តារា​ក្នុង​ដួង​ចិត្ត​យុវវ័យ DJ Nana ជំរុញ​ទឹក​ចិត្ត​បេក្ខជន​មិន​ទាន់​ធ្លាក់​ក្នុង​​កម្មវិធី មុខរបរ​ខ្ញុំ

ពិធី​ការិនី​ល្បី​ឈ្មោះ​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​យុវជន​ខ្មែរ នឹង​ចូលរួម​ក្នុង​កម្មវិធី​ជីវិត​ពិត​របស់​ស្ថានីយ​ទូរទស្សន៍ ភីអិនអិន សប្តាហ៍​នេះ។​

 

កញ្ញា នាង សុវ៉ាតណា ដែល​យុវវ័យ​ជា​ច្រើន​ស្គាល់​ថា DJ Nana នឹង​ចូលរួម​ជាមួយ​នឹង​បេក្ខជន​៥​នាក់​ចុង​ក្រោយ​ក្នុង​សប្ដាហ៍​ទី​១២ របស់​កម្មវិធី “​មុខរបរ​ខ្ញុំ​” ឬ My Place ។ វត្តមាន​របស់ Nana នៅ​ពេល​នេះ គឺ​ដើម្បី​ពិភាក្សា​ជំរុញ​ទឹកចិត្ត​បេក្ខជន​ទាំង​៥​រូប ទៅ​លើ​ភាព​ជឿជាក់ និង​កម្លាំង​ចិត្ត​របស់​ពួកគេ​ក្នុង​កម្មវិធី។​

 

ជាមួយ​បទ​ពិសោធន៍​ជា​ច្រើន ក៏​ដូចជា​ជោគជ័យ​លើ​បណ្តាញ​ផ្សព្វផ្សាយ​កន្លង​មក DJ Nana ដែល​ទើប​តែ​មាន​វ័យ​២៩ ឆ្នាំ រំពឹង​ថា​នឹង​អាច​ញ៉ាំង​ឲ្យ​បេក្ខជន​នៅ​សល់​ក្នុង​កម្មវិធី​កាន់​តែ​ជឿជាក់​លើ​គោល​ដៅ​របស់​ខ្លួន ទាំង​ក្នុង​កម្មវិធី ក៏​ដូចជា​ក្នុង​ជីវិត​ឯកជន​របស់​ពួកគេ។​

 

តារា​ក្នុង​ដួង​ចិត្ត​យុវវ័យ DJ Nana ជំរុញ​ទឹក​ចិត្ត​បេក្ខជន​មិន​ទាន់​ធ្លាក់​ក្នុង​​កម្មវិធី មុខរបរ​ខ្ញុំ

 

DJ រូប​នេះ​លើក​ឡើង​ថា “​ជោគជ័យ​ស្ថិត​នៅ​ចំណុច​ណា​មួយ​ក្បែរ​នឹង​ខ្លួន​អ្នក ដូច្នេះ​អ្នក​ត្រូវ​ចាប់​យក​វា​ដោយ​កុំ​ស្ទាក់ស្ទើរ​ នៅ​ទីបំផុត​អ្នក​ប្រហែល​អាច​នឹង​ភ្ញាក់ផ្អើល​ពី​សមត្ថភាព​ដែល​អ្នក​មាន​។ កម្មវិធី “​មុខ​របរ​ខ្ញុំ” គឺ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នក​ដើម្បី​បញ្ជាក់​ពី​សមត្ថភាព​របស់​អ្នក​ចំពោះ​ខ្លួន​ឯង និង​អ្នក​ដទៃ”។

 

“មុខរបរ​ខ្ញុំ” របស់ ភីអិនអិន ជា​កម្មវិធី​ជីវិត​ពិត​មួយ បាន​ចាក់​ផ្សាយ​ចាប់​តាំង​ពី​អំឡុង​ខែ​មេសា​មក ដោយ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ទាំង​ក្មេង​ទាំង​ចាស់​ទទួល​បាន​នូវ​ទស្សនីយភាព​ថ្មី និង​គាំទ្រ​យ៉ាង​ច្រើន​កុះករ។

 

តារា​ក្នុង​ដួង​ចិត្ត​យុវវ័យ DJ Nana ជំរុញ​ទឹក​ចិត្ត​បេក្ខជន​មិន​ទាន់​ធ្លាក់​ក្នុង​​កម្មវិធី មុខរបរ​ខ្ញុំ

 

ចាប់​តាំង​ពី​វគ្គ​ដំបូង “មុខរបរ​ខ្ញុំ” មាន​បេក្ខជន​ចូលរួម​សរុប ១៣​នាក់ ត្រូវ​ប្រជែង​គ្នា បង្កើត​ឲ្យ​ចេញ​អាជីវកម្ម​ពិត​ប្រាកដ​មួយ​ពោល​គឺ ភោជនីយដ្ឋាន​ពិតៗ​តែម្តង​។ ក្រោយ​បង្កើត​ឲ្យ​លេច​ជា​រូបរាង​នូវ​ភោជនីយដ្ឋាន​រួច​មក ពេល​នេះ​បេក្ខជន​ទាំងអស់​កំពុង​ប្រជែង​គ្នា​ក្នុង​វិញ្ញាសា​ថ្មី គឺ​ជា​របរ​លក់​ផ្កា តាម​ដង​វិថី​ក្នុង​រាជធានី​ភ្នំពេញ។

 

គំនិត​ចម្បង​ពី​កម្មវិធី គឺ​ចង់​ផ្ដល់​ឲ្យ​ទស្សនិកជន​របស់​ខ្លួន​នូវ​គំនិត​ថ្មីៗ ក្នុង​ការ​បង្កើត​មុខរបរ ឬ​អាជីវកម្ម​សមរម្យ​មួយ​។​

 

ផលិតករ​កម្មវិធី “មុខរបរ​ខ្ញុំ” លោក នូ ចំណាប់ បាន​ប្រាប់​ឲ្យ​ដឹង​ថា “យើង​បាន​ចាប់​ផ្ដើម​កម្មវិធី​ជាមួយ​នឹង​បេក្ខជន​សរុប ១៣​នាក់ ប៉ុន្តែ​មក​ទល់​ពេល​នេះ​​ជាង​ពាក់​កណ្ដាល​នៃ​ពួក​គេ ត្រូវ​បាន​បោះឆ្នោត​ទម្លាក់​ចេញពី​កម្មវិធី​។ ហើយ​បេក្ខជន​ដែល​មិន​ទាន់​ធ្លាក់ សុទ្ធ​សឹង​តែ​ជា​អ្នក​ស័ក្ដិសម និង​មាន​សមត្ថភាព​អាច​បង្កើត​អាជីវកម្ម​ថ្មី​មួយ”។​

 

“មុខរបរ​ខ្ញុំ” រំពឹង​ថា នឹង​ចប់​នា​ខែ​មិថុនា ជាមួយ​នឹង​បេក្ខជន​៥​នាក់​ចុង​ក្រោយ​នៃ​កម្មវិធី ហើយ​គ្រោង​នឹង​ចាប់ផ្តើម​រដូវ​ថ្មី​របស់​ខ្លួន បន្ទាប់​ពី​រដូវ​កាល​ទី​១ ចប់​ទៅ​។

 

ផលិតករ​កម្មវិធី​រូប​នេះ​បញ្ជាក់​បន្ត​ថា “ពួកយើង​នៅ​មាន​អ្វី​ដែល​កាន់​តែ​ទាក់​ទាញ​ជាង​នេះ​ពី​កម្មវិធី​រដូវ​កាល​ទី​២”។

 

អ្នក​មាន​ចំណាប់​អារម្មណ៍​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី “មុខរបរ​ខ្ញុំ” រដូវ​កាល​ទី​២ អាច​ផ្ញើ​ប្រវត្តិ​រូប តាម​រយៈ www.facebook.com/pnnmyplace ឬ​ទាក់ទង​មក​ទូរសព្ទ​លេខ 087 569 756៕

 

អត្ថបទ៖ ពាណិជ្ជកម្ម