អាយុ​គួរតែ​ជា​កត្តាចាំបាច់​ សម្រាប់​ការ​​សម្រេចចិត្ត​រៀប​​ការ?

ជា​យូរ​លង់កន្លង​មក​ យុវ​ជន​និង​យុវតី​កម្ពុជា​ច្រើន​ ឆាប់​យកប្តី ​ឬ​ប្រ​ព​ន្ធ ​។ ម្យ៉ាង​ជា​ក្តី​ប្រាថ្នា​របស់​ឪពុក​ម្តាយ ​និង​ម្យ៉ាងទៀត​គឺ​ដោយ​សារ​មានការ​គិត​ថា ​រៀប​ការ​នៅ​អាយុ​ក្មេង ​នឹង​អាច​ឆាប់​មានកូន​ ដែល​នឹង​អាច​ពឹងពាក់​បាន​ដល់​ពេល​ចាស់​ទៅ​ ។

វា​ជា​ការ​រំពឹងគិត​មួយ​ថា​ ឪពុក​ម្តាយ​តែងតែ​ចង់​ឱ្យ​កូន​មើលថែ​ទាំ​ដល់​ពេល ​ដែល​ពួក​គាត់​មាន​អាយុ​កាន់តែ​ចាស់​ ។ ដូច្នេះ បើសិន​ជា​​មនុស្ស​ឆាប់​រៀប​ការ​ នឹង​ឆាប់​មានកូន​​ដែល​អាច​នឹង​ពឹងពាក់​បាន ​នៅ​ពេល​ដែល​ឪពុក​ម្តាយ​ចាស់ជរា ​។

ប៉ុន្តែ​យុវជន ​និ​យុវតី​សម័យនេះ​ ប្រហែលជា​មានការ​ប្រែប្រួល​ខ្លះ​ ពី​របៀប​គិត​អំពី​ការ​រៀប​ការ​នេះ ​។ ពួក​គេ​ច្រើន​នាំ​គ្នា​គិតដល់​ការ​សប្បាយ​នា​ពេល​ប​ច្ចុប្ប​ន្ន​ ជា​ជាង​ការ​គិតដល់​អនាគតកាល​ ។ មាន​ន័យ​ថា​ យុវជន​និង​យុវតី​ មិនសូវ​ជា​ចង់​រៀប​ការ​​នៅ​អាយុ​ក្មេង​ទេ ​។

ពួក​គេ​ចង់​សប្បាយ​នៅ​យុវវ័យ​​ឱ្យ​​អស់ចិត្ត​សិន មុន​ពេល​ដែល​ពួក​គេ​សម្រេចចិត្ត​យក​ប្រ​ព​ន្ធ ឬ​ក៏​ប្តី​ ។ តាម​ពិត ​វា​ជា​និន្នាការ​នៃ​មនុស្ស​​នៅ​ក្នុង​ប្រទេស​ជឿនលឿន​។ ពួក​គេ​មិន​ផ្តោត​ខ្លាំង​ដល់​ការ​បង្កើតកូន​ ដើម្បី​អាច​តបស្នង​នឹង​មើលថែ​ទាំ​ពួក​គេ​នៅ​ពេល​ចាស់​នោះ​ឡើយ​។

និន្នាការ​​នៃ​ការ​រៀប​ការ​នៅ​អាយុ​កាន់តែ​ច្រើន​​នឹង​បន្ត​កើនឡើង ខណ​:​ដែល​ប្រទេស​ជាតិ​កាន់តែ​ជឿនលឿន ​ហើយ​មនុស្ស​ម្នា​កាន់​តែ​ចង់​មានការ​សប្បាយ​ផ្ទាល់ខ្លួន​ ។ យុវជន​និង​យុវតី​សម័យនេះ​គិត​ថា ​ការ​រៀប​ការ​ជា​ការ​ទទួលខុសត្រូវ​​ដ៏​ធំ​មួយ​ហើយ​ វា​អាច​នឹង​នាំ​ឱ្យ​​ពួក​គេ​បាត់បង់​សេរីភាព​មួយ​ផ្នែក​ ព្រមទាំង​មានការ​ទទួលខុសត្រូវ​កាន់តែ​ច្រើន ​។ ពួក​គេ​ចាត់​ទុក​ការ​រៀប​ការ​ជា​អ​ម្រែ​ក​ជីវិត​ដ៏​ធ្ងន់​មួយ ​។ មនុស្ស​កាន់តែ​មានចំណេះ​ដឹង​​នឹង​កាន់តែ​មានការ​ប្រុង​ប្រយ័​​ត្ន​នៅ​ក្នុង​ការ​រៀប​ការ​​នេះ​។

ការ​រៀប​ការ​មិន​គួរ​ត្រូវ​បាន​សម្រេច​ដោយ​ផ្អែក​ទៅ​លើ​អាយុ​នោះ​ឡើយ ​។ ការ​សម្រេចចិត្ត​រៀប​ការ​ត្រូ​វែ​ផ្អែក​​ទៅ​លើ​សមត្ថភាព​របស់​យុវជន​ និង​យុវតី​នៅ​ក្នុង​ការ​បង្កើត​គ្រួសារ​មួយ​ ។ យុវជន​និង​យុវតី​ត្រូវ​ប្រាកដ​ថា​ ពួក​គេ​មានចិត្ត​ចាស់ទុំ​គ្រប់គ្រាន់​នៅ​ក្នុង​ទទួល​យក​ភាព​ផ្ទុយ​គ្នា​​ពី​មនុស្ស​ម្នាក់​ថ្មី​ ដែល​ខ្លួន​នឹង​រៀប​ការ​ជាមួយ​ ។ ក្រៅពី​ការ​មាន​ចរិត​ចាស់​ទុំ​នោះ ភាពរឹងមាំ​ផ្នែក​សេដ្ឋកិច្ច​ក៏​មាន​សារសំខាន់​ណាស់​ដែរ​ នៅ​ក្នុង​ជីវិត​ប្តី​ប្រ​ព​ន្ធ ។

វា​ប្រហែលជា​មិន​ទាន់​ដល់​ពេល​នឹង​រៀប​ការ​ទេ បើសិនជា​មនុស្ស​ម្នាក់​មិន​អាច​រក​លុយ​បាន​ សូម្បី​តែ​ចិញ្ចឹម​ខ្លួនឯង ​។ ការ​ដែល​យុវជន ​និ​ង​យុវតី​ មាន​ភាពរឹងមាំ​ផ្នែក​សេដ្ឋកិច្ច ពួក​គេ​ក៏​អាច​រស់នៅ​ ដោយឡែក​ពី​ឪពុក​ម្តាយ​ឬ​ក្រុម​គ្រួសារ​ ។

ពេល​ដែល​ពួក​គេ​រស់នៅ​ដោយឡែក ពួក​គេ​នឹង​កាន់តែ​មាន​សុភមង្គល​ជាមួយ​គ្នា​ ដោយ​មិន​ភ័យ​ខ្លាច​អំពី​ការ​ឈ្លោះប្រកែក​គ្នា​ដោយ​សារ​ក្រុម​គ្រួសារ​ឡើយ​ ៕