ប្រវត្តិខ្លីៗរបស់ក្រុមជម្រើសជាតិហុងគ្រីក្នុងដំណើរឆ្ពោះទៅ Euro ឆ្នាំ២០១៦

ក្រុមបាល់ទាត់ជម្រើសជាតិហុងគ្រី នឹងធ្វើការបង្ហាញខ្លួនក្នុងយុទ្ធនាការ Euro ជាលើកទី៣របស់ពួកគេ បើគិតចាប់តាំងពីការបង្កើតយុទ្ធនាការប្រចាំទ្វីបនេះឡើង នៅពេលដែលពួកគេធ្វើដំណើរទៅកាន់ប្រទេសបារាំង ដើម្បីចូលរួមក្នុង Euro ឆ្នាំ២០១៦ ខាងមុខនេះ។
Hungry-National-team.Euro16
លទ្ធផលដ៏គួរឲ្យកត់សម្គាល់របស់ហុងគ្រីក្នុងយុទ្ធនាការនេះ គឺការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ កាលពីឆ្នាំ១៩៦៤នៅអេស្ប៉ាញ និងការទទួលបានចំណាត់ថ្នាក់លេខ៤ កាលពីឆ្នាំ១៩៧២ នៅប្រទេសបែលហ្ស៊ិក។

យុទ្ធនាការក្នុងការប្រកួតជម្រុះរបស់ក្រុមហុងគ្រី មិនបានស្ថិតក្នុងកំណត់ត្រាដ៏គួរឲ្យចាប់អារម្មណ៍ឡើយ ដោយពួកគេបានឈ្នះកៅអីទៅជុំផ្តាច់ព្រ័ត្រតាមរយៈការប្រកួត Playoff ក្រោយពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងពូលរបស់ពួកគេ បន្ទាប់ពីក្រុមជម្រើសជាតិអៀរឡង់ខាងជើង និងរូម៉ានី។

ក្នុងការប្រកួតជម្រុះ១០លើក ពួកគេបានយកឈ្នះ៤លើក ស្មើ២លើក និងចាញ់២លើក។ ការទទួលជ័យជម្នះក្នុងការប្រកួត Playoff របស់ពួកគេលើក្រុមជម្រើសជាតិន័វែស ពិតជាផ្តល់នូវការចាប់អារម្មណ៍ ខណៈដែលហុងគ្រី បានបង្កើតភាពភ្ញាក់ផ្អើលផ្សេងៗតាមរយៈការផ្តួលក្រុមន័រវែស ក្នុងលទ្ធផលទាំងពីរជើង ៣-១។

ក្តីសង្ឃឹមរបស់ក្រុមនេះ នឹងធ្លាក់ទៅលើប្រធានក្រុម Balazs Dzsudzsak ដែលជាខ្សែបម្រើស្លាបស្តាំម្នាក់ដែលមានសម្ថភាពដ៏គួរឲ្យកត់សម្គាល់ក្នុងការរកគ្រាប់បាល់បញ្ចូលទី។ ពួកគេនឹងនៅតែមានសង្ឃឹមក្នុងការបង្កើតភាពអស្ចារ្យមួយក្នុងយុទ្ធនាការនេះ និងមានឱកាសដ៏ល្អមួយក្នុងការគេចផុតពីការធ្លាក់ចេញត្រឹមវគ្គចែកពូល ដែលក៏មានក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ អ៊ីស្លង់ និងអូទ្រីស ផងដែរ។ សម្រាប់ការ Euro ឆ្នាំ២០១៦ ក្រុមជម្រើសជាតិហុងគ្រី ស្ថិតក្នុងពូល F ហើយពួកគេនឹងត្រូវធ្វើការប្រកួតបើកឆាកក្នុងពូល ដោយប៉ះជាមួយនឹងក្រុមអូទ្រីស នៅថ្ងៃទី១៤ ខែមិថុនា នាកីឡដ្ឋាន Nouveau Stade de Bordeaux ក្នុងទីក្រុង Bordeaux៕