គ្រួសារ​មួយ​​មាន​កូន​​១៤​នាក់​ គ្មាន​ទី​ជម្រក​បាន​ទទួល​ផ្ទះ១​ខ្នង​ពី ​លោក​ លី ​សារី និង​សប្បុរ​ស​ជន​

គ្រួសារ​មួយ​​មាន​កូន​​១៤​នាក់​ គ្មាន​ទី​ជម្រក​បាន​ទទួល​ផ្ទះ១​ខ្នង​ពី ​លោក​ លី ​សារី និង​សប្បុរ​ស​ជន​



បន្ទាយមានជ័យ​ ៖ នៅ​ល្ងាច​ថ្ងៃទី​២៩ ​ខែឧសភា ឆ្នាំ​២០១៦​ ​លោក ​លី ​សារី​ អភិបាលរង​ខេត្ត​បន្ទាយ​មានជ័យ​ និង​សប្បុរសជន​ បាន​ចុះទៅ​ប្រគល់​ផ្ទះ​មួយ​ខ្នង ​ដែល​មាន​បណ្តោយ​ប្រវែង​៦​ម៉ែត្រ​ និង​ទទឹ​ង​៥​ម៉ែត្រ ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ​ដែល​ចំណាយ​អស់​ទឹកប្រាក់​១.២០០​ដុល្លារ ឲ្យ​ក្រុម​គ្រួសារ​មួយ​ មា​ន​កូន​ដល់​ទៅ​១៤​នាក់ ​គ្មាន​ទីជម្រក​​ពិតប្រាកដ​ ហើយ​សព្វថ្ងៃ​រស់នៅ​ជាមួយ​បងប្អូន​នៅក្នុង​ភូមិ​កោះ​ពង​សត្វ សង្កាត់​កោះ​ពង​សត្វ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

ក្នុង​ពិធី​ប្រគល់​ផ្ទះ​នោះ​ លោក​ លី សារី​ បាន​និយាយ​ថា ​ក្រុម​គ្រួសារ​ដែល​មាន​កូន​ដល់​ទៅ​១៤​នាក់​ហើយ​ទទួល​បាន​ផ្ទះ​១​ខ្នង​ពី​លោក​នោះ​ប្ដី​ឈ្មោះ ឌី​ ខុម អាយុ​៤៩​ឆ្នាំ ​ចំណែក​ប្រពន្ធ​នោះ​​ឈ្មោះ​ វ៉ាត ​ឆ​វ័ន អាយុ​៤០​ឆ្នាំ​ គាត់​មានកូន​នៅក្នុង​បន្ទុក​ដល់​ទៅ​១៤​នាក់​ ស្លាប់​អស់​២​នាក់ ​កូនច្បង​របស់​គាត់​ចាប់ពី​អាយុ​២០​ឆ្នាំ​ ប្អូន​ពៅ​៧​ខែ​ គ្រួសារ​នេះ​សព្វថ្ងៃ​មាន​មុខរបរ​រក​ស៊ី​លក់​អេតចាយ​ក្នុង​១​ថ្ងៃ​ចំណេញ​បាន​៣០.០០០​រៀល​ សម្រាប់​យក​មក​ចិញ្ចឹមជីវិត​ក្នុង​គ្រួសារ​ បើ​គ្មាន​ចំណូល​ពី​ប្ដី​លក់​អេត​ចាយ​នោះ​ទេ​ប្រាកដជា​ខ្ចី​លុយ​អ្នកជិតខាង​ទិញ​អង្ក​ហូប​ជា​មិន​ខាន​ឡើយ​។

​លោក​ លី ​សារី ​បាន​បញ្ជាក់​ទៀត​ថា​ កន្លង​មក​ដោយមាន​ការណែនាំ​ពី​លោក​ឧបនាយករដ្ឋមន្ត្រី ​កែ​គឹមយ៉ាន ​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ​ លោក​បាន​ឲ្យ​អាជ្ញាធរ​ខេត្ត​ចុះ​តាម​មូលដ្ឋាន​ជាប្រចាំ ​ដើម្បី​ស្វែងរក​ទុរគត​ជន មេម៉ាយ​ទុរគត ជន​ពិការ ជន​មានកូន​ច្រើន​គ្មាន​ទីពឹង​និង​យក​អំណោយ​ទៅ​ចែក​ជូន​ពួកគាត់​ផ្ទាល់ដៃ​តែម្តង​។​

លោក ​លី​ សារី​ បាន​បញ្ជាក់​ទៀត​ថា​ ក្នុង​អាណត្តិ​របស់​សម្ដេច​ ហ៊ុន សែន ​ធ្វើ​នាយករដ្ឋមន្ត្រី​នេះ​សម្ដេច​មិន​ទុក​ឲ្យ​ជន​ណា​ដេក​ស្លាប់​ ដោយសារ​អត់បាយ​នោះ​ឡើយ​គឺ​សម្ដេច​ឲ្យ​ក្រុមការងារ​តាម​ខេត្ត​ជួយ​ដល់​អ្នក​ទាំង​អស់​នោះ​ជានិច្ច​ សម្ដេច​មិន​ប្រកាន់​និន្នាការ​នយោបាយ​នោះ​ឡើយ​ថា​ ជន​ក្រី​ក្រ​នោះ​ប្រកាន់បក្ស​នេះ ​បក្ស​នោះ​ឡើយ ​ឲ្យ​តែ​ក្រីក្រ​ពិត​សម្ដេច​ចែក​ជូន​ទាំងអស់​។​ លោក​ លី​ សារី​បាន​បញ្ជាក់​ទៀត​ថា ​ថ្មីៗ​ស្រាប់តែ​លោក​មេភូមិ​កោះ​ពង​សត្វ​បាន​រាយការណ៍​មក​លោក​ថា​ មាន​ក្រុម​គ្រួសារ​មួយ​មានកូន​ក្នុង​បន្ទុក​ដល់​ទៅ​១៤​នាក់​គ្មាន​ទី​ជំរក​ពិតប្រាកដ​រស់នៅ​នឹង​បងប្អូន​ ទើប ​លោក ​លី​ សារី ​កៀងគរ​ស្វែងរក​សប្បុរសជន​ឲ្យ​ជួយ​រហូតមកដល់​ថ្ងៃនេះ​។ លោក​ប្រមូល​លុយ​ពី​សប្បុរស​ជន​បាន​ចំនួន​១.២០០​ដុល្លារ​យក​មក​សង់ផ្ទះ​ជូន​គ្រួសារ​ ដែល​មាន​កូន​១៤​នាក់​នេះ​តែម្តង​។

​លោក​ លី​ សារី​ បាន​បញ្ជាក់​ទៀត​ថា​ ដោយ​គ្រួសារ​នេះ​គ្មាន​មុខរបរ​ថែមទាំង​មានកូន​ច្រើន​ទៀត​នោះ​លោក ​និង​សប្បុរសជន​ថា​ នឹង​ជួយ​សង់រោង​ចិញ្ចឹម​មាន់​១​ខ្នង​ថែម​ឲ្យ​ទៀត​ និង​ផ្តល់​ពូជ​មាន់​ចំនួន​៥០​ក្បាល​ឲ្យ​ចិញ្ចឹម​បន្ថែម​ទៀត ​បើ​គ្រួសារ​នេះ​ចិញ្ចឹម​ទៅ​កាក់កប​ គាត់​នឹង​បណ្តុះបណ្តាល​មុខរបរ​នេះ​ឲ្យ​រីក​ជាង​មុន​ទៀត​។ ​

បងប្រុស​ដែល​មាន​កូន​ក្នុង​បន្ទុក​ដល់​ទៅ​១៤​នាក់​ ក្រោយពី​ទទួល​បាន​ផ្ទះ​ពី​ លោក លី ​សារី​ និង​សប្បុ​រសជន​រួចមក ​គ្រួសារ​របស់​លោក​មាន​ការ​ត្រេកអរ​យ៉ាង​ខ្លាំង​ ហើយ​បាន​លើក​ម្រាមដៃ​១០​ទាំង​ព្រម​ធ្វើការ​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក​ឲ្យ​ជួយ​បីបាច់​ថែរក្សា​ដល់​ម្ចាស់​អំណោយ​ទាំងអស់​ឲ្យ​ជួប​តែ​នឹង​សេចក្ដីសុខ​គ្រប់គ្នា​កុំ​ឲ្យ​មាន​រោគា​បៀតបៀន​ឡើយ​៕

គ្រួសារ​មួយ​​មាន​កូន​​១៤​នាក់​ គ្មាន​ទី​ជម្រក​បាន​ទទួល​ផ្ទះ១​ខ្នង​ពី ​លោក​ លី ​សារី និង​សប្បុរ​ស​ជន​

គ្រួសារ​មួយ​​មាន​កូន​​១៤​នាក់​ គ្មាន​ទី​ជម្រក​បាន​ទទួល​ផ្ទះ១​ខ្នង​ពី ​លោក​ លី ​សារី និង​សប្បុរ​ស​ជន​