ភ្លៀងធ្លាក់ជាបន្តបន្ទាប់ កសិកររីករាយ ​ភ្ជួរ​រាស់ដី​បង្កបង្កើន​ផល​ក្នុងរដូវវស្សា​

ភ្លៀងធ្លាក់ជាបន្តបន្ទាប់ កសិកររីករាយ ​ភ្ជួរ​រាស់ដី​បង្កបង្កើន​ផល​ក្នុងរដូវវស្សា​



សៀមរាប ៖ ដោយ​រដូវប្រាំង​បាន​អូស​បន្លាយ​ជា​យួរ​ខែ បាន​ធ្វើ​ឲ្យ​បងប្អូន​ប្រជាកសិករ​ខ្មែរ​យើង មាន​ការ​ព្រួយបារម្ភ ចំពោះ​បញ្ហា​កង្វះ​ស្បៀង​សម្រាប់​ឆ្នាំ​ខាងមុខ​ផង​ដែរ។ ​ចូល​មក​ដល់​ពាក់​កណ្តា​ខែ ឧសភា​នេះ នៅ​តាម ស្រុក​តំបន់​មួយ​ចំនួន នៃ​ខេត្តសៀមរាប ក៏បាន​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ដែល​ធ្វើ​ឲ្យ​ប្រជាកសិករ​យើង មានចិត្ត​សប្បាយរីករាយ ក្នុង​ការងារ​បង្កបង្កើន​ផល​រដូវវស្សា​ឆ្នាំនេះ។

អំពី​រដូវ​នៅ​ប្រទេស​កម្ពុជា​យើង គឺ​បាន​បែង ចែក​ជា​ពីរ​យ៉ាង​ច្បាស់ គឺ​៦​ខែ​ជា​រដូវប្រាំង និង ៦​ខែ​ជា​រដូវវស្សា។ ទោះបី​រដូវវស្សា​បាន​ចូល​មក​ដល់ ចាប់ពី ពាក់​កណ្ដាល​ខែមេសា​ក៏​ពិត​មែន តែ​ដោយ​ការប្រែប្រួល​អាកាសធាតុ​នៃ​ភព​ផែនដី ដែល​បាន​ធ្វើ​ឲ្យ​បណ្ដា​ប្រទេស​មួយ​ចំនួន​ ជួប​នូវ​គ្រោះធម្មជាតិ ពិសេស​នៅ​កម្ពុជា​យើង រដូវប្រាំង​បាន​អូស​បន្លាយ ដែល​ធ្វើ​ឲ្យ​បងប្អូន ប្រជាកសិករ​យើង មានការ​យឺតយ៉ាវ​ក្នុង​ការងារ​បង្កបង្កើន​ផល​ស្រូវ​រដូវវស្សា​ឆ្នាំនេះ ។

ក្រោយពី​មាន​ភ្លៀង​ធ្លាក់​បាន​ជោកជាំ នៅ​តាម​បណ្ដា​ស្រុក និង តំបន់​មួយ​ចំនួន ក្នុង​ខេត្ត​សៀមរាប បង ប្អូន​ប្រជាកសិករ​យើង ក៏បាន​មមាញឹក​ក្នុង​ការ​ភ្ជួរ​រាស់​ដី ធ្វើការ​សាបព្រោះ​គ្រាប់ស្រូវ ដើម្បី​ឲ្យ​បាន​ទាន់​រដូវ ដែល បាន​កំពុង​មាន​ទឹកភ្លៀង​ធ្លាក់​នេះ​ផង​ដែរ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង នេសាទ​ខេត្ត បាន​ឲ្យ​ដឹង​ថា សកម្មភាព ការងារ​បង្កបង្កើនផល​ប្រចាំខែ ឧសភា ឆ្នាំ​២០១៦​នេះ ប្រជាកសិករ​យើង​សម្រេច​ភ្ជួរ​ដាស់ដី​បាន ២៤​ពាន់​៣៩០ ហិច​តា ក្នុង​នោះ​ភ្ជួរ​ដោយ​គ្រឿងយន្ត​កសិកម្ម បាន​២៤​ពាន់​៣៨៥​ហិច​តា, ​សាប​បាន ៥៥​ហិច​តា ក្នុង​នោះ សំណាប​ស្រូវ​កណ្តាល ១០​ហិច​តា ស្រូវធ្ងន់ ៤៥​ហិច​តា។

ក្នុង​ការងារ​បង្កបង្កើន​ផល​រដូវវស្សា​ឆ្នាំ​២០១៦​នេះ ធ្វើ​បាន​សរុប ៥​ពាន់​៩៧៥​ហិច​តា ស្មើ ៣,១២% នៃ​ផែនការ ១៨៦​ពាន់​២០០​ហិច​តា បើ​ប្រៀបធៀប​ទៅ​ឆ្នាំ ២០១៥​រយៈពេល​ដូចគ្នា ( ៤០​ពាន់​៣៦០​ហិច​តា​) ដោយ​ឆ្នាំនេះ​អនុវត្ត​បាន​តិច​ជាង ៣៤​ពាន់​៣៨៥​ហិច​តា ក្នុង នោះ​មាន ស្រូវចំការ ១៣៥​ហិច​តា , ព្រោះស្រូវ​វារ ២​ពាន់​៤៣០​ហិច​តា , ស្រូវស្រាល ១​ពាន់​៥០​ហិច​តា ជា​ស្រូវពង្រោះ , ស្រូវធ្ងន់ ១​ពាន់​១១០​ហិកតា ដោយ​ពង្រោះ ១​ពាន់​១០៥​ហិច​តា។ ចំពោះ​ដំណាំ​រួមផ្សំ ដាំ​បាន ចំនួន ១​ពាន់​៦៥៥​ហិច​តា ស្មើ ១២,៨៩% នៃ​ផែនការ ១២​ពាន់​៨៣៥​ហិក​តា។

យោង​តាម​ស្ថានភាព​អាកាសធាតុ​ នៅ​ក្នុង​ភូមិសាស្ត្រ​របស់​ខេត្ត​សៀមរាប ​ភ្លៀង​បាន​បន្ត​ធ្លាក់​នៅ​តាម​ស្រុក​តំបន់​មួយ​ចំនួន បាន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាកសិករ​ក្នុង​បង្កបង្កើនផល ឆ្នាំ​២០១៦​នេះ ផង​ដែរ ៕

ភ្លៀងធ្លាក់ជាបន្តបន្ទាប់ កសិកររីករាយ ​ភ្ជួរ​រាស់ដី​បង្កបង្កើន​ផល​ក្នុងរដូវវស្សា​

ភ្លៀងធ្លាក់ជាបន្តបន្ទាប់ កសិកររីករាយ ​ភ្ជួរ​រាស់ដី​បង្កបង្កើន​ផល​ក្នុងរដូវវស្សា​

ភ្លៀងធ្លាក់ជាបន្តបន្ទាប់ កសិកររីករាយ ​ភ្ជួរ​រាស់ដី​បង្កបង្កើន​ផល​ក្នុងរដូវវស្សា​