អង្គការ​សហប្រជាជាតិ​បារម្ភ​ពី​ការ​ចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​នៅ​កម្ពុជា

មន្ត្រីគណបក្សកាន់អំណាចលើកឡើងថា ស្ថានភាពនយោបាយនៅកម្ពុជា មិនមានបញ្ហាអ្វីគួរឲ្យបារម្ភនោះទេ។ ការលើកឡើងដូចនេះ គឺជាការឆ្លើយតបទៅនឹងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-Moon) ដែលបានសម្ដែងការបារម្ភពីស្ថានភាពនយោបាយកំពុងតានតឹងរវាងបក្សកាន់អំណាច និងបក្សប្រឆាំងនៅកម្ពុជា ក្នុងពេលបច្ចុប្បន្ន។

អង្គការ​សហប្រជាជាតិ​បារម្ភ​ពី​ការ​ចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​នៅ​កម្ពុជា

អស់ពីមន្ត្រីជំនាញការពារសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលកាលពីពេលថ្មីៗនេះ បានរិះគន់ទៅលើការរំលោភសិទ្ធិមនុស្សនោះ ឥឡូវនេះប្រមុខអង្គការសហប្រជាជាតិ ក៏កំពុងបារម្ភពីស្ថានភាពនយោបាយនៅកម្ពុជា ទៀតដែរ។

បើទោះបីជាមានការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិបែបណាក្តី សម្រាប់បក្សកាន់អំណាចហាក់ពុំសូវយកចិត្តទុកដាក់ឡើយ។

តំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ស្ថានភាពនយោបាយនៅកម្ពុជា បច្ចុប្បន្ន គ្មានអ្វីដែលគួរឲ្យបារម្ភនោះទេ។ ផ្ទុយទៅវិញលោកថា រដ្ឋាភិបាលកំពុងខិតខំដើរឲ្យត្រឹមត្រូវតាមគន្លងប្រជាធិបតេយ្យ និងពង្រឹងនីតិរដ្ឋ ដែលលោកថាគោលការណ៍ទាំងអស់នេះ គឺជាស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

លោក សុខ ឥសាន ថាអ្វីដែលកំពុងកើតឡើងចំពោះមន្ត្រីការពារសិទ្ធិមនុស្ស និងមន្ត្រីបក្សប្រឆាំងបច្ចុប្បន្ន មិនមែនជាទំនាស់រវាងបក្សកាន់អំណាច និងបក្សប្រឆាំងនោះទេ តែវាជារឿងរបស់បុគ្គលដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៖ «រឿងនេះមិនមែនគណបក្ស និងគណបក្សប្រកួតប្រជែងទាស់គ្នាទេ តែជារឿងបុគ្គលឯកឧត្តម កឹម សុខា។ អ៊ីចឹងទេខ្ញុំយល់ថា ការប្រឆាំងចំណាត់ការរបស់តុលាការ ក៏ដូចជាសមត្ថកិច្ចចំពោះករណីឯកឧត្តម កឹម សុខា មិនមានការប្រទាំងប្រទើសគ្នាខ្លាំងទេ»

សារព័ត៌មានរ៉យទ័រ (Reuters) កាលពីថ្ងៃទី២៩ ឧសភា បានផ្សព្វផ្សាយដោយស្រង់សម្ដីអ្នកនាំពាក្យអង្គការសហប្រជាជាតិ ដែលលើកឡើងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន កំពុងព្រួយបារម្ភពីស្ថានភាពនយោបាយតានតឹងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ពិសេសគឺបារម្ភពីការចាប់ខ្លួន និងការប៉ុនប៉ងចាប់ខ្លួនមន្ត្រីបក្សប្រឆាំង។

ប្រមុខអង្គការសហប្រជាជាតិ ក៏ទទូចឲ្យបក្សនយោបាយទាំងពីរ វិលទៅរកការសន្ទនាប្រកបដោយប្រជាធិបតេយ្យ និងគ្មានការគំរាមកំហែង ដើម្បីធ្វើឲ្យមានស្ថិរភាពនយោបាយ និងសុខសន្តិភាពក្នុងសង្គម។

គណបក្សប្រឆាំងកាលពីថ្ងៃទី៤ ឧសភា បានផ្ញើលិខិតទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន សុំអន្តរាគមន៍ឲ្យលោក ជំរុញទៅប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កោះប្រជុំជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហានៅកម្ពុជា ពិសេសគឺបញ្ហារំលោភសិទ្ធិមនុស្ស និងការធ្វើទុក្ខបុកម្នេញរបស់បក្សកាន់អំណាចមកលើបក្សប្រឆាំង។

មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក សុន ឆ័យ ថ្លែងនៅថ្ងៃទី៣០ ឧសភា ថា ពេលនេះមន្ត្រីបក្សប្រឆាំងកំពុងធ្វើការដើម្បីជំរុញឲ្យអង្គការសហប្រជាជាតិ ជួយពីបញ្ហានេះ។

កាលពីថ្ងៃទី១២ ឧសភា មន្ត្រីជំនាញផ្នែកសិទ្ធិមនុស្សនៃឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ក៏បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការធ្វើបាបទៅលើមន្ត្រីសង្គមស៊ីវិល និងបក្សប្រឆាំង។ ពួកគេបានទទូចឲ្យស្ថាប័នពាក់ព័ន្ធ បញ្ឈប់នូវការចោទប្រកាន់ ការកោះហៅសាកសួរ និងដំណើរការតុលាការទៅលើមន្ត្រីការពារសិទ្ធិមនុស្ស។

ចំណែករដ្ឋាភិបាលសហរដ្ឋអាមេរិកវិញ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក ជេ រ៉ាម៉េន (Jay Raman) ឲ្យដឹងតាមសារអេឡិចត្រូនិក(Email) នៅថ្ងៃទី៣០ ឧសភា ថា សហរដ្ឋអាមេរិក កំពុងតាមដានយ៉ាងដិតដល់ចំពោះព្រឹត្តិការណ៍ដែលកំពុងកើតឡើងនៅរាជធានីភ្នំពេញ។ ស្ថានទូតសហរដ្ឋអាមេរិក ក៏ទទូចឲ្យបក្សទាំងពីរ បង្ហាញការអត់ធ្មត់ និងត្រូវធានាថា សិទ្ធិសេរីភាពនៃការប្រមូលផ្តុំត្រូវបានគោរព។

ស្ថានទូតសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ ឧសភា ក៏ទទូចឲ្យរដ្ឋាភិបាលបញ្ចៀសនូវការប្រើកម្លាំងសមត្ថកិច្ចមិនចាំបាច់ និងមិនសមាមាត្រលើបក្សប្រឆាំង។ ការទទូចនេះ គឺបន្ទាប់ពីសមត្ថកិច្ចប្រដាប់ដោយអាវុធគ្រប់ដៃ ស្ទាក់រថយន្តលោក កឹម សុខា និងបានសម្រុកចូលទីស្នាក់ការបក្សប្រឆាំងប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា។ សកម្មភាពរបស់សមត្ថកិច្ចពេលនោះ ត្រូវបានគេមើលឃើញថា ហាក់ដូចជាសមត្ថកិច្ចកំពុងធ្វើប្រតិបត្តិការបង្ក្រាបក្រុមភេរវកម្មនៅចំកណ្ដាលទីក្រុង៕

ប្រភពៈ RFA