ធី សុវណ្ណថា៖ ហេតុអ្វី…?

ការផ្លាស់ប្ដូរបែបផែន នៃភាសា ជាសិទ្ធិសេរីភាពមួយ។ ប៉ុន្តែការផ្លាស់ប្ដូរ នៃគោលជំហរជាមូលដ្ឋាន របស់ខ្លួន​ឯង​នោះ ទើប​ជា​បញ្ហា។ ហើយ​ចំណុច​នេះហើយ ដែលកញ្ញា ធី សុវណ្ណថា និងមនុស្សដែលធ្លាប់គាំទ្រនាង បានចោទ​ជាសំនួរ​ទៅ​វិញ​ទៅ​មក ថា​«ហេតុអ្វី»។
ធី សុវណ្ណថា៖ ហេតុអ្វី...?

កញ្ញា ធី សុវណ្ណថា (អតីត)អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ (រូបថតហ្វេសប៊ុក)

ចប់ហើយ! លែងឃើញទៀតហើយ ការបង្ហោះផ្សាយ នៅលើទំព័រហ្វេសប៊ុក របស់កញ្ញា ធី សុវណ្ណថា ដែល​និយាយ​​ពី​​សកម្មភាព នៅ​តំបន់​ព្រៃ​អារ៉ែង ឬសកម្មភាពទាមទារ«យុត្តិធម៌» ដែលគេតែងតែឃើញ មិនដែលសូវ​លោះ នូវ​វត្តមាន​របស់ម្ចាស់ទំព័រ ធ្វើសេចក្ដីរាយការណ៍ និងចូលរួមឈឺឆ្អាល ពីទីនោះមក។ ជាពិសេស វាចប់ជា​ស្ថាពរ នូវ​សម្រែក​​ដែល​ធ្លាប់ស្រែកថា «តុលាការកម្ពុជាអយុត្តិធម៌ណាស់» និងបែរជា ត្រូវស្វែងរក «យុត្តិធម៌» តាម​រយៈ​តុលាការ​កម្ពុជា​ទៅវិញ។

វាជាការផ្លាស់ប្ដូរមួយ ដែលអ្នកដែលធ្លាប់គាំទ្រកញ្ញា ធី សុវណ្ណាថា នឹកស្មានមិនដល់ និង​មិន​យល់ រួច​ស្រែក​សួរ​ថា «ហេតុអ្វី?»។ ផ្ទុយទៅវិញ ពាក្យ«ហេតុអ្វី»នេះ ក៏ត្រូវកញ្ញា ធី សុវណ្ណថា ខ្លួនឯងចោទសួរដែរ ទៅកាន់​បណ្ដា​អ្នក​គាំទ្រ និងតំណាងរាស្ត្រ របស់គណបក្សសង្គ្រោះជាតិ ពីហេតុផលដែលនាងចាត់ទុកខ្លួនឯង ជាជន​រងគ្រោះ នៅ​ចំពោះ​ការ​បរិហារ​កេរ្តិ៍ តាមរយៈខ្សែអាត់សម្លេងមួយ។

ដូចនៅថ្ងៃនេះជាដើម កុំថាឡើយឃើញកញ្ញា ធី សុវណ្ណថា ចូលរួមក្នុងសកម្មភាព ជាមួយគណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​យុទ្ធនាការ​មួយ ដែលគណបក្សនេះនិយាយថា ចង់ទាមទារឲ្យគោរពច្បាប់ និងអភ័យឯកសិទ្ធិ​អ្នក​តំណាង​រាស្ត្រ។ តែ​បើ​សូម្បី​រូបថតស្ដីពីសកម្មភាព នៃការតវ៉ារបស់នាង ដែលនាងប៉ងបង្អាក់ក្រុមអ្នកតំណាងរាស្ត្រ មិន​ឲ្យ​ចូល​ទៅ​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​នោះ ក៏គេមិនឃើញនាងបង្ហោះ បង្ហាញប្រិយមិត្តរបស់នាងដែរ។

ផ្ទុយទៅវិញ គេបែរជាឃើញនាង បង្ហោះឃ្លីបវីដេអូ​ នៃការថ្លែងសារខ្លីមួយ នៅក្នុងរថយន្ដ«ទំនើប»របស់ខ្លួន តែ​ម្នាក់​ឯង ដើម្បី​លើក​ជា​សំនួរ ទៅ​កាន់​បណ្ដាអ្នកគាំទ្រ និងអ្នកតំណាងរាស្ត្រ របស់គណបក្សប្រឆាំង ថា«ហេតុអ្វី ៗ»។

» សូមទស្សនា វីដេអូនោះដូចតទៅ៖

តែសំនួររបស់នាង សួរថា «ហេតុអ្វី»នេះ ប្រាកដជាគ្មានចម្លើយតប ឲ្យបានត្រឹមត្រូវទេ ប្រសិនបើខ្លួននាងផ្ទាល់ មិនបានឆ្លើយជាមុន ទៅកាន់ក្រុមអ្នកធ្លាប់គាំទ្រនាង ពីសំនួរថា «ហេតុអ្វីបាននាងផ្លាស់ប្ដូរគោលជំហរដូច្នេះ»៕