ច​ន ច័ន្ទ​ល​ក្ខិ​ណា ជះ​កំហឹង​លើ​យុ​ត្ថា​រ៉ា ឆា​នី និង​ភរិយា​ក្រោយ

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ពេល​នេះ​រលក​កំ​ដៅ​ស្តី​ពី​រឿងរ៉ាវ​ស្នេហា​បែកបាក់​រវាង​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា និង​លោក​យុ​ត្ថា​រ៉ា ឆា​នី ហាក់​មិន​ទាន់​ស្ងប់ស្ងាត់​នៅឡើយ​ទេ បើ​ទោះបីជា​ទាំង​សងខាង​មាន​គូ​ថ្មី​រៀងខ្លួន​ទៅ​ហើយ​ក្តី ។

ជា​ថ្មី​ម្តងទៀត អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ជះ​ពាក្យ​កំហឹង​ទៅ​លើ​អតីត​ស្វាមី​លោក​យុ​ត្ថា​រ៉ា ឆា​នី និង​ភរិយា​ក្រោយ​របស់​លោក បន្ទាប់​ពី​មានការ​មាក់ងាយ​ពី​ភរិយា​ក្រោយ​នោះ ។
ហ្វេ​ស​ប៊ុ​ក​ដាក់​ឈ្មោះ​ថា «​អូន​សួស្តី​» ដែល​ទំនងជា​ភរិយា​ក្រោយ​របស់​លោក​យុ​ត្ថា​រ៉ា ឆា​នី បាន​មាក់ងាយ​លើ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ថា «​ជា​មនុស្ស​ស្រី​ដែល​មិន​ចេះ​ធ្វើ​អ្វី​ទាំងអស់ ក្រៅ​តែ​ពី​ការ​ដើរ​ទិញ​ខោអាវ​ក្នុង​ផ្សារ សំណាង​ដែល​គាត់​(​យុ​ត្ថា​រ៉ា ឆា​នី​) បាន​រួច​កម្ម​ពៀរ​ពី​ស្រី​ដែល​គ្មាន​មារយាទ​» ។

ពាក្យ​សម្តី​នេះ​ធ្វើ​ឲ្យ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ខឹង​ខ្លាំង ហើយ​បាន​ឆ្លើយ​តប​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា មិន​ត្រឹមត្រូវ​ដូច​អ្វី​ដែល​នាង​បាន​ព្យាយាម​លះបង់​តស៊ូ​ដើម្បី​កូនស្រី​របស់​នាង​ដោយ​គ្មាន​ស្វា​មីនា​ពេល​កន្លង​មកនេះ​ឡើយ និង​បាន​ផ្តាំ​ទៅ​អតីត​ស្វាមី​នាង​លោក​យុ​ត្ថា​រ៉ា ឆា​នី ឲ្យ​ប្រដៅ​ភរិយា​ក្រោយ​របស់​លោក​ផង ។

តាម​ហ្វេ​ស​ប៊ុ​ក​តារា​សម្តែង និង​បង្ហាញ​ម៉ូ​ដ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា សរសេរ​ថា «​ស្តាយ​ចិត្ត​ដែល​ប៉ុន្មាន​ឆ្នាំ​មកនេះ​ខំ​ប្រៀនប្រដៅ និង​បញ្ចុះបញ្ចូល​ទឹកចិត្ត​កូន​ឱ្យ​គោរព និង​ស្រលាញ់​គេ​ដូច​ម្តាយ​ដែរ ព្រោះ​គេ​ជា​ប្រពន្ធ​ប៉ា ដូច្នេះ​ក៏​ជា​ម៉ាក់​កូន​ដែរ ចរិត​បែប​ហ្នឹង​តើ ! បានកូន​ខ្ញុំ​ជួប​ម្តង​ជា​២​ដង​ហើយ​លែង​ហ៊ាន​ជួប​ទៀត ។

ខ្ញុំ​ចេះ​តែ​ឆ្ងល់ ហើយ​សួរ​កូន តែ​កូន​មិន​ប្រាប់ ដឹង​តែ​និយាយ​ថា ខ្លាច​មីង បើ​កុំ​តែ​នៅ​គិត​ថា​ជា​ឪពុក​របស់​កូន​ខ្ញុំ កុំ​អី​ខ្ញុំ​មិន​ទុក​មុខ​ឱ្យ​ទេ សូម​ប្រាប់​អ្នក​ក្រោយ​លោក​ផង​កុំ​ចេះ​តែ​ហ៊ាន បើ​ខ្ញុំ​គ្មាន​មារយាទ​មិនមែន​ខ្ញុំ​ចិញ្ចឹម​កូន​ម្នាក់ឯង​យ៉ាង​ត្រដាបត្រដួស​ទេ ខ្ញុំ​សុខចិត្ត​អត់​ចាយ​ខ្លួនឯង​ដើម្បី​ទុក​លុយ​ឱ្យ​កូន​រៀន ១០០​ក៏​មិន​បាន​ជួយ​ផង ហើយ​ខ្ញុំ​ក៏​មិន​សុំ ដោយ​សុខចិត្ត​ទ្រាំទ្រ​ម្នាក់ឯង ប៉ុណ្ណឹង​ហើយ​នៅ​ហ៊ាន​ឱ្យ​នាង​មក​មើលងាយ​ខ្ញុំ​ទៀត នាង​ក៏​មានកូន​ដែរ នាង​ដឹង​ច្បាស់​ហើយ លើក​ទី​១​ហើយ​ដែល​ខ្ញុំ​និយាយ សូម​ប្រដៅ​ប្រពន្ធ​លោក​ផង​» ។

តាម​រយៈ​សារ​ដែល​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​វាយប្រហារ​តប​ទៅ​វិញ​នេះ នៅ​មិន​ទាន់​មានការ​ឆ្លើយ​តប​យ៉ាងណា​ពី​លោក​យុ​ត្ថា​រ៉ា ឆា​នី និង​ម្ចាស់​ហ្វេ​ស​ប៊ុ​ក «​អូន​សួស្តី​» នៅឡើយ​ទេ ។

ចំណងអាពាហ៍ពិពាហ៍​រវាង​លោក​យុ​ត្ថា​រ៉ា ឆា​នី និង​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​កាត់​ផ្តាច់​យូរ​មក​ហើយ ដោយ​ភាគី​ទាំង​សងខាង​បាន​ផ្តល់​សិទ្ធិ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​ស្វែងរក​ដៃគូ​ជីវិត រៀង​ៗ​ខ្លួន បើ​ទោះបីជា​កន្លង​មក​មានការ​រិះគន់​ពី​ដើមហេតុ​នាំ​ឲ្យ​មានការ​លែងលះ​គ្នា​នេះ​ចោទប្រកាន់​ទៅ​លើ​ភាគី​ទាំង​សងខាង​ដោយ​គ្មាន​ភស្តុ​តាង​ក៏​ដោយ។

ពី​មុន​គូ​អាពាហ៍ពិពាហ៍​លោក​យុ​ត្ថា​រ៉ា ឆា​នី និង​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ធ្លាប់​ត្រូវ​គេ​លើកតម្កើង​ថា ជា​គូ​ស្វាមីភរិយា​គំរូ​នៅ​ក្នុង​ចង្កោម​អ្នកសិល្បៈ តាំងពី​រៀប​អាពាហ៍ពិពាហ៍​នា​ឆ្នាំ​១៩៩៩​មក ។ ផ្ទុយ​ទៅ​វិញ​ចាប់ពី​ឆ្នាំ​២០១២​មក​លេចឮ​ថា ពួក​គេ​ទាំង​ពីរ​រង្គោះរង្គើ ហើយ​ដល់​អំឡុង​ឆ្នាំ​២០១៣ បាន​លែងលះ​គ្នា ៕