កម្លាំង​សមត្ថកិច្ច​ចម្រុះ​២​ខណ្ឌ ដាក់​កម្លាំង​ទប់ស្កាត់​ក្រុម​អាវ​ខ្មៅ

 រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ហែរ​ក្បួន​ទៅ​ដាក់​ញត្តិ​នៅ​ព្រះ​បរមរាជវាំង នា​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៦ កម្លាំង​សមត្ថកិច្ច​២​ខណ្ឌ​នៅ​ជាយ​រាជធានី​ភ្នំពេញ បាន​ដាក់​កម្លាំង​ត្រួតពិនិត្យ និង​ទប់ស្កាត់​ក្រុម​អាវ​ខ្មៅ ដែល​ឆ្លៀតឱកាស​ប្រមូលផ្ដុំ និង​ហែរ​ក្បួន​ដោយ​ខុសច្បាប់ គឺ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌដង្កោ​។ មន្ត្រី​នគរបាល​បាន​និយាយ​ថា នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ កម្លាំង​ដែល​ដាក់​គឺ​នៅ​តាម​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ភូមិ​ក្រាំង​ដូនតី សង្កាត់​ចោម​ចៅ ។

នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ ក្នុង​ពេល​កម្លាំង​កំពុងធ្វើការ ស្រាប់តែ​មាន​ក្រុម​អ្នក​ស្លៀកពាក់ ខ្មៅ​១​ក្រុម​មាន​គ្នា​ប្រមាណ​១០​នាក់​មក​ពី​សហគមន៍ SOS បាន​ធ្វើ​ដំណើរ តាម​ម៉ូតូ និង​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៣ ក្នុង​បំណង​ទៅ​កាន់ ពន្ធនាគារ​ព្រៃ​ស ដើម្បី​ទាមទារ ឲ្យ​មានការ​ដោះ​លែង មន្ត្រី​សិទ្ធិ​មនុស្ស ៤​រូប និង​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​រូប​ដែល​កំពុង​ជាប់​ឃុំ នៅ​ពន្ធនាគារ​នោះ​។

ប្រភព​ដដែល​បាន​បន្ត​ថា ខណៈនោះ​ត្រូវ​បាន​កម្លាំង​ធ្វើការ​រារាំង មិន​ឲ្យ​បន្តដំណើរ​ទៅ​មុខ​ទៀត​ឡើយ ហើយ​ពួក​គេ​បាន​នាំ​គ្នា​ត្រឡប់​ក្រោយ​វិញ និង​បាន​អះអាង​ថា ក្រុម​អាវ​ខ្មៅ​ពួក​គេ​បាន​ប្រមូលផ្ដុំ​គ្នា មាន​ចំនួន​ជាង​៤០​នាក់ ដែល​មក​ពី​សហគមន៍​ដីធ្លី​ចំនួន​៤ មិនមែន​មាន​តែ​ប្រមាណ​១០​នាក់​នេះ​ឡើយ​។ មិនតែប៉ុណ្ណោះ ក៏​ត្រៀម​ប្រមូលផ្ដុំ​មនុស្ស​ជាង​១០០​នាក់ ដើម្បី​បង្ហោះ​ប៉េងប៉ោង ពណ៌​ខ្មៅ​ដែល​មាន​សរសេរ​អក្សរ​ជា​សារ​ទាមទារ ដោះ​លែង​អ្នក​ទាំង​៤​នាក់​នោះ​ថែម​ទៀត​ផង​។ ទោះបី​បែប​ណា​ក្រោយ​ពេល​ដែល​កម្លាំង​សមត្ថកិច្ច រារាំង​ក្រុម​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ទាំងនោះ បាន​ត្រឡប់​ក្រោយ​វិញ មិន​បន្តដំណើរ​ទៅ​មុខ​ទៀត​ឡើយ​។

ដោយឡែក​នៅ​ក្នុង​ខណ្ឌដង្កោ​ឯណោះ​វិញ ក៏​មានការ​ដាក់​ពង្រាយ​កម្លាំង​ផង​ដែរ នៅ​តាម​ផ្លូវ​ព្រៃ​ស វត្ត​ស្លែង ត្រង់​ចំណុច​ភូមិ​ព្រៃ​ស សង្កាត់​ព្រៃ​ស ហើយ​មិន​មាន​ក្រុម ថ្ងៃ​ច​ន្ទ័​ពណ៌​ខ្មៅ ឆ្លងកាត់​ទេ​គឺ​មាន ក្រុម​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មួយ​ចំនួន​បាន​ប្រមូលផ្ដុំ​គ្នា ដើម្បី​ធ្វើ​ដំណើរ ទៅ​កាន់​ទីស្នាក់ការ​គណបក្ស​របស់​ខ្លួន នៅ​សង្កត់​ចាក់​អង្រែ​ក្រោម ។ នៅ​ខណៈនោះ សមត្ថកិច្ច​បាន​ធ្វើការ​ត្រួតពិនិត្យ និង​មិន​ឲ្យ​ពួក​គេ កាន់​បដា និង​ហែរ​ជា​ក្បួន​នោះ​ឡើយ បន្ទាប់​មក​ពួក​គេ​បាន​ធ្វើ​ដំណើរ​ខ្លះ​តាម​ម៉ូតូ និង​ខ្លះ​តាម​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី ចាក​ចេញពី​ទីស្នាក់ការ​គណបក្ស​ខណ្ឌ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ស សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ទៅ​កាន់​ទីស្នាក់ការ​គណបក្ស​នៅ​ឯ សង្កាត់​ចាក់​អង្រែ​ក្រោម បាន​ដដែល​៕