ញត្តិ​ស្នាម​មេដៃ​របស់​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​ដាក់​ថ្វាយ​ដល់​ព្រះមហាក្សត្រ

ញត្តិ​ស្នាម​មេដៃ​របស់​គណបក្ស​សង្គ្រោះជាតិ​ជាង​១៧​ម៉ឺន​មេដៃ ត្រូវ​បាន​ដាក់​ថ្វាយ​ដល់​ព្រះមហាក្សត្រ នៅ​រសៀល​ថ្ងៃ​ទី​៣០ ឧសភា។ នេះ​ជា​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ។

លោក យ៉ែម បុញ្ញឫទ្ធិ អះអាង​ថា ញត្តិ​របស់​ខ្លួន​ត្រូវ​បាន​នាំ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​ដោយ​ជោគជ័យ​ហើយ។ លោក​បញ្ជាក់​ថា មាន​មន្ត្រី​របស់​ព្រះបរមរាជវាំង បាន​ចុះ​ហត្ថលេខា​ទទួល​ញត្តិ និង​ដឹក​ចូល​ក្នុង​ព្រះបរមរាជវាំង។

លោក យ៉ែម បុញ្ញឫទ្ធិ បន្ត​ដោយ​រំពឹង​ថា ស្ថានការណ៍​នយោបាយ​អាច​នឹង​ប្រសើរ​ជាង​មុន ក្រោយ​ពី​ខ្លួន​បាន​នាំ​យក​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ និង​មន្ត្រ​គណបក្ស​ប្រឆាំង​កំពុង​ប្រឈម​ថ្វាយ​ព្រះមហាក្សត្រ​បាន​ដឹង

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ដែល​ធ្វើ​ដំណើរ​តាម​រថយន្ត ហែ​ញត្តិ​ទៅ​ព្រះបរមរាជវាំង បាន​ត្រឡប់​មក​ដល់​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ នៅ​សង្កាត់​ចាក់អង្រែលើ​វិញ​ហើយ។

មុន​ការ​ហែ​ញត្តិ​នេះ សមត្ថកិច្ច​រាប់រយ​នាក់​បាន​ដាក់​បារ៉ាស់​កាត់​ផ្លូវ​​ប្រមាណ១ម៉ោង ទម្រាំ​ឲ្យ​រថយន្ត​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ​ចំនួន​២៣ រថយន្ត ចេញ​ដំណើរ ហើយ​ពេល​ហែ​ក្បួន​តាម​ផ្លូវ​ទៅ​ព្រះបរមរាជវាំង ក៏​ត្រូវ​បាន​ក្រុម​យុវជន​របស់​លោក ស្រី ចំរើន ប៉ុនប៉ង​ស្ទាក់​ផ្លូវ ប៉ុន្តែ​ត្រូវ​បាន​សម្រួល​ចរាចរណ៍ ដោយ​ប៉ូលិស​នៅ​ទីនោះ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។