អាជ្ញាធរ​ និង​ប្រជាពលរដ្ឋ​សង្កាត់​ចាក់​អង្រែ​ក្រោម ​គិត​តែ​ពី​រឿង​អភិវឌ្ឍន៍​ ​មិន​ខ្វល់​ពី​នយោបាយ

អាជ្ញាធរ​ និង​ប្រជាពលរដ្ឋ​សង្កាត់​ចាក់​អង្រែ​ក្រោម ​គិត​តែ​ពី​រឿង​អភិវឌ្ឍន៍​ ​មិន​ខ្វល់​ពី​នយោបាយ



ភ្នំពេញ ៖ អាជ្ញាធរ ​និង​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម​ គិត​តែ​ពី​រឿង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​ ដោយ​ពុំ​ខ្វាយខ្វល់​នឹង​នយោបាយ​ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា​ កំពុង​តានតឹង​នោះ​ទេ។​

លោក ​ជា សុ​ខៃ ចៅសង្កាត់​ចាក់​អង្រែ​ក្រោម​បាន​ឲ្យ​ដឹង​ថា ​រូបលោក​ផ្ទាល់​ក៏​ដូចជា​ប្រជាពលរដ្ឋ​ ក្នុង​មូលដ្ឋាន​​គិត​តែ​ពី​រឿង​អភិវឌ្ឍន៍​ ក្នុង​មូលដ្ឋាន​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​លូ​ស្ទះ​ ឬ​ផ្លូវ​មាន​ទឹក​ដក់ ​ដែល​នាំ​ឲ្យ​ឆាប់​ខូច​ផ្លូវ​ប៉ុណ្ណោះ​។​

លោក​ ជា សុ​ខៃ បាន​មានប្រសាសន៍ថា​ ទឹកដី​សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌ​មានជ័យ​គឺ​ស្ថិត​នៅ​ជាប់​ទីស្នាក់ការ​ គណបក្ស​សង្គ្រោះ​ជាតិ​នា​រាជធានី​ភ្នំពេញ ​ប៉ុន្តែ​បងប្អូន​ប្រជាពលរដ្ឋ​លោក​ មិនបាន​ខ្វល់​ខ្វា​យ​រឿង​នយោបាយ​ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​សេចក្ដីថ្លែងការណ៍​ថា ​កំពុង​តានតឹង​នោះ​ឡើ​យ​។

​លោក​ចៅ​សង្កាត់​បាន​បន្ត​ថា ​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម​ គិត​តែ​ពី​រឿង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​ និង​ប្រកបរបរ​រក​ស៊ី​ ដើម្បី​ចិញ្ចឹម​កូនចៅ​ និង​គិត​ពី​ជីវភាព ​ព្រមទាំង​ការ​រស់​ ព្រោះ​បច្ចុ​ប្ប​ន្ន​ស្រុកទេស​យើង​ កំពុង​មាន​សន្តិសុខ​ពេញលេញ ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​សុខសាន្ត ​មិន​ភ័យខ្លាច​សង្គ្រាម​ដូច​ពី​សម័យមុន​។ ​អ្វី​ដែល​ប្រជាពលរដ្ឋ​ស្អប់ខ្ពើម​បំផុត​នោះ​គឺ​ ការ​ញុះញង់​ឲ្យ​មាន​បាតុកម្ម​ ដែល​សកម្មភាព​នេះ​ គឺ​ក្រុម​បក្ស​ប្រឆាំង​កំពុង​ធ្វើ​ និង​គ្មាន​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ​នោះ​។​

លោក​ចៅសង្កាត់​បាន​កោត​សសើរ ​ដល់​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ​ថ្វី​ត្បិត​មាន​ទីតាំង​នៅ​ជាប់​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ តែ​ពួកគាត់​ពុំ​បាន​ទៅ​ចូល​ដង្ហែ​ញត្តិ​ស្អី​គេ​នោះ​ឡើយ​។ ​ប្រជា​ពលរដ្ឋ​លោក​ចង់​បាន​​តែ​សន្តិភាព​ ហើយ​ប្រឆាំង​ដាច់ខាត​ចំពោះ​ជន​ណា ​ដែល​មានបំណង​​បំផ្លាញ​សេចក្ដីសុខ​ របស់​ពួក​គាត់​នោះ​។ ​ដូច្នេះហើយ​ទើប​ពួកគាត់​មិន​ចូលរួម​ប្រមូល​ផ្តុំ​ របស់​ការ​កៀង​គរ​ឲ្យ​ជួយ​ពី​បក្ស​ប្រឆាំង​នោះ​៕​