រឿង​ខ្លីៗ​ដែល​អ្នក​គួរ​ដឹង អំពី​ការ​កាត់​ស្បូន​ចោល​

រឿង​ខ្លីៗ​ដែល​អ្នក​គួរ​ដឹង អំពី​ការ​កាត់​ស្បូន​ចោល​

​ការ​កាត់​ស្បូន ត្រូវបាន​គេ​ស្គាល់​ច្រើនណាស់​។ វា​គឺជា​ការវះកាត់​មួយ​ប្រភេទ សម្រាប់​ដោះស្រាយ​ទៅលើ បញ្ហា​មួយចំនួន​របស់​ក្រពេញ​អូ​វ៉ែ ស្បូន​ខ្លួនឯង និង​បំពង់​ដៃ​ស្បូន​។ ការ​កាត់​ស្បូន​នេះ គឺជា​ការវះកាត់​ច្រើន​បំផុត​លំដាប់​ទី​ពីរ ទៅលើ​មនុស្ស​ស្រី ក្រោយ​ពី​សម្រាល​ដោយ​វះកាត់​រួច​។ ការវះកាត់​នេះ​ច្រើន​តែ​ធ្វើ​លើ​ស្ត្រី​អាយុ​ពី ៤០ ទៅ ៤៤ ឆ្នាំ ប៉ុន្តែ អ្នក​អាយុ​ក្រោម​នេះ ក៏​អាច​ធ្វើ​បាន​ដែរ អាស្រ័យ​ទៅតាម​ស្ថានភាព​ជំងឺ​។

ករណី​ណា​ខ្លះ ដែល​ត្រូវ​ការវះកាត់​ស្បូន​ចោល​អញ្ជឹង​?
ការវះកាត់​នេះ​មាន​សារៈសំខាន់​ណាស់ ដើម្បី​ដោះស្រាយ​ទៅលើ ការបង្ក​រោគ​នៅលើ​ស្បូន ដែល​យើង​មិន​អាច​គ្រប់គ្រង​បាន ជំងឺមហារីក​ដែល​មិនទាន់​រាលដាល (​បំពង់​ដៃ​ស្បូន ក្រពេញ​អូ​វ៉ែ ទ្វា​រមាស មាត់ស្បូន ឬ​ស្បូន​) ការ​ហូរឈាម​មិន​អាច​គ្រប់គ្រង​បាន និង​ផលវិបាក​ផ្សេងៗ ក្នុង​ពេល​សម្រាលកូន​ជាដើម​។ ហេតុផល​ផ្សេងៗ​ដែល​ត្រូវការ​កាត់​ស្បូន​ដែរនោះ​គឺ ស្រុត​ស្បូន មាន​ជំងឺ Endometriosis និង​ដុំ​សាច់​ក្នុង​ស្បូន​ដែរ ទោះបីជា​វា​មិន​ត្រូវបាន​ធ្វើឡើង គ្រប់​ករណី​ទាំងអស់​ក៏ដោយ​។

តើ​ស្ត្រី​កាត់​ស្បូន​ហើយ អាច​ប្រឈម​នឹង​អ្វី​ខ្លះ​ទៅ​?
មាន​ករណី​តិចតួច​ណាស់ ដែល​ការ​កាត់​ស្បូន អាច​បណ្តាលឲ្យ​ស្លាប់ គឺ​តិចជាង​មួយ​ភាគរយ​ឯណោះ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ផលវិបាក​របស់​វា អាច​នឹង​កើតមាន​តិចតួច​បំផុត ដូចជា ហូរ​ឈាម​ក្នុងពេល ឬ​ក្រោយ​ពេល​វះកាត់ មាន​ការបង្ក​រោគ និង​ខូចខាត​ដល់​សរីរាង្គ​ជាច្រើន ក្នុង​អាង​ត្រគាក​។ ការ​កាត់​ស្បូន​ចោល ក៏​អាច​បណ្តាល​ឲ្យ​ស្រុត​ទ្វារមាស​បានដែរ​។ ការ​កាត់​ស្បូន​ចោល នៅ​អាយុ​ក្រោម ៤០​ឆ្នាំ​ចុះ អាច​ប្រឈម​កាន់តែខ្លាំង នឹង​ជំងឺ​គាំងបេះដូង​។ ការប្រឈមមុខ​មួយទៀត​នោះ​គឺ មាន​បញ្ហា​ច្រើន​លើផ្លូវ​ទឹកនោម និង​កង្វះ​អ័រម៉ូន​ក្នុង​ខ្លួន​។​

តើ​មាន​អ្វី​កើតឡើង​ទៅ ក្នុង​ពេល​ជា​របួស​នោះ​?
បើសិន​ជា​អ្នកទទួលយក​ការវះកាត់ នៅពេល​មិន​ទាន់​រាំង​រដូវ ហើយ​ត្រូវ​កាត់​ក្រពេញ​អូវ៉ែ​ទៀត​នោះ រដូវ​អ្នកនឹង​លែង​មាន​ទៀត ហើយក៏​មិន​អាច​មាន​កូន​បាន​ទៀត​ដែរ​។ អ្នក​អាច​នឹង​មាន​អាការៈ ដូច​ស្ត្រី​រាំងរដូវ​អឺចឹង​។ ក្រោយ​ពី​វះកាត់​បាន​ពីរ​បី​សប្តាហ៍​រួច អ្នក​អាច​នឹង​មាន​បញ្ហា​ហូរឈាម និង​ហូរ​ទឹករំអិល​រឹមៗ ។ ក្រោយ​ពី​វះកាត់​រួច អ្នក​នឹង​មិន​ត្រូវ​បាន​ឲ្យ​ងូតទឹក​រយៈពេល ១០ ថ្ងៃ ដើម្បី​កាត់បន្ថយ​ការបង្ក​រោគ និង​ផលវិបាក​ផ្សេងៗ​។ ការធ្វើ​សកម្មភាព​រាង​កាយ​ខ្លាំងក្លា គួរតែ​ចៀសវាង​រយៈពេល ៦ សប្តាហ៍​។ ចំពោះ​ការ​រួមភេទ​វិញ គួរតែ​ចៀសវាង​រយៈពេល ៦ សប្តាហ៍​ដែរ ដើម្បី​ទុក​ពេលវេលា ឲ្យ​របួស​ជា​ទៅ​វិញ​។

តើ​វា​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​ខ្ញុំ​ដែរ​ទេ​?
នេះ​គឺជា​ជំនឿ​មិន​ត្រឹមត្រូវ​មួយ ដែល​កើតមាន​ជា​ញឹកញាប់ ក្រោយ​ពី​កាត់​ស្បូន​ចោល ដោយ​និយាយថា ស្ត្រី​ក្រោយពី​ធ្វើ​បែប​នេះ​រួច គឺ​មិន​អាច​រួម​ភេទ​បាន​ទៀត​ឡើយ​។ ខ្ញុំ​សូមបញ្ជាក់ថា ការ​ជា​សះ​របួស គឺ​ត្រូវការ​ប្រើ​ពេល​ពីរ​បី​សប្តាហ៍​សិន ទើប​អាច​ឈាន​ដល់​ការ​រួមភេទ​វិញ​បាន​។ ស្ត្រី​ខ្លះ អាច​មាន​ចំណង់​ផ្លូវភេទ​តិចតួច ឬ​អត់​តែម្តង ក្រោយ​ពី​វះកាត់​រួច​។ នៅពេល​រឿងនេះ​កើតឡើង​មែន​នោះ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​រក​ដំណោះស្រាយ​។

តើ​ខ្ញុំ​ត្រូវការ​ការព្យាបាល​ដោយ​អ័រម៉ូន​ទេ ក្រោយ​ពី​វះកាត់​រួច​?
ការព្យាបាល​ដោយ​អ័រម៉ូន អាច​ជួយ​ផ្លាស់ប្តូរ​រាងកាយ​បាន ក្រោយ​ពី​វះកាត់​រួច​។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ អំពី​គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​ការព្យាបាល​នេះ​ផង​។ ការព្យាបាល​ដោយ​អ័រម៉ូន​អឺ​ស្ត្រូ​សែន អាច​ជួយ​បំបាត់​រោគសញ្ញា នៃ​ការ​រាំងរដូវ​បាន​។ ការព្យាបាល​ដោយ​អ័រម៉ូន​លេប​តាម​មាត់ ក៏​អាច​ជួយ​បំបាត់​រោគសញ្ញា​ដែរ តែ​វា​ងាយ​នឹង​កើត​ជា​កំណក​ឈាម និង​បង្ក​ជា​ជំងឺ​បេះដូង​ដែរ​។ ដូច្នេះ ដើម្បី​សុវត្ថិភាព អ្នក​គួរតែ​ពិគ្រោះ ជាមួយ​គ្រូពេទ្យ​ជាមុនសិន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី31 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។