ក្រុម​អ្នក​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​បរាជ័យ​ក្នុង​ការ​ហែ​ក្បួន​ទៅ​គុក​ព្រៃ​ស

ក្រុម​អ្នក​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដែល​ភាគ​ច្រើន​ជា​ស្ត្រី ត្រូវ​បរាជ័យ​ជា​ថ្មី​ទៀត​ក្នុង​ការ​ជួប​ជុំ​គ្នា ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ៤​រូប និង​អគ្គលេខាធិការ​រង​នៃ គ..ប ម្នាក់​ទៀត។

តំណាង​សហគមន៍​ដីធ្លី​នៅ​តំបន់​ថ្មគោល លោកស្រី ច្រាយ នីម ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ឧសភា ថា យុទ្ធនាការ​ដែល​គ្រោង​ថា​នឹង​ជួប​ជុំ​គ្នា​នៅ​ខាង​មុខ​ពន្ធនាគារ​ព្រៃ​ស​នោះ គឺ​ត្រូវ​ខកខាន​ទៅ​វិញ ដោយសារ​ត្រូវ​អាជ្ញាធរ​ទប់ស្កាត់។ លោកស្រី​បន្ត​ថា រដ្ឋាភិបាល​គួរ​ហ៊ាន​បើក​ចិត្ត​ឲ្យ​បាន​ទូលាយ និង​មិន​ត្រូវ​ខ្លាច​ពលរដ្ឋ ដែល​គ្រាន់​តែ​សម្ដែង​មតិ​ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​ស្រប​ទៅ​តាម​ច្បាប់​ឡើយ។ លោកស្រី​បន្ត​ថា «សូម​ឲ្យ​រាជ​រដ្ឋាភិបាល​ហ្នឹង កុំ​ខ្លាច​រឿង​ពាក់​អាវ​ខ្មៅ​ហ្នឹង ឲ្យ​តែ​លែង គឺ​យើង​ឈប់​ហើយ ហើយ​កុំ​ខ្លាច​រឿង​អាវ​ខ្មៅ អ្វី​ដែល​គាត់​ខ្លាច​ហ្នឹង គឺ​ខ្លួន​គាត់​ធ្វើ​ខុស​ច្រើន។ ការ​រំលោភ​សិទ្ធិ​មនុស្ស​កាន់​តែ​ធ្ងន់ធ្ងរ។ ចាប់​មនុស្ស​ល្អ ចាប់​មនុស្ស​ដែល​ជួយ​សង្គម​ជាតិ បែរ​យក​ទៅ​ដាក់​គុក ហើយ​អ្នក​ដែល​ធ្វើ​ខុស​នឹង​ច្បាប់ មន្ត្រី​ពុក​រលួយ ជន​រត់​គ្រឿង​ញៀន ចោរ​ឆក់​ចោរ​ប្លន់​ចាប់​លែងៗ។ យើង​មើល​ឃើញ​ហើយ​អ្នក​ដែល​ប្រព្រឹត្ត​ខុស​ហ្នឹង គឺ​សុទ្ធតែ​មន្ត្រី​បក្ខពួក​ខ្លួន​ឯង​ធំៗ​តែ​ម្ដង»

លោកស្រី​បន្ត​ថា តាម​ការ​គ្រោង​ទុក អ្នក​ចូលរួម​រៀបចំ​យុទ្ធនាការ​សម្រាប់​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ​ប្រមាណ ៣០​នាក់​មក​ពី ៣​សហគមន៍​ខុសៗ​គ្នា រួម​មាន សហគមន៍​ថ្មគោល សហគមន៍​អតីត​បឹងកក់ និង​សហគមន៍​បុរីកីឡា។ ប៉ុន្តែ​ចំនួន​នេះ​បាន​ថយ​ចុះ​មក​នៅ​ត្រឹម ២០​នាក់​វិញ ដោយសារ​បម្រាម​របស់​អាជ្ញាធរ និង​ការ​រឹត​បន្តឹង​សន្តិសុខ។

បើ​ទោះ​បី​ជា​បែប​ណា អ្នក​ចូលរួម​បាន​ជម្នះ​បន្ត​ដំណើរ​ចេញ​ពី​គោលដៅ ត្រង់​រង្វង់​មូល​ចោមចៅ ឆ្ពោះ​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស តាម​ផ្លូវ​ជាតិ​លេខ​៣ បាន ១​គីឡូម៉ែត្រ មុន​នឹង​ពួក​គេ​ត្រូវ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប។

លោកស្រី ច្រាយ នីម បញ្ជាក់​ជំហរ​ថា ពួក​គាត់​នៅ​តែ​ធ្វើ​យុទ្ធនាការ​នេះ​បន្ត​ទៀត នៅ​រៀង​រាល់​ថ្ងៃ​ច័ន្ទ ប្រសិន​បើ​ពុំ​មាន​ការ​ដោះ​លែង​អ្នក​ទាំង ៥​រូប​ទេ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។