បង​នៅ​ទីណា? អូន​មាន​ផ្ទៃពោះ​៣​ខែ​ហើយ

រាជធានី​ភ្នំពេញ ៖ ​កម្មការិនី​រោងចក្រ​ម្នាក់​បាន​រស់​នៅ​ជាមួយ​ប្រុស​ស្នេហ៍​របស់​នាង​ដូច​ប្តី​ប្រពន្ធ ពេល​សួរនាំ​រឿង​ចូល​ស្តីដណ្ដឹង​រៀប​ការ និង​ប្រាប់​ថា នាង​ផ្ទៃ​ពោះ​៣​ខែ​ហើយ​ស្រាប់​តែ​ប្រុស​ព្រានអប្រិយ​​បាន​រត់គេច​ខ្លួន​បាត់ ធ្វើ​ឲ្យ​នាង​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង​ក៏​​មក​ប្តឹង​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​ចោម​ចៅ​កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៦ ឲ្យ​ជួយ​អន្តរាគមន៍​និង​ជួយ​ស្វែងរក​​ប្រុស​ព្រាន​ម្នាក់​នេះ​មក​ទទួលខុសត្រូវ​ផង ។

ស្ត្រី​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នាង​មាន​អាយុ​២៩​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​មួយ​កន្លែង ចំណែក​ប្រុស​ព្រាន​អប្រិយ​ដែល​បោកប្រាស់​ខ្លួនប្រាណ​នាង​រហូត​មាន​ផ្ទៃពោះ​៣​ខែ​ឈ្មោះ ធូ​ន រ៉ា អាយុ​៣៣​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​សំពៅ ឃុំ​ព្រៃឈរ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។

ស្ត្រី​រង​គ្រោះ​បាន​បន្ត​ថា កាលពី​ឆ្នាំ​២០១៥ ប្រហែលជា​៧​ខែ​មុន ដោយសារ​ស្នាក់​នៅផ្ទះ​ជួល​ជិត​គ្នា ប្រុស​ព្រាន​អប្រិយ​រូប​នោះ​បាន​លួងលោម និង​តាម​សុំ​ស្នេហ៍​នាង​រហូត​នាង​បាក់ចិត្ត ព្រមទាំង​បាន​សន្យា​ថា​នឹង​ចូល​ស្តីដណ្ដឹង​នាង​យក​ធ្វើ​ជា​ប្រពន្ធ​បន្ទាប់​ពី​ចូល​ឆ្នាំ​ខ្មែរ​រួច​ទៀត​ផង ។ ដោយសារ​តែ​សំដី​ផ្អែមល្ហែម លួងលោម នាង​ក៏​បាក់ចិត្ត​ជឿ​ស្លុង​រហូត​ព្រម​ប្រគល់​ខ្លួន​ប្រគល់​ប្រាណ ព្រមទាំង​រស់នៅ​ជាមួយ​គ្នា​ដូច​ប្តី​ប្រពន្ធ​ទៀត​ផង តែ​ទីបំផុត​ក្រោយ​ពេល​ចូល​ឆ្នាំ​ខ្មែរ​ហើយ នាង​ក៏​បាន​សួរនាំ​រឿង​ចូល​ស្តីដណ្ដឹង​រៀប​ការ ព្រមទាំង​ប្រាប់​ពី​រឿង​នាង​មាន​ផ្ទៃពោះ​៣​ខែ​ទៅ​ហើយ ស្រាប់តែ​ប្រុស​ព្រាន​អប្រិយ​រូប​នោះ​គេចខ្លួន​បាត់​តែ​ម្តង ។ ដោយ​គ្មាន​មធ្យោបាយ​ទើប​ពេល​នេះ​នាង​មក​សុំ​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ចោម​ចៅ​ជួយ​នាង​ផង ៕