​ក្បួន​រថយន្ត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​២៣​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ទៅ​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​

​ក្រោយពី​មានការ​ចរចា​គ្នា​រវាង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​សមត្ថកិច្ច​មក​នោះ គិត​ត្រឹម​ម៉ោង​៣​រសៀល ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៦ នេះ គេ​សង្កេតឃើញថា សមត្ថកិច្ច បានអនុញ្ញាត​ឲ្យ​ក្បួន​រថយន្ត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​២៣​រថយន្ត ដែលមាន​តំណាងរាស្ត្រ ៣៦​រូប ទៅ​ដាក់​ញត្តិ​នៅ​រដ្ឋសភា និង​ថ្វាយ​ព្រះមហាក្សត្រ ។​

លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម​ណ្ឌ​កណ្តាល និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​ថា​លោក ហូរ វ៉ាន់ និង​លោក ឡុង រី ដែលជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​អ្នកដឹកនាំ​ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ចរចា​ជាមួយ​សមត្ថកិច្ច​ដើម្បី​នាំ​ញត្តិ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​។​

ក្រោយ​ការចរចា​រវាង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​សមត្ថកិច្ច​ដែល​ពីតំបូង​ព្យាយាម​រារាំង​សកម្មភាព​ហែ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ គេ​សង្កេតឃើញថា​ភាគី​ទាំងពីរ​បាន​សម្រប​ស្រួល​គ្នា​ដោយ​អនុញ្ញាត​ឲ្យ​ក្បួន​រថយន្ត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​២៣​គ្រឿង​ប៉ុណ្ណោះ ដើម្បី​ហែ​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ ចំណែក​ក្បួន​រថយន្ត​សកម្មជន ម៉ូតូ​កង់​បី និង​ម៉ូតូ សមត្ថកិច្ច​មិន​អនុញ្ញាត​ឲ្យ​មាន​ការហែក្បួន​តាម​រថ​យន្ត​តំណាងរាស្ត្រ​ឡើយ​។​

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រមូល​ស្នាម​មេដៃ​បាន​ជាង​២០​ម៉ឺន​នាក់ នៅ​ទូទាំងប្រទេស​ដើម្បី​ដាក់ថ្វាយ​ព្រះមហាក្សត្រ​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ដែល​កំពុង​ជាប់​ជុំ និង​ធ្វើ​ព្រះរាជអន្តរាគមន៍​ក្នុងករណី​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​។

ជុំវិញ​ការ​ដង្ហែរ​ក្បួន​នាំ​ញត្តិ​ខាងលើនេះ លោក អេង ឆៃអ៊ាង បានស្នើ​ឲ្យ​អាជ្ញាធរ​សម្រួល​ចរាចរណ៍ ដើម្បី​កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ និង​បញ្ចៀស​ការប៉ះទង្គិច​ណាមួយ ហើយ​លោក​បញ្ជាក់ទៀតថា​ការ​ដង្ហែ​ក្បួន​សុំច្បាប់​អនុញ្ញាត​មានតែ​ក្នុង​របប​កុម្មុយនីស្ត​នោះទេ​។

13319789_802978383137459_1976601036940681825_n13331095_803007303134567_2262096973981484605_n13319711_803007316467899_2341835467648457362_n 13315306_1114600815263317_7723683968928366218_n