រ៉ាត់ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ នៅ​ភូមិ​ប៉ោយ​សំរោង ឃុំ​ព្រះនេត្រព្រះ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ស្ត្រី​ជា​ប្រពន្ធ ក៏​ដូច​ជា​អ្នក​ជិតខាង បាន​អះអាង​ថា ជន​រង​គ្រោះ​កើត​ជម្ងឺ​ស្ក​ន់​ជ្រូក គឺ​តែងតែ​ប្រកាច់​ជា​ច្រើន​លើក តែ​បាន​ក្រុម​គ្រួសារ​ក៏​ដូច​ជា​អ្នក​ជិតខាង​ជួយ​ជា​ញឹកញាប់ តែ​ពេល​នេះ​ដោយសារ​តែ​ជម្ងឺ​ស្ក​ន់​ជ្រូក​បាន​រើ​ឡើង ហើយ​គាត់​ទៅ​អូស​ត្រី​កំ​ពិស​តែ​ម្នាក់ឯង គ្មាន​អ្នក​ណា​ដឹង និង​ជួយ ទើប​បណ្តាល​លង់ទឹក​ស្លាប់​បែប​នេះ ។

យោង​តាម​ការ​អះអាង​របស់​ស្ត្រី​ជា​ប្រពន្ធ និង​អ្នក​ជិតខាង ហើយ​សព​ជន​រង​គ្រោះ​គ្មាន​ស្លាកស្នាម​អ្វី​ទៀត​នោះ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ការ​ស្លាប់​របស់​ជន​រង​គ្រោះ​គឺ​បណ្តាល​មក​ពី​ជម្ងឺ​របស់​គាត់​រើ​ឡើង​ដោយ​គ្មាន​អ្នក​ណា​បានដឹង និង​ជួយ​ទាន់ ម្យ៉ាង​ទឹក​ប្រឡាយ​មាន​ជម្រៅ​ជ្រៅ​ជាង​១​ម៉ែត្រ ទើប​បណ្តាល​ឲ្យ​គាត់​លង់ទឹក​ស្លាប់ ។ បន្ទាប់​មក​សមត្ថកិច្ច​ក៏​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕