សរុបព្រឹត្តិការណ៍ចម្រូងចម្រាស់នៃការដាក់ញត្តិរបស់សង្រ្គោះជាតិថ្វាយព្រះមហាក្សត្រ

តាំងពីម៉ោងជិត៨ព្រឹកថ្ងៃចន្ទនេះ ពលរដ្ឋរាប់រយនាក់ដែលគាំទ្រគណបក្សសង្រ្គោះជាតិបានជួបជុំគ្នានៅតាមខណ្ឌនីមួយៗនៃរាជធានីភ្នំពេញ។ ពួកគេបានជួបជុំគ្នា ដើម្បីនាំយកញត្តិដែលមានស្នាមមេដៃម្ចាស់ឆ្នោតដាក់ថ្វាយព្រះមហាក្សត្រ សុំព្រះរាជអន្តរាគមន៍ដោះលែងមន្រ្តីសិទ្ធិមនុស្ស៤នាក់ មន្រ្តី គ.ជ.ប ម្នាក់ តំណាងរាស្ត្រគណបក្សប្រឆាំងចំនួន២រួប និងសកម្មជននយោបាយជាង១០នាក់ទៀត ព្រមទាំងសុំបញ្ឈប់ការតាមចាប់ខ្លួនលោក កឹម សុខា។

សរុបព្រឹត្តិការណ៍ចម្រូងចម្រាស់នៃការដាក់ញត្តិរបស់សង្រ្គោះជាតិថ្វាយព្រះមហាក្សត្រពលរដ្ឋរាប់រយនាក់ដែលគាំទ្រគណបក្សសង្រ្គោះជាតិ

មកដល់ម៉ោងប្រហែល៩ព្រឹក អ្នកគាំទ្រគណបក្សសង្រ្គោះជាតិបានមកដល់ទីស្នាក់ការកណ្តាលនៅចាក់អង្រែលើជាបណ្តើរៗ។ ប៉ុន្តែមានសេចក្តីរាយការណ៍ថានៅតាមផ្លូវមានសមត្ថកិច្ចរារាំងខ្លះៗដែរ។

ទោះជាយ៉ាងណាមិនមានឧបសគ្គអ្វីធ្ងន់ធ្ងរគួឲ្យកត់សំគាល់នោះទេ។

ពេលតំណាងគោលដៅនីមួយៗយកញត្តិមកដល់ទីស្នាក់ការគណបក្ស តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិបានចេញទទួលញ្ញតិ។ បើតាមរូបភាពពីហ្វេសប៊ុក មន្រ្តីសំខាន់ៗរបស់គណបក្សនេះបានជួបលោក កឹម សុខា ម្តងមួយក្រុមៗ ខណៈសកម្មជននិងអ្នកគាំទ្រប្រមាណពី៦០០ទៅ៧០០នាក់បានជួបជុំគ្នានៅមុខទីស្នាក់ការគណបក្សសង្រ្គោះជាតិ។

នៅម៉ោងប្រហែល១១ ព្រឹក ក្រុមតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិបានប្រកាសទៅកាន់អ្នកគាំទ្រនិងអ្នកសារព័ត៌មានថា នៅម៉ោង២រសៀលថ្ងៃនេះតំណាងរាស្ត្រត្រូវហែញត្តិដែលមានស្នាមមេដៃពលរដ្ឋជាង២០ម៉ឺននាក់ទៅថ្វាយព្រះមហាក្សត្រ។

ក្រោយពីប្រកាសដូចនេះសមត្ថកិច្ចប្រដាប់ដោយខែល ដំបង កាំភ្លើងវែង និងរណាំងដែកបានបិទផ្លូវនៅម៉ោងជិត១និង៣០នាទីនេះនៅលើផ្លូវជាតិលេខ២គឺនៅចម្ងាយប្រហែល១០០ម៉ែត្រមួយកន្លែងនិងមួយទៀតនៅចម្ងាយប្រហែល៥០ម៉ែត្រពីទីស្នាក់ការកណ្តាលរបស់គណបក្សនៅសង្កាត់ចាក់អង្រែ។ បន្ទាប់ពីមានការចរចាត្រូវគ្នា កម្លាំងសមត្ថកិច្ចបានបើកផ្លូវឲ្យរថយន្តតំណាងរាស្ត្រតែចំនួន២៣គ្រឿងហែញត្តិពីស្នាក់ការបក្សទៅកាន់ព្រះបរមរាជវាំង។ តែដោយសារអ្នកគាំទ្រគណបក្សនេះមានទាំងម៉ូតូនិងរឺុម៉កកង់បីនៅតែបន្តទៅជាមួយផងទើបធ្វើឲ្យមានការរារាំងសាជាថ្មីនៅទីតាំងដែលឃ្លាតពីគ្នាជាង៥០មែត្រ។ ក្រោយពីបានចរចារជាលើកទី២និងមានការប្រកាសប្រាប់អ្នកគាំទ្រដែលចង់ដង្ហែជាមួយឲ្យបកត្រលប់ទៅកាន់ទីស្នាក់ការបក្សវិញដោយទុកតែរថយន្តរបស់អ្នកតំណាងរាស្ត្រទាំង២៣រថយន្តតែប៉ុណ្ណោះ ទើបសមត្ថកិច្ចព្រមអនុញ្ញាតិឲ្យបន្តដំណើរទៀត។ បើទោះជាយ៉ាងនេះក៏ដោយក៏មានអ្នកគ្រាំទ្របក្សនេះមាននៅតែបន្តដំណើរតាមរថយន្តទាំង២៣គ្រឿងផងដែរ។

ប៉ុន្តែការធ្វើដំណើមិនទាន់ដល់ព្រះបរមរាជវាំងផងក៏មានមនុស្សមួយក្រុមទៀតដឹកនាំដោយឈ្មោះ ស្រី ចំរើន ដែលតែងតែដើរតវ៉ាប្រឆាំងលោក កឹម សុខា នោះពួកគេឈរចាំស្ទាក់នៅលើផ្លូវស៊ីសុវត្ថិ ម្តុំសណ្ឋាគារកាំបូឌីយ៉ាណារួចជាស្រេច។ រថយន្តរបស់ក្រុមនេះបានដាក់រាំងផ្លូវមិនឲ្យក្បួនរថយន្តតំណារាស្ត្រទៅមុខរួច ហើយពួកគេបានស្រែកទៅកាន់តំណាងរាស្ត្រគណបក្សប្រឆាំងថា ថោកទាប”។

នៅពេលនោះ អ្នកគាំទ្រគណបក្សសង្រ្គោះជាតិនិងសមត្ថកិច្ចខ្លះបាននាំគ្នារុញរថយន្តរបស់ក្រុម ស្រី ចំរើន ដែលដាក់រាំងផ្លូវនោះចេញ ដើម្បីបន្តដំណើរទៅកាន់ព្រះបរមរាជវាំង។

មន្រ្តីព្រះបរមរាជវាំងបានចេញមកទទួលញត្តិតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិដែលសុំព្រះរាជអន្តរាគមន៍ដោះលែងមន្រ្តីសិទ្ធិមនុស្ស៤នាក់ មន្រ្តី គ.ជ.ប ម្នាក់ តំណាងរាស្ត្រគណបក្សប្រឆាំងចំនួន២រួប និងសកម្មជននយោបាយជាង១០នាក់ទៀត ព្រមទាំងសុំបញ្ឈប់ការតាមចាប់ខ្លួន លោក កឹម សុខា៕

ប្រភពៈ  VOD