លួច​គេ​វា​គ្រាន់ ម្ចាស់​គេ​ទាន់​វា​ក្រែល

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា ចាប់​បាន​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង​ទ្រម​ខ្លួន​បែក​ឈាម ពោរ​មុខ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយ​គ្រឿង មិន​បាន​សម្រេច​ត្រូវ​បាន​ម្ចាស់​ឃើញ​ទាន់​ស្រែក​ឆោឡោ​។ ហេតុការណ៍​ចាប់​វាយ​ជនសង្ស័យ​លួច​ម៉ូតូ​នេះ កាលពី​ម៉ោង​២​និង​២០​នាទី​រសៀល ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៦ នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ជនសង្ស័យ​ដែល​ជួប​សំណាងអាក្រក់​ឈ្មោះ ហេង សុ​ភ័​ក្រ អាយុ​២៥​ឆ្នាំ​ស្នាក់​នៅ​មិន​ពិតប្រាកដ មានស្រុក​កំណើត​ភូមិ​ត្បូង​វត្ត ឃុំ​ត្បូង​វត្ត ស្រុក​ត្បូងឃ្មុំ ។ ចំណែក​ម្ចាស់​ម៉ូតូ​ឈ្មោះ ឆឹ​ម តុលា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​ភូមិ​ទឹកថ្លា​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

តាម​ម្ចាស់​ម៉ូតូ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​ទុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រី​ម​សង់​សេ​១២៥​ពណ៌​ខ្មៅ សេរី​២០១០ ឡើង​តែម​សេរី​២០១៥ ពាក់​ស្លាក​លេខ កំពង់ចាម 1C-8092 ដោយ​ចត​ទុក ចោល​នៅ​ចំហៀង​ផ្ទះ​ក្បែរ​កន្លែង​លក់ដូរ ស្រាប់តែ​មាន​ជនសង្ស័យ​បាន​មក​ធ្វើ​សកម្មភាព​កាច់ក លួច​ម៉ូតូ​។ នៅ​ពេល​ដែល​លួច​បាន​ជិះ​ចេញ គាត់​បានឃើញ​ទាន់​ស្រែក​ចោរ​ៗ ត្រូវ​បាន​ប្រជាពលរដ្ឋ​ជិតខាង​នាំ​គ្នា​ចាប់​បាន ហើយ​វាយ​ទ្រម​ខ្លួន ពោរ​មុខ បែក​ឈាម  រួច​ប្រគល់​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា​ដើម្បី​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​។ បន្ទាប់​ពី​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន ដែក​ចុង​ស្រួច​កែ​ច្នៃ​ចំនួន​០៣​ដើម​សម្រាប់​កាច់ក​ម៉ូតូ និង​សោ​ខ្សៀ​១ ព្រមទាំង​ម៉ូតូ​ប្រគល់​ឲ្យ​ម្ចាស់​វិញ​៕