ក្រុម​ចោរ​ប្លន់​ បាញ់​ប្លន់​យក​ម៉ូតូ​មិន​សម្រេច តែចុះដោះ​យក​ខ្សែដៃ​មាស​បាន ១​ខ្សែ

ក្រុម​ចោរ​ប្លន់​ បាញ់​ប្លន់​យក​ម៉ូតូ​មិន​សម្រេច តែចុះដោះ​យក​ខ្សែដៃ​មាស​បាន ១​ខ្សែ



កំពង់ឆ្នាំង ៖ ក្រុម​ចោរប្លន់​មួយ​ក្រុម​មាន​គ្នា​២​នាក់ ​ប្រដាប់​ដោយ​កាំភ្លើងខ្លី បាន​ជិះ​ម៉ូតូ​ធុន​ធំ​មួយ​គ្រឿង ​តាម​ដេញ​បាញ់​ប្លន់​យក​ម៉ូតូ​១​គ្រឿង​ ដែល​ជិះ​ដោយ​នារី​៣​នាក់ តែ​ប្លន់​យក​ម៉ូតូ​មិនបាន​សម្រេច ក៏​ចុះ​ដោះ​យក​គ្រឿង​អលង្ការ​បាន​​ខ្សែដៃមាសមួយខ្សែ។

ហេតុ​ការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ២០១៦ នៅ​តាម​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម ខាងក្រោយ​វត្ត​អង្គ​សេរី ភូមិ​ស្នង​មុំ ឃុំ​ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រឡាច​។

លោក ម៉ាត់ លី អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ដែល​ត្រូវ​ចោរប្លន់​បាញ់​របួស​នេះ​មានឈ្មោះ ផាន សុ​ផាវ ភេទ​ស្រី អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ រង​របួស​ត្រូវ​គ្រាប់​ចំ​ប្រអប់ជើង​ខាងស្តាំ ចំណែក​ម៉ូតូ​ដែល​ជនរងគ្រោះ​ជិះ​នោះ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង​1C-3178។

លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀត​ថា តាម​ការសាកសួរ​ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ ដែល​ធ្វើដំណើរ​ជាមួយគ្នា​បាន​រៀបរាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ សាច់ញាតិ​មាន​គ្នា​ចំនួន​៥​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​ធ្វើដំណើរ​ចេញ​ពី​ផ្ទះ ជូន​ម្តាយ​មីង​មក​ផ្ទះ​ជួល​នៅ​រោងចក្រ​នៅ​ម្តុំ​ស្ពាន​ពោធិ៍ ក្នុង​ភូមិ​សាស្ត្រ ស្រុក​សាមគ្គី​មានជ័យ​។ ប៉ុន្តែ​នៅ​ពេល​នាំគ្នា​ជិះ​ម៉ូតូ​ចេញ​ពី​ផ្ទះ​បាន​ចម្ងាយ​ប្រមាណ​ជាង​៣​គីឡូម៉ែត្រ ក៏​ស្រាប់​តែ​មាន​មនុស្ស​ប្រុស​ចំនួន​២​នាក់ ជិះ​ម៉ូតូ​ធំ ពាក់មួក​សុវត្ថិភាព បាន​បើក​ប្រដេញ​និង​ម៉ូតូ​ជនរងគ្រោះ​ដែល​ជិះ​គ្នា​៣​នាក់ ហើយ​បាន​ដក​កាំភ្លើងខ្លី​ភ្ជង់​គំរាម​ឲ្យ​ឈប់​បំណង​ប្លន់​យក​ម៉ូតូ តែ​ពេលនោះ​ជនរងគ្រោះ​អត់​ឈប់​ទេ ខ​ណៈ​នោះ​ជនសង្ស័យ​បាន​បាញ់​គំរាម​ត្រូវ​ចំ​ប្រអប់ជើង​ខាង​ស្តាំ​នារី​រងគ្រោះ ហើយ​ជនសង្ស័យ​បាន​ចុះ​ពីលើ​ម៉ូតូ​ដោះ​យក​ខ្សែដៃ​១​ខ្សែ រួច​គេច​ខ្លួន​បាត់​តែម្តង។

ចំណែក​ជនរងគ្រោះ​ត្រូវ​បាន​សាច់ញាតិ ដឹក​យក​មក​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ក្នុងស្រុក​កំពង់ត្រឡាច។ លោក​អធិការ​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ករណី​នេះ​សមត្ថកិច្ច​កំពុង​ធ្វើការ​ស្រាវ ជ្រាវ ដើម្បី​កំណត់​មុខសញ្ញា​ជនសង្ស័យ ចាត់ការ​តាមផ្លូវ​ច្បាប់។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែឧសភា ក្រុមចោរ​បាន​ធ្វើ​សកម្មភាព​ឆ្កឹះ​សោ​ទ្វារ​រថយន្ត​ឆ្លាម​១​គ្រឿង ប៉ុនប៉ង​លួច​រថយន្ត​នោះ​ ដែល​ម្ចាស់​បាន​ចត​ទុកចោល​នៅ​ខាងកើត​របង​សាល​ខេត្ត​ទៅ​មើល​ការ​ប្រគំ​តន្ត្រី​បរិស្ថាន​មុខ​សាលាខេត្ត ប៉ុន្តែ​សំណាងល្អ​កូន​ម្ចាស់​រថយន្ត​ឆ្លាម​នោះ​មក​ទាន់ ក្រុម​ចោរ​បាន​គេច​ខ្លួន​បាត់។ ករណី​នេះ​សមត្ថកិច្ច​ក៏បាន​ធ្វើការ​ស្រាវជ្រាវ​តាមរក​ជនសង្ស័យ​ភ្លាមៗ​ផងដែរ ​តែ​រក​មិនឃើញ​។ នេះ​គឺជា​សារ​មួយ​សម្រាប់​អ្នក​កំពង់ឆ្នាំង​គួរតែ​ប្រុង​ប្រ​យ័ត្ន៕