អ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ជួបជុំនៅទីស្នាក់ការកណ្តាល ខណៈរដ្ឋសភាបើកដៃឲ្យតុលាការ មានចំណាត់ការលើសំណុំរឿងលោក កឹម សុខា

(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់គណបក្សសង្រ្គោះជាតិកាលពីថ្ងៃម្សិលមិញ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ ក្រុមអ្នកគាំទ្រ គណបក្សសង្រ្គោះជាតិ រួមមានក្រុមយុវជនផងដែរ បានមកជួបជុំគ្នាជាបន្តបន្ទាប់ នៅទីស្នាក់ការកណ្តាលរបស់គណបក្សសង្រ្គោះជាតិ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

អ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ជួបជុំនៅទីស្នាក់ការកណ្តាល ខណៈរដ្ឋសភាបើកដៃឲ្យតុលាការ មានចំណាត់ការលើសំណុំរឿងលោក កឹម សុខា

គ្រាដែលអ្នកគាំទ្ររបស់គណបក្សសង្រ្គោះជាតិធ្វើការជួបជុំគ្នា នៅឯវិមានរដ្ឋសភាតំណាងរាស្រ្ត មកពីគណបក្សប្រជាជនកម្ពុជា ក៏បានសម្រេចឲ្យតុលាការ និងសមត្ថកិច្ច មានចំណាត់ការទៅលើសំណុំរឿងរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិផងដែរ។

ជាមួយនោះផងដែរ សកម្មជនមួយចំនួនដែលបានធ្វើដំណើរមកទីស្នាក់ការ CNRP នៅតាមបណ្តាខណ្ឌមួយចំនួន ត្រូវបានអាជ្ញាធរទប់ស្កាត់។ ដោយឡែកស្ថានភាព នៃការធ្វើចរាចរណ៍នៅមុខទីស្នាក់ការមានការកកស្ទះខ្លាំងផងដែរ ព្រោះការប្រមូលរបស់អ្នកគាំទ្រ។

សូមរំលឹកថា គណបក្សសង្រ្គោះជាតិនៅថ្ងៃម្សិលមិញបានប្រកាសថា នៅម៉ោងប្រមាណ១១ថ្ងៃទី៣០ ខែឧសភា នេះ ពួកគេនឹងធ្វើសន្និសីទ ព័ត៌មានមួយជុំវិញស្ថានការណ៍នយោបាយនៅកម្ពុជា ក៏ដូចជាការតាមចាប់ខ្លួនលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ។ គណបក្សសង្រ្គោះជាតិ ក៏បានប្រកាសបង្ហាញពីការដង្ហែក្បួននាំយកញត្តិ ទៅថ្វាយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទបរមនាថ នរោត្តម សីហមុនី ហើយបានកៀងគរអ្នកគាំទ្ររបស់ខ្លួន ចូលរួមក្នុងក្បួនដង្ហែញត្តិនេះឲ្យបានច្រើន។ បើតាមការជូនដំណឹងរបស់គណបក្សសង្រ្គោះជាតិ អ្នកដែលចូលរួមដង្ហែញត្តិ ក៏មានសកម្មជនរបស់ពួកគេមកពីតាមបណ្តាខេត្តផងដែរ៕

ប្រភពៈ freshnewsasia