វីដេអូអប់រំអំពើហិង្សាក្នុងគ្រួសារ ត្រូវបានផលិតឡើងជា ល្ខោនស្រមោលស្បែកតូច (មានវីដេអូ)

ភ្នំពេញ៖ កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៦ អង្គការនារីដើម្បីសន្តិភាពដែលជាអង្គការមិនមែនរដ្ឋាភិបាល បង្កើតឡើងក្នុងគោលបំណង ដើម្បីជួយការពារលើកតម្កើងសិទ្ធិស្ត្រី បានធ្វើសន្និសីទសារព័ត៌មានមួយស្តីអំពី ការចាក់បញ្ចាំងខ្សែវីដេអូអប់រំ ទាក់ទងទៅនឹងអំពើហិង្សាក្នុងគ្រួសារ។

សន្និសីទសារព័ត៌មាននេះ បានប្រព្រឹត្តធ្វើឡើងនៅសមាគមសិល្បៈសុវណ្ណភូមិ ដែលមានភ្ញៀវកិត្តិយសមកពី បណ្តាអង្គការក្រៅរដ្ឋាភិបាល សិល្បៈករ ប្រជាជនក្នុងសហគមន៍ និងអ្នកសារព័ត៌មាន ចូលរួមយ៉ាងច្រើនកុះករ។

លោកស្រី ជា មួយគ្រី នាយិកាអង្គការនារីដើម្បីសន្តិភាព បានមានប្រសាសន៍នៅក្នុង កម្មវិធីនេះថា៖ «វាមានសារសំខាន់ណាស់ ដែលអង្គការនារីដើម្បីសន្តិភាព ផលិតវីដេអូនេះឡើងសម្រាប់ផ្សព្វផ្សាយដល់ក្រុមគោលដៅ និងប្រជាពលរដ្ឋទូទៅ គឺដើម្បីដាស់សតិអារម្មណ៍កូនខ្មែរយើង ជាពិសេសប្រជាពលរដ្ឋខ្មែរ ដែលមិនសូវបានរៀនសូត្រខាងកិច្ចការសន្តិភាព ឱ្យបានគិតពិចារណាពីផលវិបាក នៃអំពើហិង្សាក្នុងគ្រួសារ ដែលមិនមែនគ្រាន់តែបំផ្លាញគ្រួសារតូចមួយប៉ុណ្ណោះទេ ហើយថែមទាំង បំផ្លាញអនាគតរបស់សង្គមខ្មែរទាំងមូលទៀតផង។» 

នៅក្នុងយុទ្ធនាការផ្សព្វផ្សាយ ស្តីអំពី អំពើហិង្សានៅក្នុងគ្រួសារនេះ នឹងប្រើប្រាស់វីដេអូអប់រំចំនួនពីរ គឺ «ស្រវឹង» និង « ល្បែងស៊ីសង» ដើម្បីអប់រំដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ និងតំបន់គោលដៅ តាមស្ថានភាពផ្សេងៗគ្នា។ វីដេអូផ្សព្វផ្សាយទាំងពីរ បានប្រើប្រាស់សិល្បៈ ល្ខោនស្រមោលស្បែកតូចរបស់ខ្មែរ ដើម្បីសម្តែងរឿងអប់រំទាំងពីរនេមុននឹង ផលិតជាខ្សែវីដេអូ។ ទាក់ទងនឹងគោលបំណងនៃការផលិតវីដេអូ ដោយប្រើប្រាស់ល្ខោន ស្រមោលស្បែកតូច នេះ លោកស្រី ជា មួយគ្រី បានលើកឡើងថា៖ «យើងផលិតវីដេអូនេះឡើង គឺដើម្បីបង្ហាញពី តម្លៃនៃវប្បធម៌ជាតិខ្មែរបុរាណ តាមរយ:វីដេអូល្ខោនស្រមោលស្បែកតូច គឺមានភាពប្លែកពីក្រុមដទៃ ព្រមទាំងធ្វើឱ្យសហគមន៍ឆាប់ចងចាំ នូវខ្លឹមសារនៃមេរៀនទំាងនោះក្នុងចិត្តរបស់ពួកគេ។ ពិសេសគឺដើម្បីឱ្យស្រ្តី កុមារ និងបុរសជាស្វាមីនៅតាមមូលដ្ឋាន កាន់តែយល់ច្បាស់ថែមទៀតអំពីសញ្ញានៃអំពើហិង្សាក្នុងគ្រួសារ និងបង្ហាញគេអំពីរបៀបផ្សេងៗដើម្បីឱ្យជៀសផុត ពីអំពើហិង្សាក្នុងគ្រួសារ និងបង្កើនការថែរក្សា ការពារក្រុមគ្រួសារ និងញាតិមិត្តឱ្យមានលក្ខណ:ប្រសើរជាងមុន។» 

តាមរយៈខ្សែវីដេអូមួយ ក្រោមចំណងជើងថា «ស្រវឹង» មានរយៈពេលពីរនាទី ដែលបានចាក់បញ្ចាំង នៅក្នុងសន្និសីទសារព័ត៌មាននេះ គឺបានបង្ហាញពីអំពើហិង្សា នៅក្នុងគ្រួសារមួយ ដែលមានប្តីប្រមឹក ផឹកស្រាស្រវឹងរាល់ថ្ងៃ បង្កឱ្យមានជម្លោះនៅក្នុងគ្រួសារ រហូតឈានទៅដល់ការ វាយធ្វើបាបប្រពន្ធកូន។ នៅក្នុងវីដេអូខ្លីនេះ ក៏បានបង្ហាញផងដែរ នូវដំណោះស្រាយបញ្ហាពីរគឺ បន្តការវាយដំ និងបញ្ឈប់ការវាយដំ ដែលដំណោះស្រាយនីមួយៗ ទទួលបានលទ្ធផលពីរផ្សេងគ្នា ពោលគឺធ្វើឱ្យប្រជាពលរដ្ឋកាន់តែចេះត្រិះរិះពិចារណា និងចេះសម្រេចចិត្តបានល្អប្រសើរជាងមុន។

សូមបញ្ជាក់ថា ក្រៅពីផ្សព្វផ្សាយតាមរយៈទូរទស្សន៍ YouTube និង Facebook អង្គការនារីដើម្បីសន្តិភាព នឹងប្រើប្រាស់វីដេអូនេះសម្រាប់ពេលចុះទៅ បណ្តុះបណ្តាលដល់ សហគមន៍តាមទិជនបទ និងក្រុមយុវជនផងដែរ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

វីដេអូអប់រំអំពើហិង្សាក្នុងគ្រួសារ ត្រូវបានផលិតឡើងជា ល្ខោនស្រមោលស្បែកតូច (មានវីដេអូ)

វីដេអូអប់រំអំពើហិង្សាក្នុងគ្រួសារ ត្រូវបានផលិតឡើងជា ល្ខោនស្រមោលស្បែកតូច (មានវីដេអូ)

វីដេអូអប់រំអំពើហិង្សាក្នុងគ្រួសារ ត្រូវបានផលិតឡើងជា ល្ខោនស្រមោលស្បែកតូច (មានវីដេអូ)

វីដេអូអប់រំអំពើហិង្សាក្នុងគ្រួសារ ត្រូវបានផលិតឡើងជា ល្ខោនស្រមោលស្បែកតូច (មានវីដេអូ)