សាស្ត្រាចារ្យ និង​និស្សិត​ពេទ្យ ១០៥​នាក់ ចុះ​ព្យាបាល​ឥត​គិត​ថ្លៃ​នៅ​កោះធំ

កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ សាស្ត្រាចារ្យ និង​និស្សិត​ពេទ្យ ១០៥​នាក់ របស់​សាកលវិទ្យាល័យ​ពុទ្ធិសាស្ត្រ បាន​រៀបចំ​កម្មវិធី​គាំពារ​សុខភាព​សហគមន៍ UP នៅ​ស្រុក​កោះ​ធំ ខេត្ត​កណ្ដាល ដោយ​ជួយ​ព្យាបាល​ឥត​គិត​ថ្លៃ​​ជូន​ប្រជាពលរដ្ឋ​ប្រមាណ ៥០០​នាក់។

 

សាស្ត្រាចារ្យ និង​និស្សិត​ពេទ្យ ១០៥​នាក់ ចុះ​ព្យាបាល​ឥត​គិត​ថ្លៃ​នៅ​កោះធំ

 

គោល​បំណង​នៃ​ការ​បង្កើត​កម្មវិធី​គាំពារ​សុខភាព​សហគមន៍​នេះ​ឡើង គឺ​ដើម្បី​ចូលរួម​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​ពី​បញ្ហា​សុខភាព និង​ចូលរួម​កាត់​បន្ថយ​បន្ទុក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​ការ​ចំណាយ​លើ​ការ​ព្យាបាល​ជំងឺ ព្រម​ទាំង​ផ្ដល់​បទ​ពិសោធន៍​ដល់​ប្អូនៗ​និស្សិតពេទ្យ នៃ​សាកលវិទ្យាល័យ​ពុទ្ធិសាស្ត្រ ក្នុង​ការ​អនុវត្តន៍​ជាក់​ស្ដែង​​ចូលរួម​លើក​ស្ទួយ​លើ​ការងារ​មនុស្ស​ធម៌​នៅ​ក្នុង​សង្គម​ផង​ដែរ។

 

កម្មវិធី​គាំពារ​សុខភាព​សហគមន៍ UP លើកទី២ នេះ បាន​ប្រព្រឹត្ត​ទៅ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដែល​ទទួល​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ម៉ោង ៧.៣០ព្រឹក រហូតដល់ ម៉ោង ១៥.៣០រសៀល។ ក្នុង​ពិធី​បើក​កម្មវិធី​គាំពារ​សុខភាព​សហគមន៍​នេះ មាន​វត្តមាន​លោក គិត ច័ន្ទគ្រឹស្នា សកលវិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ពុទ្ធិសាស្ត្រ និង​លោក​វរសេនីយ៏ត្រី ឈឿន ប៊ុនឆន អធិការ​នគរបាល​ស្រុក​កោះធំ​ផង​ដែរ។

 

កម្មវិធី​គាំពារ​សុខភាព​សហគមន៍​នេះ បាន​ផ្ដល់​សេវា​អប់រំ ពិនិត្យ និង​ព្យាបាល​បញ្ហា​សុខភាព ជូន​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​កោះ​ធំ​ដូចជា៖

 

១. អប់រំ​អំពី​ការ​ថែ​រក្សា​អនាម័យ ការ​ថែទាំ​សុខភាព និង​ការ​ព្យាបាល​ដោយ​មិន​បាច់​ប្រើ​ថ្នាំ​ដូច​ជា​ការ​ឈឺ​ខ្នង ចង្កេះ ស្មា សំអាត​មាត់​ធ្មេញ ។ល។
២. ការពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ រោគ​កុមារ មនុស្សចាស់
៣. ការពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ
៤. ការ​ពិនិត្យ​ផ្ទៃពោះ និង​ការ​ណែនាំ​ពី​ការ​ថែរក្សា​គភ៌
៥. របៀប​ធ្វើ​អាហារ​គ្រប់​គ្រឿង
៦. ការ​ផ្ដល់​ថ្នាំ​តាម​វេជ្ជបញ្ជា
៧. ផ្ដល់​ការ​អប់រំ តាម​រយៈ​ការ​ហូប​ស្អាត ការ​ផឹក​ស្អាត និង​ការ​រស់នៅ​ស្អាត។

 

សាស្ត្រាចារ្យ និង​និស្សិត​ពេទ្យ ១០៥​នាក់ ចុះ​ព្យាបាល​ឥត​គិត​ថ្លៃ​នៅ​កោះធំ

 

បន្ទាប់​ពី​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​បាន​បញ្ចប់ អធិការដ្ឋាន​នគរបាល​ស្រុក​កោះ​ធំ ក៏​បាន​រៀបចំ​ពិធី​សូត្រ​មន្ត​សុំ​សេចក្ដី​សុខ និង​ការ​ពិសា​អាហារ​សាមគ្គី​ពេល​ល្ងាច សម្រាប់​ក្រុម​ការងារ​គ្រូពេទ្យ និង​និស្សិត​ស្ម័គ្រចិត្ត និង​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​បី​ទូទាំង​ស្រុក​កោះ​ធំ​ផង​ដែរ។ នេះជាលើកទី២ ដែល​កម្មវិធី​គាំពារ​សុខភាព​សហគមន៍ UPត្រូវ​បាន​រៀបចំ​ឡើង ដោយ​លើក​ទី១ កម្មវិធី​គាំពារ​សុខភាព​សហគមន៍ UP បាន​ចុះ​ទៅ​ធ្វើការ​អប់រំ ព្យាបាល និង​ពិនិត្យ​ជំងឺ ជូន​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ស្រុក​ទ្រាំង ខេត្ត​តាកែវ កាល​ពី​ឆ្នាំ ២០១៥៕

 

សាស្ត្រាចារ្យ និង​និស្សិត​ពេទ្យ ១០៥​នាក់ ចុះ​ព្យាបាល​ឥត​គិត​ថ្លៃ​នៅ​កោះធំ

 

សាស្ត្រាចារ្យ និង​និស្សិត​ពេទ្យ ១០៥​នាក់ ចុះ​ព្យាបាល​ឥត​គិត​ថ្លៃ​នៅ​កោះធំ

 

អត្ថបទ & រូបភាព៖ ដៃគូ​សហការ