ជួប​អ្នក​​កាសែត​ស្រី​​​វ័យ​១០​ឆ្នាំ បង្ហាញ​ព័ត៌មាន​ឲ្យ​ពិភព​លោក​បាន​ដឹង​

កុមារីជនជាតិប៉ាឡេស្ទីនវ័យ១០ឆ្នាំម្នាក់ បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីចាត់ទុកខ្លួនឯងថាជាអ្នកកាសែតមហាជនម្នាក់ក្នុងចំណោមអ្នកសារព័ត៌មានអាយុក្មេងជាងគេក្នុងលោក។

តាមសារព័ត៌មាន Aljazeera កុមារី Janna Jihad Ayyad ជាអ្នកភូមិ Nabi Saleh ស្ថិតនៅក្នុងតំបន់កងទ័ពកាន់កាប់ West Bank ។ នាងក៏ដូចជាក្មេងៗឯទៀតក្នុងភូមិ ជារឿយៗតែងចូលរួមក្នុងការប្រឆាំងនឹងការដណ្ដើមយកទឹកដីពីសំណាក់ប្រទេសអ៊ីស្រាអែល។

”មិនមែនមានតែអ្នកកាសែតទេដែលកំពុងផ្ញើសារទៅកាន់ពិភពលោកឲ្យដឹងពីស្ថានភាពប្រទេសប៉ាឡេស្ទីន។ ដូច្នេះខ្ញុំគិតថា ហេតុអ្វីខ្ញុំមិនបង្ហាញពិភពលោកឲ្យដឹង…គឺបង្ហាញពួកគេឲ្យដឹងថាមានអ្វីកំពុងកើតឡើងក្នុងភូមិរបស់ខ្ញុំ “។នេះបើតាម Janna និយាយប្រាប់ទៅកាន់ Aljazeera ។ ក្នុងគ្រួសាររបស់ Janna ពុំមាននរណាម្នាក់ជាអ្នកសារព័ត៌មាននោះទេ ប៉ុន្តែឪពុកមារបស់ Jannaលោក Bilal Tamimi ជាអ្នកថតរូបម្នាក់ដែលជាការជំរុញទឹកចិត្តមួយដល់ Janna។

“ខ្ញុំបង្ហាញពីអ្វីដែលកំពុងកើតឡើង។ ខ្ញុំឃើញការដណ្ដើមទឹកដី ខ្ញុំឃើញទាហាន កាមេរ៉ា និងប៉ូលិស។ ពួកគេធ្វើអ្វីៗដើម្បីឲ្យពួកយើងចេញពីកន្លែងរបស់ពួកយើង “។ Janna និយាយ។

ការស្លាប់របស់ប្អូនជីដូនមួយ និងពូរបស់ Janna ដែលត្រូវបានគេបាញ់សម្លាប់ បានធ្វើឲ្យ កុមារីវ័យ១០ឆ្នាំរូបនេះរឹតតែចង់បន្តកិច្ចការងារជាអ្នកសារព័ត៌មានមហាជនរបស់នាង។ Janna រៀបរាប់បង្ហាញព័ត៌មានដោយខ្លួនឯងនិងថតរូបព្រឹត្តិការណ៍នានាមកបង្ហាញដោយប្រើទូរសព្ទ iPhone របស់ម្ដាយនាង។ មកទល់ពេលនេះ នៅលើ Facebook Janna មានអ្នក Follow ជាង២២០០០នាក់។

ម្ដាយរបស់ Janna អ្នកស្រី Nawal Tamimi បានឲ្យដឹងថា អ្នកស្រីមានក្ដីរំភើបមោទនភាពចំពោះកូនស្រី ប៉ុន្តែក៏ព្រួយបារម្ភខ្លាចក្រែងមានគ្រោះថ្នាក់ចំពោះកូនខ្លួនផងដែរ។ បើតាមការសាកសួររបស់សារព័ត៌មាន Janna បានឲ្យដឹងថា នាថ្ងៃអនាគតនាងចង់ក្លាយជាអ្នកធ្វើការនៅស្ថាប័នប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន CNN ឬ Fox News ជាដើម ព្រោះនាងថា៖ “ពួកគេមិននិយាយទាក់ទងអំពីប្រទេសប៉ាឡេស្ទីននោះទេ ដូចនេះខ្ញុំចង់រាយការណ៍ពីប្រទេសប៉ាឡេស្ទីន”៕

ប្រភព៖ sabay

Loading...

  • ជួប​អ្នក​​កាសែត​ស្រី​​​វ័យ​១០​ឆ្នាំ បង្ហាញ​ព័ត៌មាន​ឲ្យ​ពិភព​លោក​បាន​ដឹង​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/30  Category:ជីវិតនិងសង្គម
Tags: