រដ្ឋសភា​បាន​អនុម័ត ​បោះឆ្នោត​ជ្រើសតាំង​លោក ខៀវ មុត ជា​សមាជិក​ព្រឹទ្ធសភា

រដ្ឋសភា​បាន​អនុម័ត ​បោះឆ្នោត​ជ្រើសតាំង​លោក ខៀវ មុត ជា​សមាជិក​ព្រឹទ្ធសភា



ភ្នំពេញ ៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៣០ ខែឧសភា ឆ្នាំ​២០១៦ នេះ បាន​បើក​សម័យប្រជុំ​លើក​ទី​៦ នីតិកាល​ទី​៥ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភាជាតិ ដោយមាន​វត្តមាន​តំណាងរាស្ត្រ​ពេល​ផ្តើម​សម័យប្រជុំ​មាន​ចំនួន​៦៨​រូប។

អង្គ​សភា​បាន​អនុម័ត​យល់ព្រម​លើក​យក​របៀបវារៈ​ចំនួន​៤ មក​ពិភាក្សា និង​អនុម័ត ដោយ​សំឡេង​ចំនួន​៦៨ រួមមាន ទី​១- ការសម្រេច​ករណី​លោក កឹម សុខា តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម ដែល​ត្រូវ​ក្រសួង​មាន​សមត្ថកិច្ច​ធ្វើការ​ចោទប្រកាន់ ទី​២- ការបោះឆ្នោត​ជ្រើសតាំង​សមាជិក ព្រឹទ្ធសភា​ចំនួន​០១​រូប ទី​៣- ការពិភាក្សា​និង​អនុម័ត សេចក្តី​ព្រាងច្បាប់​ស្តីពី​យុត្តិធម៌​អនីតិជន និង​ទី​៤- ការពិភាក្សា និង​អនុម័ត​សេចក្តី​ព្រាងច្បាប់ ស្តីពី​ការ​អនុម័ត​យល់ព្រម លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ហុង​គ្រី​ស្តីពី​ការជំរុញ និង​ការការពារ​ទៅវិញទៅមក នៃ​វិនិយោគ។

គិត​មកដល់​ម៉ោង​៩ ព្រឹក​ថ្ងៃ​ដដែល អង្គសភា​បាន​អនុម័ត​យល់ព្រម​ឲ្យ​ក្រសួង​មាន​សមត្ថកិច្ច​បន្ត​នីតិវិធី លើ​ការចោទប្រកាន់ លោក កឹម សុខា តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំ​ពង់ចាម ចំនួន​៦៨ សំឡេង និង​បានការ​បោះឆ្នោត​ជ្រើសតាំង លោក ខៀវ មុត ជា​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៣ ចំនួន​៦៨​សំឡេង ជំនួស​សមាជិក​ព្រឹទ្ធសភា​០១ រូប ដែល​បាន​សុំលាលែង ហើយ​បន្ទាប់ពី​អនុម័ត​របៀបវារៈ​ខាងលើនេះ អង្គសភា​បាន​បន្ត​ពិភាក្សា និង​អនុម័ត​លើ​របៀបវារៈ​ផ្សេងៗ​៕

រដ្ឋសភា​បាន​អនុម័ត ​បោះឆ្នោត​ជ្រើសតាំង​លោក ខៀវ មុត ជា​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា​បាន​អនុម័ត ​បោះឆ្នោត​ជ្រើសតាំង​លោក ខៀវ មុត ជា​សមាជិក​ព្រឹទ្ធសភា