ក្មេង​ប្រុស​ម្នាក់​ ត្រូវ​ម៉ាស៊ីន​កិន​ដៃ​ រហូត​ដល់​ខ្សោះឈាម​ស្លាប់​យ៉ាង​អាណោចអាធ័ម

ក្មេង​ប្រុស​ម្នាក់​ ត្រូវ​ម៉ាស៊ីន​កិន​ដៃ​ រហូត​ដល់​ខ្សោះឈាម​ស្លាប់​យ៉ាង​អាណោចអាធ័ម



បាត់ដំបង ៖ ម៉ា​ស៊ី​ន​កិន​ដី​ធ្វើ​ឥដ្ឋ​មួយ​កន្លែង បាន​កិន​ទាញ​យក​ទាំង​ដៃ​ក្មេង​ប្រុស​ម្នាក់ ​រហូត​ធ្វើ​ឲ្យ​ក្មេង​នោះ​ស្លាប់​ភ្លាមៗ​ ក្រោយពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ដោយសារតែ​ការ​ហូរ​ឈាម​ឥត​ស្រាក ​រហូតដល់​ខ្សោះ​ឈាម បន្ទាប់ពី​ក្មេង​ប្រុស​រូប​នេះ​បាន​ទៅ​ជួយ​ការងារ ឪពុក​ម្តាយ ដែល​ជា​កម្មករ​បម្រើការ​នៅក្នុង​ឡឥដ្ឋ​ខាងលើ។

ហេតុ​ការណ៍​ដ៏​ភ្ញាក់ផ្អើល និង​ដ៏​រន្ធត់​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ២០១៦ វេលា​ម៉ោង​៣និង​៥៤​នាទី​រសៀល ត្រង់​ចំណុច​ក្នុង​បរិវេណ​ សិប្បកម្ម​ផលិត​ឥដ្ឋ​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​ទួល​ធ្នង់ ឃុំ​ព្រៃ​ស្វាយ ស្រុក​មោង​ឫស្សី ខេត្តបាត់ដំបង ដោយ​សាក្សី​ដែល​ជា​កម្មករ​ នៅ​ទី​នោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គឺ​ពួកគេ​កំពុងតែ​មមាញឹក​ការងារ​រៀង​ៗ​ខ្លួន​ដោយ​ពុំបាន​ដឹងថា​ក្មេងប្រុស​ ដែលជា​កូន​របស់​កម្មករ​នៅក្នុង​ឡឥដ្ឋ​រូបនេះ ​ចូល​ទៅលេង​ក្បែរ​ម៉ាស៊ីន​កិន​ដី​នោះ​ឡើយ លុះ​នៅ​ពេល​ដែល​មាន​ហេតុការណ៍​នេះ​កើតឡើង ​ទើប​មានការ​ភ្ញាក់ផ្អើល​តែម្តង។

អ្នកស្រី​មេន មុំ អាយុ​៣៤​ឆ្នាំ ជា​ម្តាយ​ក្មេង​ប្រុស​រងគ្រោះ​បាន​ប្រាប់​ថា អ្នកស្រី​មាន​ជីវភាព​ក្រលំបាក​ខ្លាំង​ណាស់ ដោយ​ក្នុង​បន្ទុក​មាន​កូន​ប្រុស​ស្រី​ចំនួន​២​នាក់ កូន​ដែល​គ្រោះថ្នាក់​នេះ​គឺជា​កូនច្បង ​មានឈ្មោះ រ៉​ម រ៉ា អាយុ​៩​ឆ្នាំ ហើយ​នៅ​ពេល​គ្រោះថ្នាក់​កើតឡើង​នេះ​គឺ​គាត់​មាន​លុយ​ត្រឹមតែ​១៥០០០​រៀល​ប៉ុណ្ណោះ នៅ​ក្នុង​ខ្លួន​ប៉ុន្តែ​បាន​ក្រុម​កម្មករ អ្នកភូមិ​និង​កម្លាំង​កងរាជអាវុធហត្ថ ស្រុក​មោងឫស្សី​ជួយ​ជ្រោមជ្រែង។

​ស្ត្រី​ជា​ម្តាយ​បាន​បន្ថែម​ថា នៅ​ពេល​ដែល​ពួកគាត់​កំពុង​ធ្វើ​ការ​នោះ​គឺ​គាត់​មិនបាន​ដឹង​ថា​កូនប្រុស​របស់​ខ្លួន​ទៅ​អង្គុយលេង​ក្បែរ​នឹង​ម៉ា​ស៊ីន​កិន​ដី​ឡើយ ហើយ​កូន​គាត់​ថែមទាំង​ជួយ​រុញ​ដី​ចូលទៅក្នុង​ម៉ា​ស៊ីន​ថែមទៀត ក៏​ស្រាប់តែ​ការ​រុញ​ដី​នេះ បាន​ជ្រុលដៃ​ចូល​ត្រូវ​ម៉ាស៊ីន​កៀប​ទាញ​ចូល​និង​កាត់​ផ្តាច់​ដៃស្តាំ​ម្ខាង ភ្លាម​នោះ​ក្រុម​គ្រួសារ​បាន​បញ្ជូន​ក្មេង​ប្រុស​រងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​មោង​ឫស្សី​ដើម្បី​សង្គ្រោះ តែ​ក្មេង​អភ័ព្វ​បាន​ដាច់ខ្យល់​ស្លាប់​តែ​ម្តង ព្រោះ​ខ្សោះ​អស់​ឈាម ដោយ​បច្ចុប្បន្ន​សព​កំពុង​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ៕