សម្ពោធ​ស្រះ​ទឹក​ ដែល​ជា​អំណោយ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុនរ៉ានី ​ហ៊ុន សែន​​

សម្ពោធ​ស្រះ​ទឹក​ ដែល​ជា​អំណោយ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុនរ៉ានី ​ហ៊ុន សែន​​



ព្រះសីហនុ ៖ ស្រះ​ទឹក​ដ៏​ធំ​មួយ​មាន​ទទឹង​៨៥​ម៉ែត្រ​ បណ្តោយ​ប្រវែង​១៥៥​ម៉ែត្រ ​​ជម្រៅ​៣​ម៉ែ​ត្រ ​និង​ផ្ទះ​ឈើ​មួយ​ខ្នង​ទំហំ​៤​គុណ​៥​ សាងសង់​ឈើ​ប្រក់​ដែក​ស័ង្កសី​ជូន​គ្រួសារ​ក្រីក្រ​មួយ​គ្រួសារ ​ដែល​​ចំណាយ​ថវិកា​សរុប​អស់​១៣០០០​ដុល្លារ​អាមេរិក ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ត្រូវ​បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​រសៀល​ថ្ងៃទី​២៨ ខែ​​ឧសភា​ ក្រោម​អធិបតី​ លោក យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សី​ហ​នុ​ និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ​។

​ស្រះ​ទឹក​ជីក​ស្ដារ​ជាថ្មី ​ដែល​អាច​ស្តុក​ទឹកបាន​ប្រមាណ​១​ម៉ឺន​៧៣​ម៉ែត្រគូប​នេះ​ស្ថិត​នៅ​ក្នុង​ឃុំ​ទឹកល្អក់ ស្រុក​ព្រៃនប់ ​ខេត្ត​ព្រះសីហនុ​។

សូម​បញ្ជាក់​ថា ឃុំ​ទឹកល្អក់​នេះ​មាន​៤​ភូមិ និង​មាន​ផ្ទៃដី​សរុប​១,២៩៦.៧០​ហិកតា ក្នុង​នោះ​ដី​កសិកម្ម​ចំនួន ៧០០​ហិកតា ដី​ព្រៃ​៤៨០​ហិកតា ដី​លំនៅ​ដ្ឋាន ១១៦.៧០​ហិកតា មាន​ប្រជាពលរដ្ឋ​សរុប​ចំនួន ៩៣៣​គ្រួសារ មនុស្ស​សរុប ៤,៧៨៧​នាក់ ស្រី​២,៥៣៩​នាក់។​

លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​ប្រជាពល​រដ្ឋ​ និង​បាន​លើក​ឡើង​ថា ​នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត ​ដែល​ខេត្ត​ព្រះសីហនុ សម្រេច​បាន​តាម​អនុសាសន៍​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ​រាជធានី ខេត្ត​រៀបចំ​ស្ដារ ​ស្រះ ត្រពាំង បឹងបួ ​នៅ​តាម​មូលដ្ឋាន​ឡើងវិញ ដើម្បី​ត្រៀម​បម្រុង​ស្តុក​ទឹក​ទុក​នៅ​រដូវប្រាំង ព្រោះថា ​រដូវប្រាំង​ឆ្នាំ​២០១៦​នេះ នៅ​ទូទាំង​ប្រ​ទេស​កម្ពុជា ទទួលរង​គ្រោះ​រាំង​ស្ងួត​ ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ទាំងមូល​មាន​ការ​ឡើង​កម្តៅ​យ៉ាង​ខ្លាំ​ង ​ចំនែក ​ត្រពាំង បឹងបួ ត្រូវ​រីងស្ងួត ហួតហែង​ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​យើង​ត្រូវ​ធ្វើការ​ស្ដារ​ស្រះ ត្រពាំង បឹងបួ ​និង​ជីក​អណ្ដូងទឹក ​ជីក​ស្រះ​ទឹក ​ឲ្យ​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត ដើម្បី​ត្រៀម​ទប់ស្កាត់​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​នៅ​រដូវប្រាំង​ឆ្នាំ​ខាងមុខ​ទៀត។​

លោក យន្ត មីន បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន​រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តែងតែ​យក​ចិត្ត​ទុក​ដា​ក់​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើ​យ គឺ​ធ្វើ​យ៉ាង​ណា​ជួយ​ប្រជាពលរដ្ឋ​ដែល​ជួប​បញ្ហា​ប្រឈម​ឲ្យ​បាន​ទាន់​ពេល​វេលា គឺ​ទីណា​មានការ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​នៅ​ជិត​ប្រជាពលរដ្ឋ​ជានិច្ច។

នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្រះ​ទឹក​នេះ​ដែរ​ លោក​អភិបាលខេត្ត​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ថែរក្សា​ស្រះ​ទឹក​មួយ​នេះ​ ដោយ​ទុកជា​សម្បត្តិ​រួម​របស់​យើង​ទាំង​អស់គ្នា​ឲ្យ​បាន​គង់វង្ស ​ដើម្បី​ប្រើប្រាស់​បាន​យូរ​អង្វែង​ទៅ​ថ្ងៃ​អនាគត​៕

សម្ពោធ​ស្រះ​ទឹក​ ដែល​ជា​អំណោយ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុនរ៉ានី ​ហ៊ុន សែន​​

សម្ពោធ​ស្រះ​ទឹក​ ដែល​ជា​អំណោយ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុនរ៉ានី ​ហ៊ុន សែន​​