Payet ជួយឲ្យក្រុមម្ចាស់ផ្ទះ បារាំង ផ្តួល កាមេរូន ក្នុងការប្រកួតមិត្តភាព

ខ្សែបម្រើ Dimitri Payet របស់ក្លិប West Ham បានស៊ុតបាល់បញ្ចូលទីពីបាល់ពិន័យ Free-kick នៅនាទីចុងក្រោយដើម្បីជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិបារាំង ដែលជាក្រុមម្ចាស់ផ្ទះ Euro ឆ្នាំ២០១៦ ទទួលជ័យជម្នះក្នុងលទ្ធផល ៣-២ លើក្រុមជម្រើសជាតិកាមេរូន កាលពីថ្ងៃចន្ទ។
Payet-helps-Euro-hosts-France-past-Cameroon16
ខ្សែបម្រើប្រយុទ្ធរូបនេះ បានប្រើប្រាស់ពេលវេលានៅជិតបញ្ចប់ការប្រកួតដើម្បីស៊ុតបាល់ពិន័យ Free-kick យ៉ាងល្អផុតដៃអ្នកចាំទី Fabrice Ondoa របស់ក្រុមបាល់ទាត់ជម្រើសជាតិកាមេរូន។ ក្រុមជម្រើសជាតិបារាំង បានរកគ្រាប់បាល់បើកឆាកតាមរយៈខ្សែបម្រើ Blaise Matuidi របស់ក្លិប Paris Saint-Germain នៅមុនពេលក្រុមជ្រើសជាតិកាមេរូន បានតាមស្មើវិញភ្លាមៗ តាមរយៈខ្សែប្រយុទ្ធ Vincent Aboubakar របស់ក្លិប Porto។

ខ្សែប្រយុទ្ធ Olivier Giroud របស់ក្លិប Arsenal បានជួយឲ្យក្រុមម្ចាស់ផ្ទះមានគ្រាប់បាល់នាំមុខម្តងទៀត នៅមុនពេលបញ្ចប់តង់ទីមួយ ប៉ុន្តែ កីឡាករ Eric Choupo Moting បានរកគ្រាប់បាល់បញ្ចូលទីម្តងទៀត នៅមុនពេល Payet រកគ្រាប់បាល់ឈ្នះសម្រាប់ក្រុម។

លោក Didier Deschamps គ្រូបង្វឹកនៃក្រុមជម្រើសជាតិបារាំង បានឲ្យដឹងថា៖ «មានចំណុចជាច្រើនដែលយើងអាចធ្វើឲ្យល្អប្រសើរ ប៉ុន្តែ វាជាការប្រកួតលើកទីមួយរបស់យើង ក្រោយពីការសម្រាករយៈពេលដ៏យូរដោយគ្មានការប្រកួតសម្រាប់កីឡាករមួយចំនួន»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «វាជាការប្រកួតទីមួយដែល Adil Rami និង Laurent Koscielny បានលេងជាមួយគ្នា ក្នុងរយៈពេលយូរ ហើយយើងបានប្រកួតជាមួយនឹងក្រុមដ៏ខ្លាំងមួយ»៕
ប្រភពព័ត៌មាន៖ Channel News Asia