វិភាគ៖ តើការប្រកាសធ្វើបាតុកម្មថ្មីទៀតរបស់បក្សប្រឆាំងអាចជំរុញឲ្យមានដំណោះស្រាយនយោបាយទេ?

ក្រោយការបោះឆ្នោតឆ្នាំ២០១៣ គេនៅចាំបានថាគណបក្សប្រឆាំងបានដឹកនាំអ្នកគាំទ្ររាប់ម៉ឺននាក់ប្រឆាំងនឹងលទ្ធផលបោះឆ្នោត។

ជាលទ្ធផល ក្រោយដឹកនាំតវ៉ាតាមដងផ្លូវជិត១ឆ្នាំគណបក្សប្រឆាំងដ៏ធំមួយនោះទទួលបានលក្ខខណ្ឌនយោបាយខ្លះពីបក្សកំពុងគ្រប់គ្រងអំណាចដូចជាបែងចែកអំណាចនៅក្នុងសភា ទទួលបានហ្វ្រេកង់ទូរទស្សន៍មួយសម្រាប់គណបក្សផ្ទាល់ និងលក្ខខណ្ឌដោះលែងតំណាងរាស្ត្រ៧នាក់ដែលចាប់ខ្លួនមុនចូលសភា។

វិភាគ៖ តើការប្រកាសធ្វើបាតុកម្មថ្មីទៀតរបស់បក្សប្រឆាំងអាចជំរុញឲ្យមានដំណោះស្រាយនយោបាយទេ?

ស្ថានភាពនៃការរារាំងក្បួនដង្ហែគណបក្សសង្រ្គោះជាតិ ដោយក្រុមយុវជនស្រី ចំរើន

ក្រោយបក្សប្រឆាំងដើរចូលសភា មេដឹកនាំទាំងពីរគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រស្ស៊ី បានព្រមព្រៀងគ្នាបង្កើតឲ្យមានវប្បធម៌សន្ទនាដែលពួកគេថា ដើម្បីដោះស្រាយបញ្ហាជាតិធំៗតាមរយៈសន្ទនាជាលក្ខណៈគ្រួសារខ្មែរនិងពង្រឹងសាមគ្គីផ្ទៃក្នុងគ្រួសារខ្មែរតែមួយ។

ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាំងប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី នាពេលនោះអះអាងប្រហាក់ប្រហែលគ្នាថាវប្បធម៌សន្ទនានេះមិនត្រឹមជាគំរូល្អសម្រាប់ពួកគេដែលមានវ័យចំណាស់ៗដូចគ្នានេះទេ ពួកគេក៏ជំរុញឲ្យយុវជនជំនាន់ក្រោយយកស្នាដៃថ្មីដែលពួកគេទាំងពីរនាក់ទើបបានបង្កើតឡើងនេះយកទៅអនុវត្តបន្តដែលពួកគេថា ដើម្បីស្វែងរក ការឯកភាពជាតិ ការអភិវឌ្ឍសង្គមផងដែរ។

រូបមន្តថ្មីដែលបានបង្កើតឡើងដោយមេដឹកនាំខ្មែរទាំងពីរនេះត្រូវបានពលរដ្ឋខ្មែរនិងអ្នកតាមដានសង្គមខ្លះបានកោតសរសើរ ចំណែកសហគមន៍អន្តរជាតិខ្លះបានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍។

អ្នកវិភាគខ្លះមានមោទនភាពថាវប្បធម៌សន្ទនានេះគឺបង្ហាញថាអ្នកនយោបាយខ្មែរជំនាន់ក្រោយបានភ្ញាក់រឭកចាប់យកការប្រកួតប្រជែងមួយដោយស្មើភាព ឈប់ប្រើប្រាស់វប្បធម៌សងសឹកទឹកឡើងត្រីស៊ីស្រម៉ោច ទឹកហោចស្រម៉ោចស៊ីត្រី ដូចអ្នកនយោបាយខ្មែរពីសម័យអតីតកាល។

ប៉ុន្តែជិត៣ឆ្នាំមកនេះវប្បធម៌សន្ទនានេះហាក់ធ្វើឲ្យមជ្ឈដ្ឋានជាតិនិងអន្តរជាតិខកចិត្តដោយសាតែគេសង្កេតឃើញថាពេលនេះសេរីភាពបញ្ចេញមតិត្រូវបានរឹតបន្តឹង មន្ត្រីការពារសិទ្ធិមនុស្សមួយចំនួនត្រូវរដ្ឋាភិបាលប្តឹង ហើយពេលនេះ ពួកគេត្រូវបានតុលាការសម្រេចឲ្យឃុំខ្លួននៅពន្ធនាគារ។

សកម្មជនបក្សប្រឆាំងវិញជិត២០នាក់ត្រូវជាប់ឃុំខ្លួនរួមទាំងតំណាងរាស្ត្រដែលមានអភ័យឯកសិទ្ធិសភាផង។ ចំណែកមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ដែលជាអ្នកផ្តួចផ្តើមឲ្យមានវប្បធម៌សន្ទនានេះក៏បានសម្រេចចិត្តនីរទេសខ្លួនម្តងទៀតនៅក្រៅប្រទេសគេចចេញពីការតាមចាប់ខ្លួន។

រីឯអនុប្រធានគណបក្ស លោក កឹម សុខា ត្រូវបានតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាចំនួន៦៨រូបសម្រេចឲ្យតុលាការចាត់វិធានការបន្តអនុវត្តដីកាចាប់ខ្លួនទាក់ទងរឿងអាស្រូវស្នេហា។

ស្ថិតក្នុងស្ថានការណ៍បែបនេះធ្វើឲ្យគណបក្សសង្គ្រោះជាតិទំនងជាអស់ការអត់ធ្មត់ក៏ប្រកាសតបវិញថានឹងមានបាតុកម្មអហិង្សាក្នុងទ្រង់ទ្រាយធំ បើមានការចាប់ខ្លួនលោក កឹម សុខា មែននោះ។

ហើយនៅពេលនេះទៀតសោត កម្លាំងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមកពី២៥ខេត្តក្រុងបានចាប់ផ្តើមសម្រុកក្នុងរាជធានីភ្នំពេញជាបន្តបន្ទាប់ទៀតផង។

តើបាតុកម្មពេលនេះមានឥទ្ធិពលជំរុញឲ្យបក្សកាន់អំណាចវិលមករកតុចរចា ឈប់ធ្វើទុក្ខបុកម្នេញបក្សប្រឆាំងឬទេ? ចុះបើមានកិច្ចចរចាមែន តើគណបក្សទាំងពីរនឹងលើកយកបញ្ហាអ្វីខ្លះមកដាក់លក្ខខណ្ឌគ្នាក្នុងកិច្ចចរចារនោះ?

សាស្ត្រចារ្យវិទ្យាសាស្ត្រនយោបាយលោក សូ ចន្ថា វិភាគថាគណបក្សប្រឆាំងគ្មានជម្រើសអ្វីក្រៅពីប្រកាសប្រើកម្លាំងអ្នកគាំទ្រ ដើម្បីបង្ហាញទៅកាន់បក្សកាន់អំណាចថាពួកគេមិនទទួលយកការគំរាមកំហែងផ្នែកនយោបាយបានទេ។ លោកវិភាគថាគណបក្សប្រជាជនកម្ពុជានឹងវិលចូលតុចរចាដរាបណាកម្លាំងតវ៉ារបស់គណបក្សសង្គ្រោះជាតិនោះមានចំនួនច្រើនលើសលប់។

លោក សូ ចន្ថា វិភាគទៀតថាបើមានការចរចាមែន គណបក្សប្រជាជនកម្ពុជាអាចនឹងទាមទារឲ្យគណបក្សសង្គ្រោះជាតិដាក់បេក្ខភាពថ្មីមកកាន់តំណែងជាអនុប្រធានទី១នៃរដ្ឋសភាជំនួសលោក កឹម សុខា ដែលបានដកចេញឬអាចនឹងដាក់លក្ខខណ្ឌ លែងឲ្យមានការរិះគន់ត្រង់ចំនុចណាដែលបក្សកាន់អំណាចមិនចង់ឲ្យគេលាតត្រដាង។

ចំណែកឯបក្សប្រឆាំងវិញលោកថាអាចនឹងទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស សកម្មជន និងអ្នកតំណាងរាស្ត្ររបស់ខ្លួនដែលកំពុងជាប់ឃុំ បើកឲ្យមានការបោះឆ្នោតបែបប្រជាធិបតេយ្យពិតប្រាកដ។ ប៉ុន្តែលោកថាការចរចាលើកនេះបើគ្មានភាគីទី៣ចូលរួមទេ លោកគិតថាលទ្ធផលនឹងចាញ់ប្រៀបគណបក្សប្រជាជនកម្ពុជា។

លោកថា៖ “ខ្ញុំមើលទៅអំឡុងពេលនេះបើគ្មានអ្នកសម្របសម្រួលណាមួយដែលមានឥទ្ធិពលទេ ខ្ញុំគិតថាការចរចានឹងទាញទៅរកគណបក្សប្រជាជនច្រើនជាង ប៉ុន្តែបើបក្សសង្គ្រោះជាតិអាចប្រមូលផ្តុំឬដែលយើងហៅថាអំណាចពលរដ្ឋហ្នឹង បានច្រើនជាឥទ្ធិពលខ្លាំងខ្លា ខ្ញុំគិតថាបក្សប្រជាជនកម្ពុជាអាចនឹងបន្ទន់ឥរិយាបទ ហើយធ្វើការសម្បទាននូវចំនុចមួយចំនួនដល់បក្សសង្ក្រោះជាតិបាទ”។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយមួយរូបទៀតគឺលោក ឯម សុវណ្ណារ៉ា វិភាគប្រហាក់ប្រហែលគ្នាដែរថាការដែលបក្សប្រជាជនចាប់មនុស្សដាក់ពន្ធនាគារបែបនេះ ជំរុញឲ្យសន្ទុះតវ៉ាដែលបានស្ងប់ស្ងាត់មួយរយៈធំមកនោះបន្តកក្រើកឡើងវិញ។ លោកថាកម្តៅនយោបាយពេលនេះហាក់ដូចជាជួយឃោសនាឲ្យបក្សប្រឆំាង។

ម្យាងវិញទៀតលោក ឯម សុវណ្ណារ៉ា វិភាគទៀតថាបើមានជំនួបចរចាមែនលោកគិតថាគណបក្សប្រជាជនកម្ពុជានឹងជំរុញឲ្យគណបក្សសង្គ្រោះជាតិទទួលស្គាល់ការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមដែលបក្សប្រឆាំងធ្លាប់រិះគន់ និងការទាមទារឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលគណបក្សប្រជាជនចង់បានត្រង់មាត្រាមួយដែលចែងពីខ្នាតផែនទីកម្ពុជា។

អ្នកវិភាគរូបនោះគិតថាបើគណបក្សសង្គ្រោះជាតិមិនរឹងមាំទេអាចទទួលយកលក្ខខណ្ឌនេះដោយគ្រាន់តែទទួលបានដូចជាការលើកលែងទោសសកម្មជនរបស់ខ្លួននិងលក្ខខណ្ឌខ្លះនៃសេរីភាពបញ្ចេញមតិ។ ប៉ុន្តែលោកថាមិនបានជំរុញឲ្យការអនុវត្តច្បាប់មួយមានតម្លាភាពដូចមានចែងក្នុងរដ្ឋធម្មនុញ្ញទេ។

លោកថា៖ “ប៉ុន្តែបើងាកមកតាមតែការទាមទាររបស់គណបក្សកាន់អំណាចទេ វាមានស្ថេរភាពរឹងមាំផ្នែកនយោបាយមែន ប៉ុន្តែវាបាត់បង់សេរីភាពនៃបែបប្រជាធិបតេយ្យនៅក្នុងសង្គមនៃការគោរពច្បាប់ហ្នឹងវាអត់មានតុល្យភាពរវាងព្រឹទ្ធសភានិងរដ្ឋសភាទៅលើរដ្ឋាភិបាលបានទេ ព្រោះបច្ចុប្បន្នបើយើងមើលទៅនីតិបញ្ញត្តិបត្រហ្នឹងមានឥទ្ធិពលទៅលើអង្គនីតិបញ្ញត្តិទៅហើយ”។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី ដាក់ការព្រួយបារម្ភថាស្ថិតក្នុងស្ថានការណ៍តានតឹងបែបនេះ លោកថាមេដឹកនាំទាំងពីរមិនបានគិតប្រយោជាតិជាធំ កម្ពុជានឹងអាចវិលទៅរកការបង្ហូរឈាមគ្នាដូចឆ្នាំ១៩៩៧ បើទោះបីជាពេលនេះភាគីម្ខាងគ្មានអាវុធក៏ដោយ ។

ប៉ុន្តែលោក មាស នី គិតថាបើមានការបង្ក្រាបដោយបង្ហូរឈាមមែន លោកវិភាគថាអាចនឹងមានការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ។ លោកថាអ្នកខាតបង់ពីវិធានការនេះគឺជាតិទាំងមូល។

លោកថា៖ “រឿងចុងក្រោយបើការបង្ក្រាបហ្នឹងវាមានសភាពហិង្សាខ្លាំងពេកទេ យើងនឹងអាចជួបនឹងការដាក់ទណ្ឌកម្មពីអន្តរជាតិមកដោយសារតែរដ្ឋាភិបាលប្រើកម្លាំងប្រដាប់អាវុធហ្នឹងហួសហេតុពេកក៏ជាកត្តាមួយធ្វើឲ្យប៉ះពាល់ដល់ជាតិយើងទាំងមូលគឺមិនបានចំណេញដល់អ្នកណាមួយទេគឺខាតៗសម្រាប់យើងទាំងអស់គ្នា ហើយអ្នកដែលខាតច្រើនជាងគេហ្នឹងគឺមន្ត្រីធំៗនិងអ្នកមានគ្រាគ់ៗទេ តែកាលណាស្រុកកើតសង្គ្រាមហើយរបរកស៊ីអីក៏ទៅលែងរួចដែរ បើវិនិយោគទនវិញគេអត់ចង់ចូលមកទេ”។

គណបក្សប្រឆាំងបានដាក់លិខិតទៅព្រះមហាក្សត្រសុំព្រះរាជអន្តរាគមន៍ឲ្យជួយបញ្ចុះកម្តៅនយោបាយនេះដោយបក្សប្រឆាំងអះអាងថា បើគ្មានកិច្ចអន្តរាគមន៍ទាន់ពេលទេកម្ពុជានឹងវិលទៅរករបបអតីតកាល។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ថ្លែងចំអកថាបក្សប្រឆាំងបានភូតកុហកព្រះមហាក្សត្រ។

ជាងនេះទៅទៀតបក្សប្រឆាំងបានដាក់ពាក្យបណ្តឹងដដែលទៅនេះទៅអង្គការសហប្រជាជាតិពិសេសបណ្តាប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឲ្យជួយតាមដាននឹងពិនិត្យមើលពីស្ថានការណ៍សិទ្ធិមនុស្សនិងដំណើការប្រជាធិបតេយ្យនៅកម្ពុជា។

បើតាមអ្នកវិភាគ កម្ពុជានឹងជួបវិបត្តិដ៏ធ្ងន់ធ្ងរមួយនៅពេលខាងមុខបើអ្នកនយោបាយខ្មែរនៅតែប្រើប្រាស់វប្បធម៌សន្ទនាគ្រាន់តែជាការបិទបាំងអំពើអាក្រក់របស់ខ្លួន ហើយបន្តសម្លុត គំរាម និងចាប់អ្នកទន់ខ្សោយដាក់គុកតាមទំនើងចិត្តនោះ។ ពួកគេថាវប្បធម៌សងសឹកនឹងអាចកើតមាននៅក្នុងសង្គមខ្មែរនាពេលខាងមុខដោយជៀសមិនរួច៕

ប្រភពៈ VOD