ប្រចណ្ឌ​ប្រពន្ធ​ខ្លាំង​ពេក ដាច់​ចិត្ត​ចងក​សម្លាប់​ខ្លួន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៨​និង​៤០​នាទី យប់​ថ្ងៃ​ទី​៣០ ខែឧសភា​នេះ ស្ថិត​ក្នុង​បុរី ប៊ុ​ន ហួរ ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​បុរស​ម្នាក់​បម្រុង​នឹង​ចងក​សម្លាប់​ខ្លួន នៅ​លើ​ដើម​ពោធិ តែ​មិន​បាន​សម្រេច ។ ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​បម្រុង​នឹង​ចងក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​ពោធិ​ឈ្មោះ ជ័យ វ៉ា​ន់​ឌី អាយុ​៤៥​ឆ្នាំ មុខរបរ​លក់​នំ​បុ័ង​សាច់ ចំណែកឯ​ប្រពន្ធ​ឈ្មោះ រស់ សុភា អាយុ​២៧​ឆ្នាំ មានកូន​២​នាក់ ប្រុស​ម្នាក់ ស្រី​ម្នាក់ ។

តាម​សម្ដី​ស្ត្រី​ជា​ភរិយា បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ បុរស​ជា​ប្តី​បាន​ផឹកស៊ី​ស្រវឹង ហើយ​រករឿង​ឈ្លោះ​ជាមួយ​គាត់​ថែម​ទៀត ជា​និច្ចកាល​នៅ​ពេល​ផឹកស៊ី​ម្ដង​ៗ តែងតែ​ស្រវឹង​ហើយ​រករឿង​ឈ្លោះ​ជាមួយ​ប្រពន្ធ ដោយ​ចោទ​ថា​ប្រពន្ធ​មាន​ប្រុស មាន​ឈ្មោល រអ៊ូរទាំ ឡូឡា​មិន​ចេះ​ចប់ មិន​ចេះ​ហើយ ។ តែបើ​តាម​សម្ដី​របស់​អ្នក​ភូមិ រស់នៅ​ជិត​នោះ​បាន​ប្រាប់​ថា ពួក​គាត់​ធ្លាប់​ឃើញ​នារី​ជា​ប្រពន្ធ និយាយ​ស្តី​ជាមួយ​ប្រុស​ផ្សេង​បែប​ស្និទ្ធស្នាល​ដែរ តែ​មិនដឹង​ស៊ីជម្រៅ​ទេ ។ ហើយ​បុរស​ជា​ប្ដី​ឃើញ​ទ​ង្វើ​ប្រពន្ធ​បែប​នេះ តែងតែ​ខឹងសម្បា និង​រករឿង​ឈ្លោះ​ជាមួយ​ប្រពន្ធ ។ ស្រាប់តែ​នៅ​ថ្ងៃ​កើតហេតុ​នេះ មិនដឹង​ជា​យ៉ាងម៉េច បុរស​ជា​ប្ដី​បាន​រត់ឡើង​ដើម​ពោធិ​ដើម្បី​ចងក តែ​ត្រូវ​អ្នក​ក្បែរ​ខាង​ឃើញ​ក៏​ជួយ​អន្តរាគមន៍​ភ្លាម​ៗ ហើយ​ប្រពន្ធ និង​កូន​ក៏​បាន​លួងលោម​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕