បក្ស​ប្រឆាំង​ប្រកាន់​ជំហរ​ហែ​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​ទោះ​សាលាក្រុង​មិន​អនុញ្ញាត

គណបក្សសង្គ្រោះជាតិប្រកាន់ជំហរហែញត្តិ ទៅថ្វាយព្រះមហាក្សត្រ បើទោះបីជាសាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យការហែក្បួនទៅព្រះបរមរាជវាំងក្ដី។

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ អះអាងនៅក្នុងសន្និសីទកាសែតនៅថ្ងៃទី៣០ ឧសភា ថា សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងថ្នាក់ដឹកនាំបក្សខេត្តរបស់ខ្លួន នឹងហែញត្តិស្នាមមេដៃ ទៅថ្វាយព្រះមហាក្សត្រ នៅរសៀលម៉ោង២ ថ្ងៃនេះតាមការគ្រោងទុក ទោះបីសាលាក្រុងរារាំងយ៉ាងណាក្ដី ក្នុងគោលបំណងដើម្បីទាមទារឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស និងមន្ត្រីបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារ រួមនឹងប្រឆាំងចំពោះការចាប់ខ្លួនលោក កឹម សុខា ផងដែរ។

បក្ស​ប្រឆាំង​ប្រកាន់​ជំហរ​ហែ​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​ទោះ​សាលាក្រុង​មិន​អនុញ្ញាត

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ (រូបកណ្ដាលកាន់មេក្រូ) ថ្លែងក្នុងសន្និសីទកាសែត នៅទីស្នាក់ការកណ្ដាល គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។ RFA/Cheu Sideth

បន្ថែមពីនេះ លោក សុន ឆ័យ ក៏ថ្កោលទោសចំពោះទង្វើរបស់រដ្ឋសភាដែលរំលោភបំពានរដ្ឋធម្មនុញ្ញត្រង់មាត្រា៨០ យ៉ាងធ្ងន់ធ្ងរ ដែលសម្រេចឲ្យតុលាការចាត់ការលើប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។

មាត្រា៨០ នៃរដ្ឋធម្មនុញ្ញ ចែងថា ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនសមាជិកណាមួយនៃរដ្ឋសភា នឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាក្នុងចន្លោះសម័យប្រជុំនៃ រដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។

នៅថ្ងៃទី៣០ ឧសភា អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា អាជ្ញាធរក្រុងប្រកាន់ជំហរមិនឲ្យបក្សប្រឆាំងហែញត្តិឡើយ ហើយថា បើមានការប៉ះទង្គិចគ្នា ឬហិង្សាកើតឡើង នោះគណបក្សប្រឆាំងត្រូវទទួលខុសត្រូវទាំងស្រុង។

មូលហេតុដែលអាជ្ញាធរក្រុងបដិសេធចំពោះការស្នើនេះ ក្រោមហេតុផលថា ការស្នើមានភាពប្រថុចញ៉ុច ផ្ទុយពីច្បាប់កំណត់ រំលោភបំពានលើចំណាត់ការតុលាការ និងខ្លាចប៉ះទង្គិចគ្នាជាមួយអ្នកប្រឆាំង និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាដើម។

នៅព្រឹកនេះ សមាជិករដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា៦៨រូប បោះឆ្នោតលើកដៃសម្រេចជាឯកច្ឆន្ទឲ្យសមត្ថកិច្ចចាត់ការលើលោក កឹម សុខា តាមការបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការក្រុងភ្នំពេញ ដែលចាត់ទុកជាបទល្មើសជាក់ស្ដែង ក្រោយពីលោក កឹម សុខា មិនចូលខ្លួនទៅបំភ្លឺតាមការកោះហៅចំនួនពីរលើក។

សមត្ថកិច្ចបានឃាត់រថយន្តលោក កឹម សុខា និងបានសម្រុកចូលទីស្នាក់ការបក្សប្រឆាំង កាលពីថ្ងៃទី២៦ ខែឧសភា។ ចាប់ពីពេលនោះមក លោក កឹម សុខា មិនបានចេញពីទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិទេ ហើយគណបក្សនេះបានព្រមានធ្វើមហាបាតុកម្មអហិង្សា បើមានការចាប់ខ្លួនលោក កឹម សុខា។

សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ…

ប្រភពៈ RFA