ប្លន់​ទៀត​ហើយ ! ប្លន់​ដេប៉ូ​ឈើ​កក្រើក​ខេត្ត​ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ក្រុម​ចោរ​ប្រដាប់​អាវុធ​៤​នាក់ ក្នុង​នោះ​មាន​អាវុធ​វែង​១​ដើម និង​ខ្លី​៣​ដើម បាន​ធ្វើ​សកម្មភាព​ចូល​ប្លន់​ផ្ទះ​ដេប៉ូ​លក់​ឈើ​មួយ​កន្លែង​នៅ​ភូមិ​ស្រែ​ស្ពឺ ឃុំ​គង​ជ័យ ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូង​ឃុំ កាលពី​វេលា​ម៉ោង​ប្រហែល​៨​យប់ ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៦ ដោយ​ប្រមូល​យក​លុយ​ដុល្លារ​ប្រមាណ​៣​ម៉ឺន​ដុល្លារ លុយ​ខ្មែរ​៤០​លាន​រៀល និង​គ្រឿងអលង្ការ ព្រមទាំង​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន ។

ប្រភព​ពី​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ដេប៉ូ​ឈើ​រង​គ្រោះ​ឈ្មោះ ស្រ៊ី សុផល ជា​ប្តី និង​ប្រពន្ធ​ឈ្មោះ ស៊ុ​យ វាន់​នី រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ។

បើ​តាម​សំដី​កូនប្រុស​ម្ចាស់ផ្ទះ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា ក្រុម​ចោរ​មាន​គ្នា​៤​នាក់ ប្រដាប់​ដោយ​អាវុធ​វែង​១​ដើម និង​ខ្លី​៣​ដើម បាន​ចូល​មក​ធ្វើ​សកម្មភាព​ប្លន់ ដោយ​ចាប់​ម្ចាស់ផ្ទះ​ប្រុស​ៗ៤​នាក់​ចង​និង​ខ្សែលួស ចំណែក​ស្រី​ៗ២​នាក់​មិន​បាន​ចង​ទេ ហើយ​បាន​ប្រើ​កន្ត្រៃ​កាត់​យក​គ្រឿងអលង្ការ ព្រមទាំង​ប្រើ​ញញួរ​ធំ​វាយ​បំបែក​ទូរ​ដែក​រួច​ប្រមូល​យក​មាស ប្រាក់ និង​ទ្រព្យសម្បត្តិ​មាន​តម្លៃ​យក​ទាំងអស់ រួច​គេចខ្លួន​បាត់​តែ​ម្តង ។

លោក​ឧត្តមសេនីយ៍ ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត និង​លោក​វរសេនីយ៍ឯក ប្រាក់ ប៊ុ​ន​ណុ​ន ស្នងការ​រង ទទួល​បន្ទុក​ព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ឧសភា​នេះ បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ពិនិត្យ និង​ស្វែងរក​ភស្តុ​តាង​ដែល​បាន​បន្សល់​ទុក​នៅ​កន្លែង​កើតហេតុ​ដើម្បី​កំណត់​មុខសញ្ញា និង​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

សូម​បញ្ជាក់​ថា ទាំង​ប៉ូលិស និង​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ កំពុង​តែ​ដុតដៃដុតជើង កំណត់​មុខសញ្ញា ដើម្បី​ឈាន​ទៅ​ចាប់​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕