ស្ថានទូត​កម្ពុជា​​នៅ​ឥណ្ឌូណេស៊ី​ កំពុង​រៀបចំ​នាំ​ពលករ​ខ្មែរ​រងគ្រោះ​ចំនួន​ ៥៤​នាក់ មក​កម្ពុជា​វិញ​

ស្ថានទូត​កម្ពុជា​​នៅ​ឥណ្ឌូណេស៊ី​ កំពុង​រៀបចំ​នាំ​ពលករ​ខ្មែរ​រងគ្រោះ​ចំនួន​ ៥៤​នាក់ មក​កម្ពុជា​វិញ​



ភ្នំពេញ ៖ តាម​របាយការណ៍​ចុងក្រោយ​ដែល​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ទទួល​បាន​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹង​ថា ស្ថានទូត​បាន​សហការ​ជាមួយ​អាជ្ញាធរ​ឥណ្ឌូណេស៊ី និង​អង្គការ​អន្តរជាតិ​ទេសន្ត​ប្រវេសន៍ (IOM) រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពលករ​ខ្មែរ​រងគ្រោះ​ចំនួន​៥៤ នាក់ ពី​កោះ Pontianak ប្រទេស​ឥណ្ឌូ​-​ណេ​ស៊ី មក​កម្ពុជា​វិញ ដោយ​ចែកចេញជា​ពីរ​ក្រុម នេះ​បើ​តាម​អ្នកនាំពាក្យ​។

លោក ជុំ សុន្ទរី មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែង​កាលពី​ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ​២០១៦ ថា ក្រុមទី​១ មាន​ចំនួន​២៧​នាក់ បាន​មក​ដល់​អាកាសយានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង ៥ ល្ងាច តាម​ជើង​យន្តហោះ MH៧៦២ និង​ក្រុម​ទី​២ មាន​ចំនួន​២៧ នាក់ នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង ៥ និង​១០ នាទី​ល្ងាច តាម​ជើង​យន្តហោះ MH៧៦២។

ទាក់ទង​បញ្ហា​នេះ​ដែរ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​អន្តរាគមន៍​ជួយ​ពល​ការិនី​ខ្មែរ​ចំនួន​០១ នាក់ ឈ្មោះ ហេង តូច អាយុ​២៦ ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​អំពិល​កញ្ច្រិញ ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ ដែល​បាន​ទៅធ្វើ​ការ​ជា​ស្ត្រី​ជំនួយការ​មេផ្ទះ នៅ​ប្រទេស​ម៉ាឡេស៊ី តាំងពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១១ តាមរយៈ​ក្រុមហ៊ុន PH នៅ​កម្ពុជា និង​ក្រុមហ៊ុន LAW & CHEW នៅ​ម៉ាឡេស៊ី និង​បាន​ទៅ​ស្ថានទូត នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៦ សុំ​ជួយ​ឲ្យ​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ។

តាម​លោក ជុំ សុន្ទរី បាន​ឲ្យ​ដឹង​ថា តាម​ការ​ស្របស្រួល​របស់​ស្ថានទូត ថៅកែ​បាន​បើកប្រាក់​ខែ​ជូន​គ្រប់​ចំនួន និង​យល់ព្រម​ទិញ​សំបុត្រ​យន្តហោះ​ឱ្យ​ពល​ការិនី​រូប​នេះ ហើយ​ពល​ការិនី ហេង តូច បាន​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​៣ និង​៥៥ នាទី រសៀល តាម​ជើង​យន្តហោះ AK ៥៣៤ ហើយ​នៅ​អំឡុងពេល​រង់ចាំ​ការ​ត្រឡប់មក​កម្ពុជា​វិញ ស្ថានទូត​បាន​ផ្តល់​កន្លែង​ស្នាក់នៅ និង​ហូប​-​ចុក ជូន​ដល់​ពល​ការិនី ហេង តូច ផងដែរ​៕