តារាក្នុងដួងចិត្ត យុវវ័យ DJ Nana ជ្រោមជ្រែងទឹកចិត្តបេក្ខជន មិនទាន់ធ្លាក់នៃកម្មវិធី មុខរបរខ្ញុំ

ភ្នំពេញ៖ ពិធីការិនីល្បីឈ្មោះ ដែលទទួលបានការគាំទ្រខ្លាំងពីយុវជនខ្មែរ នឹងចូលរួមក្នុងកម្មវិធីជីវិតពិត របស់ស្ថានីយទូរទស្សន៍ ភីអិនអិន សប្តាហ៍នេះ។ 

កញ្ញា នាង សុវ៉ាតណា ដែលយុវវ័យជាច្រើនស្គាល់ថា DJ Nana នឹងចូលរួមជាមួយនឹងបេក្ខជន ៥នាក់ចុងក្រោយក្នុងសប្ដាហ៍ទី១២ របស់កម្មវិធី “មុខរបរខ្ញុំ” ឬ My Place ។ វត្តមានរបស់ Nana នៅពេលនេះ គឺដើម្បីពិភាក្សាជម្រុញទឹកចិត្តបេក្ខជន ទាំង៥រូប ទៅលើភាពជឿជាក់ និងកំលាំងចិត្តរបស់ពួកគេ ក្នុងកម្មវិធី។

ជាមួយបទពិសោធន៍ជាច្រើន ក៏ដូចជាជោគជ័យលើបណ្តាញផ្សព្វផ្សាយ កន្លងមក Dj Nana ដែលទើបតែមានវ័យ២៩ ឆ្នាំ រំពឹងថានឹងអាចញ៉ាំងឲ្យ បេក្ខជននៅសល់ក្នុងកម្មវិធីកាន់តែជឿជាក់លើគោលដៅរបស់ខ្លួន ទាំងក្នុងកម្មវិធី ក៏ដូចជាក្នុងជីវិតឯកជនរបស់ពួកគេ។       

Dj រូបនេះលើកឡើងថា “ជោគជ័យស្ថិតនៅចំណុចណាមួយក្បែរ នឹងខ្លួនអ្នក ដូច្នេះអ្នកត្រូវចាប់យកវាដោយ កុំស្ទាក់ស្ទើរ នៅទីបំផុតអ្នកប្រហែល អាចនឹងភ្ញាក់ផ្អើលពីសមត្ថភាពដែលអ្នកមាន។ កម្មវិធី “មុខរបរខ្ញុំ” គឺជាឱកាសដ៏ល្អសម្រាប់អ្នកដើម្បីបញ្ជាក់ពីសមត្ថភាពរបស់អ្នកចំពោះខ្លួនឯង និងអ្នកដទៃ”។ 

“មុខរបរខ្ញុំ” របស់ ភីអិនអិន ជាកម្មវិធីជីវិតពិតមួយ បានចាក់ផ្សាយចាប់តាំងពីអំឡុងខែមេសាមក ដោយបានធ្វើឲ្យទស្សនិកជន ទាំងក្មេងទាំងចាស់ទទួលបាននូវទស្សនីយភាពថ្មី និងគាំទ្រយ៉ាងច្រើនកុះករ។ ចាប់តាំងពីវគ្គដំបូង “មុខរបរខ្ញុំ” មានបេក្ខជនចូលរួមសរុប ១៣នាក់ ត្រូវប្រជែងគ្នា ក្នុងការបង្កើតឲ្យចេញនូវអាជីវកម្មពិតប្រាកដមួយពោលគឺ ភោជនីយដ្ឋានពិតៗតែម្តង។

ក្រោយបង្កើតឲ្យលេចជារូបរាងនូវភោជនីយដ្ឋានរួចមក ពេលនេះបេក្ខជនទាំងអស់ កំពុងប្រជែងគ្នាក្នុងវិញ្ញាសាថ្មី គឺជារបរលក់ផ្កា តាមដងវិថីក្នុងរាជធានីភ្នំពេញ។

គំនិតចម្បងពីកម្មវិធី គឺចង់ផ្តល់ឲ្យទស្សនិកជនរបស់ខ្លួននូវគំនិតថ្មីៗ ក្នុងការបង្កើតមុខរបរ ឬអាជីវកម្មសមរម្យមួយ។

ផលិតករកម្មវិធី “មុខរបរខ្ញុំ” លោក នូ ចំណាប់ បានប្រាប់ឲ្យដឹងថា “យើងបានចាប់ផ្តើមកម្មវិធី ជាមួយនឹងបេក្ខជនសរុប ១៣នាក់ ប៉ុន្តែមកទល់ពេលនេះច្រើនជាងពាក់កណ្តាលនៃពួកគេ ត្រូវបានបោះឆ្នោតទម្លាក់ចេញពីកម្មវិធី។ ហើយបេក្ខជនដែលមិនទាន់ធ្លាក់ សុទ្ធសឹងតែជាអ្នកស័ក្ដិសម និងមានសមត្ថភាពអាចបង្កើតអាជីវកម្មថ្មីមួយ”។

កម្មវិធី “មុខរបរខ្ញុំ” រំពឹងថា នឹងបញ្ចប់ទៅនាខែមិថុនា ជាមួយនឹងបេក្ខជន៥នាក់ចុងក្រោយនៃកម្មវិធី ហើយគ្រោងនឹងចាប់ផ្តើមរដូវថ្មីរបស់ខ្លួន បន្ទាប់ពីរដូវកាលទី១ បញ្ចប់ទៅ។ ផលិតករកម្មវិធីរូបនេះបញ្ជាក់បន្តថា “ពួកយើងនៅមានអ្វីដែលកាន់តែទាក់ទាញជាងនេះ ពីកម្មវិធីរដូវកាលទី២”។

សម្រាប់អ្នកមានចំណាប់អារម្មណ៍ចូលរួមប្រកួតប្រជែងក្នុងកម្មវិធី “មុខរបរខ្ញុំ” រដូវកាលទី២ អាចផ្ញើប្រវត្តិរូប តាមរយៈ www.facebook.com/pnnmyplace ឬទាក់ទងមកទូរសព្ទលេខ 087 569 756៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload