អ្នក​ភូមិ​ចោទ​ចៅ​សង្កាត់​អូរស្មាច់​ថា​បូម​ទឹក​អណ្ដូង​ដែល​ជា​ជំនួយ​របស់​អង្គការ​យក​ធ្វើ​អាជីវកម្ម

បើ​ទោះ​បី​ជា​ភ្លៀង​បាន​ធ្លាក់​ជា​បន្តបន្ទាប់​គ្នា​ខ្លះ​ហើយ​ក៏ដោយ ក៏​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​ខ្នង​ភ្នំ​ដងរែក នៃ​សង្កាត់​អូរស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ជាង ២​ពាន់​គ្រួសារ នៅ​តែ​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ទឹក​ប្រើប្រាស់​នៅ​ឡើយ។

ដោយសារ​ការ​ខ្វះ​ទឹក​នេះ ក្រុម​អ្នក​ភូមិ​បាន​ចោទ​ប្រកាន់​ចៅ​សង្កាត់​អូរស្មាច់ ថា​បាន​ឆ្លៀត​កេង​យក​ចំណេញ ដោយ​បូម​យក​ទឹក​អណ្ដូង​ដែល​ជា​ជំនួយ​របស់​អង្គការ ហ្សូអា (ZOA) យក​ទៅ​លក់​ដូរ​ដើម្បី​ប្រមូល​កម្រៃ​ផ្ទាល់​ខ្លួន មិន​ចែក​ជូន​អ្នក​ភូមិ​បាន​ប្រើប្រាស់​ទេ។

ប្រជាពលរដ្ឋ​នៅ​ភូមិ​គីរីមង្គល ប្រមាណ​ជាង ២០០​គ្រួសារ មិន​សប្បាយ​ចិត្ត​ជាមួយ​ចៅ​សង្កាត់​អូរស្មាច់ ទេ។ ពួក​គេ​ចោទ​ប្រកាន់​ថា បច្ចុប្បន្ន​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​រស់នៅ​លើ​ខ្នង​ភ្នំ​កំពុង​តែ​ខ្វះ​ទឹក បែរ​ជា​លោក​ចៅ​សង្កាត់ ឆ្លៀត​យក​អណ្ដូង​ទឹក​ដែល​ជា​អំណោយ​របស់​អង្គការ ហ្សូអា ជីក​ឲ្យ​ប្រើប្រាស់​សម្រាប់​សាធារណៈ ទៅ​ធ្វើ​ជា​របស់​ឯកជន ហើយ​ដាក់​ម៉ូទ័រ​បូម​យក​ទឹក​លក់​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​វិញ។

បុរស​អ្នក​ភូមិ​គីរីមង្គល ម្នាក់​ក្នុង​ចំណោម​ជាច្រើន​ទៀត គឺ​លោក រិទ្ធី។ លោក​អះអាង​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​ឧសភា ថា បច្ចុប្បន្ន បើ​ទោះ​បី​ជា​មាន​ភ្លៀង​ធ្លាក់​ខ្លះៗ​ហើយ​ក៏ដោយ ក៏​គ្រួសារ​របស់​លោក និង​អ្នក​ភូមិ​ជាច្រើន​ទៀត​នៅ​តែ​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ទឹក​ប្រើប្រាស់​នៅ​ឡើយ។ លោក រិទ្ធី អាក់​អន់​ចិត្ត​ចំពោះ​ចៅ​សង្កាត់​អូរស្មាច់ ដែល​យក​អណ្ដូង​មួយ​របស់​អង្គការ ហ្សូអា ជីក​ក្បែរ​សាលា​សង្កាត់ ទៅ​ឲ្យ​កូន បូម​ទឹក​លក់​ជា​រៀង​រាល់​ថ្ងៃ៖ «ព្រលឹម​ឡើង​ក៏​បូម ថ្ងៃ​ឡើង​ក៏​បូម បូម​រាល់​ថ្ងៃ គេ​បូម​លក់​មែន។ ខ្ញុំ​មួយ​រយៈ​កាល​កន្លង​មក ទិញ​គេ ហើយ​ប្រជាជន​នៅ​ទីនេះ​ភាគ​ច្រើន​សុទ្ធតែ​ទិញ​ទឹក​គេ»

ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា នៅ​សង្កាត់​អូរស្មាច់ កន្លង​មក គឺ​អង្គការ ហ្សូអា បាន​ជីក​អណ្ដូង​ចំនួន​ពីរ គឺ​មួយ​នៅ​ជិត​សាលា​សង្កាត់ និង​មួយ​ទៀត​នៅ​ក្នុង​ភូមិ​គីរីមង្គល។ បច្ចុប្បន្ន អណ្ដូង​ទាំង​នោះ គឺ​ចៅ​សង្កាត់​អូរស្មាច់ បាន​ឲ្យ​កូន​របស់​គាត់​បូម​យក​ទឹក​លក់ ឯ​អណ្ដូង​មួយ​ទៀត គឺ​ម្ចាស់​ដី​ឡូត៍​កាន់​កាប់​បូម​យក​ទឹក​លក់​ដូច​គ្នា មិន​ចែក​ចាយ​ឲ្យ​សាធារណៈ​បាន​ប្រើប្រាស់​ទេ។

នៅ​សង្កាត់​អូរស្មាច់ លើ​ខ្នង​ភ្នំ​ដងរែក ចាប់​តាំង​ពី​អំឡុង​ខែ​មេសា រហូត​មក​ដល់​ជាង​ពាក់​កណ្ដាល​ខែ​ឧសភា គឺ​មាន​ការ​ខ្វះ​ទឹក​ប្រើប្រាស់​យ៉ាង​ខ្លាំង រហូត​ដល់​អាជ្ញាធរ​ខេត្ត និង​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល បាន​ប្រើ​រថយន្ត​ចំនួន ១០​គ្រឿង ដឹក​ទឹក​ឡើង​យក​ទៅ​ចែក​ជូន​អ្នក​ភូមិ​ជា​រៀង​រាល់​ថ្ងៃ ប៉ុន្តែ​សកម្មភាព​ដឹក​ទឹក​យក​ទៅ​ចែក​ជូន​នេះ បាន​ផ្អាក​រយៈពេល​ជាង​មួយ​សប្ដាហ៍​មក​ហើយ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់ ហើយ​មាន​ទឹក​ដក់​នៅ​តាម​កន្លែង​ខ្លះៗ​មក។

ចៅ​សង្កាត់​អូរស្មាច់ លោក ភេម សំអាត បាន​បដិសេធ​ចោល​ការ​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ ដែល​ថា​រូប​លោក​បាន​យក​អណ្ដូង​ទឹក​ជា​អំណោយ​របស់​អង្គការ ទៅ​ឲ្យ​កូន​បូម​ទឹក​លក់​នោះ គឺ​ជា​ការ​មិន​ពិត​ទេ។ លោក​ចៅ​សង្កាត់​មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ខែ​មេសា អាជ្ញាធរ​សង្កាត់​បាន​ដោះ​ស្នប់​ដៃ​ចេញ​ពី​អណ្ដូង ដែល​អង្គការ ហ្សូអា ជីក​ឲ្យ​នោះ ហើយ​ដាក់​ម៉ូទ័រ​ជំនួស ដើម្បី​បូម​យក​ទឹក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ជាង ២​ពាន់​គ្រួសារ​នៅ​ក្នុង​រដូវ​ដែល​ខ្សត់​ទឹក​ខ្លាំង។ ប៉ុន្តែ​រយៈពេល​ជាង​មួយ​សប្ដាហ៍​ចុង​ក្រោយ​មក​នេះ គឺ​អាជ្ញាធរ​សង្កាត់​ឈប់​ទទួល​ខុស​ត្រូវ​លើ​ការ​បូម​ទឹក​អណ្ដូង​ចែក​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​ទៀត​ហើយ ពីព្រោះ​មាន​ភ្លៀង​ធ្លាក់​ដក់​ទឹក​នៅ​កន្លែង​ខ្លះ ដែល​អ្នក​ភូមិ​អាច​ទៅ​រក​ដង​ទឹក​យក​មក​ប្រើប្រាស់​បាន​ដោយ​ខ្លួន​ឯង។

លោក ភេម សំអាត ច្រាន​ចោល​ថា បន្ទាប់​ពី​អាជ្ញាធរ​ឈប់​បូម​ទឹក​ចែក​ជូន​ប្រជាពលរដ្ឋ​មក គឺ​អ្នក​ដែល​នៅ​ជិត​អណ្ដូង បាន​ទិញ​ម៉ូទ័រ​មក​ដាក់ ហើយ​បើ​អ្នក​ភូមិ​ណា​ត្រូវ​ការ​ទឹក​ប្រើប្រាស់ ត្រូវ​ជួយ​ចេញ​លុយ​ថ្លៃ​អគ្គិសនី និង​ថ្លៃ​ម៉ូទ័រ​របស់​គេ មិន​មែន​លោក​ជា​អ្នក​លក់​ទឹក​នោះ​ទេ៖ «អ្នក​នៅ​ក្បែរ​ម្ចាស់​អណ្ដូង​ហ្នឹង គឺ​គាត់​ត​ទុយោ គាត់​ទិញ​ម៉ូទ័រ​ដាក់ បើ​ពលរដ្ឋ​ខ្វះ​ទឹក អាច​ទៅ​យក​បាន តែ​ជួយ​ចេញ​ថ្លៃ​ភ្លើង និង​ថ្លៃ​ម៉ូទ័រ​ដែល​គេ​ទិញ»

ទោះ​យ៉ាង​ណា ពលរដ្ឋ​ភូមិ​គីរីមង្គល ម្នាក់​នៅ​តែ​អះអាង​ថា លោក​ចៅ​សង្កាត់​អូរស្មាច់ ពិត​ជា​បាន​យក​អណ្ដូង​ទឹក​នៅ​ក្បែរ​សាលា​សង្កាត់ ឲ្យ​កូន​បូម​ទឹក​លក់​មែន មិន​មែន​ជា​ការ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ជួយ​ចេញ​ថ្លៃ​ភ្លើង ឬ​ក៏​ថ្លៃ​ម៉ូទ័រ​នោះ​ឡើយ៖ «គេ​លក់​មួយ​ប៊ីដុង​ចំណុះ ៣០​លីត្រ ថ្លៃ ៥០០​រៀល​លុយ​ខ្មែរ។ អណ្ដូង​ទល់​មុខ​សង្កាត់ គឺ​មេ​ឃុំ​ផ្ទាល់​តែ​ម្ដង។ ឯ​អណ្ដូង​មួយ​ទៀត គេ​បើក​ឲ្យ​ពលរដ្ឋ​ដែល​គ្រប់គ្រង​អណ្ដូង ហ្សូអា ដំបូង​ដាក់​លក់»

មេ​ភូមិ​គីរីមង្គល លោក សឿន សុខុម ក៏​អះអាង​ប្រហាក់​ប្រហែល​នឹង​ប្រជាពលរដ្ឋ​ដែរ​ថា អណ្ដូង​ទឹក​ចំនួន​ពីរ​ដែល​ជា​ជំនួយ​របស់​អង្គការ ហ្សូអា ជីក​ឲ្យ​នោះ គឺ​ពិត​ជា​គេ​កំពុង​យក​ទៅ​ធ្វើ​អាជីវកម្ម​ផ្ទាល់​ខ្លួន​មែន។ លោក​មេ​ភូមិ​គីរីមង្គល បញ្ជាក់​ថា បច្ចុប្បន្ន នៅ​ភូមិ​របស់​លោក​មាន​ប្រជាពលរដ្ឋ​ជាង ២០០​គ្រួសារ ដែល​កំពុង​ខ្វះ​ទឹក​ប្រើប្រាស់ ប៉ុន្តែ​ពួក​គេ​មិន​មាន​ប្រាក់​ទៅ​ទិញ​ទឹក​អណ្ដូង​ទាំង​ពីរ​នោះ​ទេ ពីព្រោះ​គេ​លក់​ទឹក​ថ្លៃ​ពេក សុខ​ចិត្ត​ទៅ​ទិញ​ទឹក​ពី​កន្លែង​ឆ្ងាយៗ​វិញ៖ «គេ​អត់​មាន​ចែក គេ​អត់​មាន​យក​ថ្លៃ​ភ្លើង​ទេ គឺ​លក់​តែ​ម្ដង។ បាន​ជា​ខ្ញុំ​ថា​គេ​លក់ ពីព្រោះ​អ្នក​រស់នៅ​ជិត​ហ្នឹង​មិន​បាន​ទឹក​អណ្ដូង​ប្រើប្រាស់​ទេ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែងរក​ការ​ទាក់ទង​អង្គការ ហ្សូអា ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​រឿង​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​ឧសភា។

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន យល់​ថា ការ​ដែល​ចៅ​សង្កាត់​អូរស្មាច់ យក​អណ្ដូង​ទឹក​ដែល​ជា​ជំនួយ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​សម្រាប់​បម្រើ​ប្រយោជន៍​សាធារណៈ ទៅ​លក់​ទឹក ដើម្បី​កម្រៃ​ឯកជន​ដូច​នេះ គឺ​មិន​ត្រឹមត្រូវ​ទេ។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ក្រុង​សំរោង និង​ខេត្ត​ឧត្តរមានជ័យ គួរ​ចាត់​វិធានការ​បញ្ឈប់​សកម្មភាព​នេះ​ជា​បន្ទាន់ ដើម្បី​ជៀសវាង​កុំ​ឲ្យ​ប៉ះពាល់​ដល់​ទឹក​ចិត្ត​ម្ចាស់​ជំនួយ​ផ្សេងៗ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។